រាជធានីភ្នំពេញ ៖ ជនជាប់សង្ស័យចោរឆក់ខ្សែ.កម្នាក់ត្រូវបានកម្លាំងប៉ូលិសខណ្ឌដង្កោធ្វើការចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូឆក់ខ្សែ.កស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូតាមផ្លូវពេលយប់ មិនបានសម្រេច ហើយម៉ូតូរបស់គេបានកៀបជាប់ជាមួយម៉ូតូម្ចាស់ខ្សែ.កបណ្តាលឱ្យដួល ពេលនោះជនសង្ស័យបានរត់គេចខ្លួន ហើយក៏ត្រូវប៉ូលិសឡោមព័ទ្ធចាប់បានភ្លាមៗតែម្តង កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៥ ឧសភា ២០១១ នៅតាមផ្លូវលេខ២០០១ កែងផ្លូវលេខ២០០៨ ក្រុមទី៦ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌដង្កោ ។ ជនសង្ស័យឈ្មោះអេង វីរៈ អាយុ២៣ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ មានទីលំនៅភូមិព្រៃអែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដា C125 ស៊េរីឆ្នាំ២០០៨ ឡើងតែមឆ្នាំ២០០៩ ពាក់ស្លាកលេខ កណ្តាល 1J-6692 ពណ៌ខ្មៅ ។
ស្ត្រីម្ចាស់ខ្សែ.កឈ្មោះសំ សយ អាយុ៥៩ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ហើយខ្សែ.កដែលជនសង្ស័យឆក់នោះ ប្លាទីនទម្ងន់៣ជី ឆក់មិនបានសម្រេចនោះទេ ដោយឆក់ដាច់ហើយ យកអត់បាន ប៉ុន្តែបន្តោងខ្សែ.កនោះបានដាច់ជ្រុះបាត់រកមិនឃើញឡើយ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខាងលើ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកឆាលី ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1T-9797 ធ្វើដំណើរចេញពីផ្ទះទៅរកទិញទឹកបរិសុទ្ធ និងថ្នាំពេទ្យនៅផ្សារស៊ីនជូរីផ្លាហ្សា ក្នុងទិសដៅពីកើតទៅលិចតែម្នាក់ឯង ។ លុះពេលទៅដល់ពាក់កណ្តាលផ្លូវបានប្រទះឃើញជនសង្ស័យកំពុងឈរនៅតាមផ្លូវ ហើយពេលជនរងគ្រោះជិះហួសបន្តិច ជននោះក៏បានជិះម៉ូតូដេញតាមពីក្រោយ ។ ពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ជនសង្ស័យក៏ជិះម៉ូតូដេញតាមពីក្រោយនិងធ្វើសកម្មភាពឆក់ខ្សែ.កតែម្តង ។
ប្រភពដដែលបានបន្តទៀតថា ខណៈនោះខ្សែ.កបានដាច់ហើយ ប៉ុន្តែជនសង្ស័យយកអត់បាននោះទេ ហើយបន្តោងខ្សែ.កនោះបានដាច់ជ្រុះបាត់រកមិនឃើញឡើយ ចំណែកម៉ូតូរបស់ជនសង្ស័យ និងជនរងគ្រោះរេចង្កូតកៀបជាប់គ្នា ដួលនៅនឹងកន្លែងទៅមុខលែងរួច ។ ពេលនោះជនសង្ស័យបានរត់គេចខ្លួនចូលទៅក្នុងផ្ទះថតរូបយីហោស្ទឹងសែន នៅជិតផ្សារស៊ិនជូរីផ្លាហ្សា រួចហើយឡើងទៅលើដំបូលរត់ផ្លោះលើដំបូលផ្ទះល្វែង ផ្សេងទៀតពីមួយទៅមួយ បន្ទាប់មកទើបលោតផ្លោះចូលទៅក្នុងបរិវេណសាលាញូវតុនធីឡាយដែលនៅជិតនោះ ហើយក៏ត្រូវប៉ូលិសខណ្ឌដង្កោឡោមព័ទ្ធចាប់បានភ្លាមៗតែម្តង៕
ចែករំលែកព័តមាននេះ