បេសកកម្មស្វែងរកកុមារ៤នាក់ដែលបាត់ខ្លួននៅព្រៃអាម៉ាហ្សូនបានបិទបញ្ចប់ទៅហើយ។ នៅឡើយតែសត្វសត្វសុនខដែលបានជួយឱ្យក្រុមអ្នកជួយសង្គ្រោះអាចរកឃើញកុមារទាំងនោះ បែរជាបាត់ទៅវិញ។ ដូចនេះ គេត្រូវតែបន្តស្វែងរកសុនខ១ក្បាលនេះទៀត។ សុនខនេះតម្លៃរបស់វាមិនមែនថោកប៉ុន្មានទេ។ វាជាសុនខដែលហ្វឹកហ្វឺនជាកងកុម្ម៉ង់ដូពិសេស។ បើនរណាចាប់វាយកទៅស៊ី ពិតជាគួរឱ្យស្ដាយ។ ឬមិនអីចឹងទេ, បើវាក្លាយជាសត្វសុនខព្រៃក៏ជាការគួរឱ្យសោកស្ដាយផងដែរ។

បន្ទាប់ពីចំណាយពេលជាង១ខែដើរទន្ទ្រានពេញព្រៃ ទម្រាំរកឃើញកុមារទាំង៤នាក់, ក្រុមអ្នកជួយសង្គ្រោះមិនទាន់បញ្ចប់បេសកកម្មនៅឡើយទេ។ ទាហានជាង៧០នាក់ត្រូវបន្តស្ថិតនៅក្នុងព្រៃអាម៉ាហ្សូនដើម្បីស្វែងរកសត្វសុនខឈ្មោះវីលសុន (Wilson) អាយុ៦ឆ្នាំ។ សុនខនេះស្រាប់តែបាត់ដំណឹងភ្លាម១រំពេច, មុនពេលក្រុមអ្នកជួយសង្គ្រោះរកឃើញកុមារទាំង៤។

នៅក្នុងចំណោមទាហានទាំងនោះក៏មានលោកគ្រីសស្ទាន ដេវីដ ឡារ៉ា(Christian David Lara)ជាអ្នកមើលថែទាំវីលសុនតាំងពីនៅតូចៗ។ គាត់កំពុងតែស្រងូតស្រងាត់ចិត្តណាស់។ ទាល់តែរកឃើញសុនខនេះវិញ ទើបគាត់ស្ងប់ចិត្ត។ រឿងបាត់សុនខនេះលេចឮដល់ប្រធានាធិបតីកូឡុំប៊ី។ លោកថ្លែងថាយើងត្រូវតែរកវីលសុនឱ្យឃើញ និងនាំយកវាត្រឡប់មកមាតុភូមិវិញ។
ប្រធានាធិបតីកូឡុំប៊ី លោកប៉េត្រូ (Petro)តាមពិត, បេសកកម្មលើកនេះចូលរួមដោយសុនខជាច្រើនក្បាល។ ប៉ុន្តែវីលសុនមានស្នាដៃឆ្នើមជាងគេ។ គឺវានេះហើយជាអ្នករកឃើញតម្រុយមុនគេ។ ឧទាហរណ៍ វារកឃើញដបទឹកដែលកុមារបោះចោលនៅក្នុងព្រៃ ចម្ងាយ៤គីឡូម៉ែត្រពីកន្លែងធ្លាក់យន្តហោះ។ តម្រុយនេះជាសញ្ញាបង្ហាញថាកុមារទាំង៤នៅរស់រានមានជីវិត។ ដូច្នេះ ពួកគេត្រូវតែពន្លឿនការស្វែងរក។
សុនខឈ្មោះវីលសុន រកឃើញតម្រុយខ្លះដូចជាកន្ត្រៃ, ដបទឹកកូនង៉ែត និងផ្លែឈើដែលកុមារញ៉ាំសល់ជាច្រើនសប្ដាហ៍កន្លងផុតទៅ, ក្រុមអ្នកជួយសង្គ្រោះដែលមានគ្នាសរុបជិត២រយនាក់ ជាទាហាន និងអ្នកដើរព្រៃដែលស្គាល់ទីតាំងភូមិសាស្ត្រព្រៃអាម៉ាហ្សូនបានច្បាស់ បានដើររាតត្បាតពេញព្រៃ។ ពួកគេដើរចូលទៅក្នុងព្រៃកាន់តែជ្រៅទៅៗ និងរកឃើញតម្រុយជាបន្តបន្ទាប់ដូចជាផ្លែឈើដែលញ៉ាំសល់, កន្ទបកូនង៉ែត, ទីជម្រកបណ្ដោះអាសន្ន និងដានជើងរបស់មនុស្ស។

