ខេត្តព្រៃវែង ៖ ជួបជាមួយភ្នាក់ងារកោះសន្តិភាព លោកអ៊ូ ជរ ប្រធានសហគមន៍ឃុំបាបោង បានសម្តែងនូវក្តីរំភើបសប្បាយរីករាយ ហើយលោកបានមានប្រសាសន៍ថា លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត ចំពោះរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខ តាមរយៈលោកប្រធានក្រុមប្រឹក្សាស្រុកពាមរក៍ លោកប្រធានរដ្ឋបាលសង្កាត់ជលផល ជាពិសេសលោកណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម ព្រោះសព្វថ្ងៃប្រទេសកម្ពុជា មានប្រជាជនប្រមាណ៨៥% ជាកសិករ ។
លោកអ៊ូ ជរ បានបន្តថា សព្វថ្ងៃសហគមន៍លោកមានការរីកចម្រើនគ្រប់វិស័យ ពិសេសគឺវិស័យកសិកម្មនេះតែម្តង ។ ជាក់ស្តែង កាលពីថ្ងៃទី៤ ឧសភា លោកអ៊ុច គីមហេង ប្រធានក្រុមប្រឹក្សាស្រុកពាមរក៍ បានដឹកនាំក្រុមការងារជាច្រើនរូបរួមមានលោកចៅ នន់ មេឃុំបាបោង លោកស៊ឹម ជា ជំទប់លេខ២ លោកសឿ វិចិត្រ នាយរងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត លោកហម តេង ក្រុមប្រឹក្សាឃុំ លោកនៃ ធឿន នាយសង្កាត់រដ្ឋបាលជលផលទួលតាកែវ លោកម៉ូ សេត មេភូមិបាបោង ចុះត្រួតពិនិត្យការស្តារព្រែកមួយកន្លែងនៅក្នុងមូលដ្ឋានរបស់ខ្លួន ។
លោកចៅ នន់ មេឃុំបាបោង បានឱ្យដឹងថា ការស្តារព្រែកនេះមានសារសំខាន់ណាស់សម្រាប់ឃុំរបស់លោកនោះ គឺដើម្បីបម្រើផលប្រយោជន៍ក៏ដូចជាសេចក្តីត្រូវការជាចាំបាច់របស់ប្រជាកសិករនៅមូលដ្ឋានក្នុងការធ្វើស្រែ ចម្ការ។ លោកបន្តថា ហេតុដូចនេះ ក្នុងនាមលោកជាមេឃុំតំណាងឱ្យប្រជាពលរដ្ឋឃុំបាបោង សូមសម្តែងនូវក្តីរំភើបរីករាយដឹងគុណជានិច្ចចំពោះសម្តេចតេជោដែលបានខិតខំគ្រប់បែបយ៉ាងដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពសមរម្យ ។ ក្នុងនោះដែរ លោកចៅ នន់ បានឱ្យដឹងថា ការស្តារព្រែកនេះធ្វើឡើងជារៀងរាល់ឆ្នាំ គឺ១ឆ្នាំស្តារម្តង ។ ក្នុងឆ្នាំ២០១១នេះ ព្រែកដែលបានស្តារហើយជាស្ថាពរមានប្រវែងសរុប៩៨០ម៉ែត្រ ទទឹង៤ម៉ែត្រ ជម្រៅ១ម៉ែត្រ បាតក្រោម២ម៉ែត្រ ។ ការស្តារព្រែកនេះមានសារសំខាន់៣យ៉ាងគឺទី១-រក្សាបាននូវពូជត្រីក៏ដូចជាផលត្រី ទី២-ជួយសម្រួលដល់វិស័យកសិកម្ម និងទី៣-ជួយសម្រួលដល់វិស័យគមនាគមន៍ ។ ចំណែកប្រជាពលរដ្ឋក៏បានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែងផងដែរ ដែលមានព្រែកមានទឹកធ្វើស្រែ ៕
ចែករំលែកព័តមាននេះ