កន្លងផុតទៅ២សប្ដាហ៍, ពួកគេត្រូវឆ្លងកាត់ស្ថានភាពភូមិសាស្ត្រស្មុគស្មាញ គួបផ្សំនឹងអាកាសធាតុផ្លាស់ប្ដូរឥតទៀងទាត់។ ពេលនោះហើយដែលវីលសុនបាត់ម្ចាស់ការលើខ្លួនឯង និងដើរវង្វេងនៅក្នុងព្រៃ។ ក្រុមអ្នកជួយសង្គ្រោះសន្និដ្ឋានថាវីលសុនជាអ្នករកឃើញកុមារទាំង៤មុនគេបង្អស់ ព្រោះវាបន្សល់ទុកដានជើងតាំងពីមុនពេលក្រុមអ្នកជួយសង្គ្រោះទៅដល់ទីនោះ។

បន្ទាប់ពីស្នាក់នៅក្បែរកុមារទាំង៤បាន១ភ្លែត, វីលសុនប្រហែលជាបន្តដំណើរទៅមុខទៀត ហើយបាត់ដំណឹងជារៀងរហូត។ វីលសុនធ្លាប់តស៊ូកម្សត់កម្រជាមួយគ្នា និងធ្លាប់ហែលឆ្លងស្ថានភាពលំបាកនៅក្នុងព្រៃ។ គួរឱ្យស្ដាយ, គេមិនបានភ្ជាប់ជីភីអែស (GPS) នៅនឹងខ្លួនរបស់វាទេ។ គេធ្វើបែបនេះដើម្បីកុំឱ្យពួកសត្រូវដឹងទីតាំងរបស់វានៅពេលបើកប្រតិបត្តិការសម្ងាត់។

វីលសុនទំនងជារត់ទៅស្ទាក់ដំណើរកុមារទាំង៤ ដើម្បីឱ្យពួកគេទច់ដំណើរត្រឹមហ្នឹងសិន និងដើម្បីជាការឱ្យតម្រុយទៅពួកគេថាក្រុមអ្នកជួយសង្គ្រោះជិតមកដល់ហើយ។ កុមារទាំង៤មិនដឹងថាសត្វសុនខដែលពួកគេបានជួបនោះឈ្មោះអ្វីទេ។ កុមារម្នាក់ប្រាប់ថាសុនខនោះមានសម្បុរត្នោត ដូចពណ៌របស់វីលសុន។ វាគ្រាន់តែស្ថិតនៅក្បែរពួកគេបាន១ភ្លែតប៉ុណ្ណោះ។

គេរកឃើញតម្រុយខ្លះៗដែលបង្ហាញថាវីលសុនពិតជាបានរកឃើញកុមារទាំង៤មុនគេបង្អស់។ ឧទារណ៍ គេរកឃើញដានជើងរបស់វានៅក្បែរដានជើងរបស់កុមារទាំង៤។ ទាហានកូឡុំប៊ីដាក់ចេញប្រតិបត្តិការពិសេសដើម្បីស្វែងរកវីលសុន។ ពួកគេនឹងបន្តប្រតិបត្តិការនេះដូចភ្លៀងរលឹមរហូតដល់រកឃើញវីលសុន និងនាំយកវាត្រឡប់ទៅមាតុភូមិវិញដោយសុវត្ថិភាព។ ដំណឹងបាត់សុនខលើកនេះល្បីពេញពិភពលោក។ សូម្បីតែប្រព័ន្ធផ្សព្វផ្សាយធំៗដូចជាស៊ីអឹនអឹន, រ៉យទ័រ, អាល់ចាស៊ីរ៉ា ជាដើម បានចុះផ្សាយយ៉ាងគគ្រឹកគគ្រេង៕
ប្រភព៖ Channel News Asia, Al Jazeera
https://www.channelnewsasia.com/world/rescue-dog-wilson-missing-amazon-children-lost-3558311
https://www.aljazeera.com/news/2023/6/14/successful-search-for-colombian-children-now-turns-to-missing-dog#:~:text=Wilson%2C%20a%20missing%20Belgian%20Shepherd,of%20an%20Amazon%20rescue%20mission.&text=After%20four%20missing%20Indigenous%20children,of%20the%20rescue%20dog%20Wilson
អត្ថបទដែលទាក់ទងដទៃទៀត
អព្ភូតហេតុចម្លែកនៅព្រៃអាម៉ាហ្សូន៖ ធ្លាក់យន្តហោះស្លា.ប់មនុស្សចាស់អស់រលីង, នៅរស់កុមារ៤នាក់
រកឃើញកុមារ៤នាក់ដើរផ្សងព្រេងនៅព្រៃអាម៉ាហ្សូន៤០ថ្ងៃ ក្រោយហេតុការណ៍ធ្លា.ក់យន្តហោះ









ចែករំលែកព័តមាននេះ