ប្រទេសកូឡុំប៊ី៖ កុមារជនជាតិភាគតិច៤នាក់ (ក្នុងនោះម្នាក់ទើបតែមានអាយុ១១ខែ) ត្រូវគេប្រទះឃើញនៅរស់រានមានជីវិតក្រោយហេតុការណ៍ធ្លាក់យន្តហោះរយៈពេល១៧ថ្ងៃ។ ក្រុមអ្នកជួយសង្គ្រោះប្រទះឃើញពួកគេនៅក្នុងព្រៃអាម៉ាហ្សូន នៃប្រទេសកូឡុំប៊ី។ ប្រធានាធិបតីកូឡុំប៊ី លោកគូស្តាវ៉ូ ប៉េត្រូ (Gustavo Petro) ចាត់ទុកថានេះជាដំណឹងដ៏គួរឱ្យរីករាយបំផុត។
លោកបានចែករំលែកដំណឹងនេះនៅលើបណ្ដាញទ្វីតថឺ និងសរសេររៀបរាប់ថាពួកទាហានបានខិតខំយ៉ាងដុតដៃដុតជើង ដើម្បីស្វែងរកពួកគេគ្រប់ទិសទី។ នៅទីបំផុត, ពួកគេប្រទះឃើញកុមារទាំង៤នៅរស់។ គេបានប្រើប្រាស់ទាហានជាង១រយនាក់ និងសុនខសម្រាប់ហិតក្លិនជាច្រើនក្បាលដើម្បីតាមរកកុមារទាំងនេះ។ កាលពីថ្ងៃទី១ ខែឧសភា, ពួកគេធ្វើដំណើរនៅលើយន្តហោះខ្នាតតូចម៉ាកសេស្នា ស៊ី ២០៦ (Cessna C206)រួមជាមួយមនុស្សពេញវ័យ៣នាក់ទៀត។
ពេលធ្វើដំណើរសុខៗ, ស្រាប់តែជួបនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះ បណ្ដាលឱ្យមនុស្សពេញវ័យទាំងនោះស្លាប់អស់រលីង។ ប៉ុន្តែកុមារទាំង៤នាក់អាចរួចផុតពីសេចក្ដីស្លាប់យ៉ាងគួរឱ្យចម្លែក។ ក្នុងនោះ, ម្នាក់អាយុ១១ខែ, ម្នាក់អាយុ៤ឆ្នាំ, ម្នាក់អាយុ៩ឆ្នាំ និងម្នាក់អាយុ១៣ឆ្នាំ។ អាជ្ញាធរជឿជាក់ថាបន្ទាប់ពីសាច់ញាតិរបស់ពួកគេស្លាប់នៅក្នុងហេតុការណ៍នោះ, កុមារទាំង៤ចាប់ផ្ដើមមានអារម្មណ៍តែលតោលនៅកណ្ដាលព្រៃ។ ដូច្នេះ ពួកគេគិតតែធ្វើដំណើរទៅមុខដោយគ្មានទិសដៅពិតប្រាកដ។
កាលពីព្រឹកមិញ ទាហានកូឡុំប៊ីចាប់ផ្ដើមពន្លឿនការស្វែងរក បន្ទាប់ពីពួកគេប្រទះឃើញកូនខ្ទមតូចមួយដែលសាងសង់ឡើងមានលក្ខណៈរខេករខាក។ មានន័យថាសាង់សង់ឡើងឱ្យតែបានបាន ដោយប្រើប្រាស់កូនមែកឈើ។ ឃើញដូចនេះ , ក្រុមអ្នកជួយសង្គ្រោះជឿជាក់ថាមនុស្សដែលជិះនៅក្នុងយន្តហោះនោះមិនទាន់ស្លាប់អស់ទេ។ ប្រាកដជាមានអ្នកនៅរស់។
ទាហានកូឡុំប៊ីបានបញ្ចេញរូបថតប៉ុន្មានសន្លឹកដែលបង្ហាញរូបកន្ត្រៃ និងប្រដាប់ចងសក់ដែលកុមារទាំងនោះបានប្លុងចោលនៅលើស្លឹកឈើដែលក្រាលនៅលើដី។ គេប្រទះឃើញដបទឹកសម្រាប់កូនង៉ែត និងផ្លែឈើសល់ដែលពួកគេញ៉ាំរួចហើយ។ កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ, ទាហានកូឡុំប៊ីប្រទះឃើញសពអ្នកបើកយន្តហោះ និងមនុស្សពេញវ័យ២នាក់ទៀត។ ពួកគេធ្វើដំណើរតាមយន្តហោះខ្នាតតូចចេញពីតំបន់ព្រៃដាច់ស្រយាល ឆ្ពោះទៅទីក្រុងមួយដែលស្ថិតនៅក្នុងព្រៃអាម៉ាហ្សូន។
នៅក្នុងចំណោមជនរងគ្រោះទាំងនោះ, ម្នាក់ជាម្ដាយរបស់កុមារទាំង៤ ដែលជាជនជាតិភាគតិចអម្បូរវីតូតូ (Witoto)។ នៅក្នុងការបំពេញបេសកកម្មលើកនេះ, ក្រុមអ្នកជួយសង្គ្រោះជួបប្រទះនឹងឧបសគ្គជាច្រើនដូចជាដើមឈើធំៗដុះយ៉ាងទ្រុបទ្រុល។ ដើមឈើខ្លះកម្ពស់៤០ម៉ែត្រ។ ក្រៅពីនេះ មានសត្វព្រៃកាចៗ និងមានភ្លៀងធ្លាក់ខ្លាំង។ អាជ្ញាធរប្រើប្រាស់ឧទ្ធម្ភាគចក្របីគ្រឿង។ ១គ្រឿងប្រើសម្រាប់បំពងសំឡេងរបស់ម្ដាយកុមារទាំង៤ដែលផ្ដាំកូនឱ្យឈប់ដើរចូលទៅក្នុងព្រៃតទៅទៀត។
អាជ្ញាធរមិនទាន់រកឃើញមូលហេតុនៃការធ្លាក់យន្តហោះនេះទេ។ ប៉ុន្តែមុនពេលកើតហេតុ, គេស្ដាប់ឮសំឡេងអ្នកបើកបរយន្តហោះនិយាយថាម៉ាស៊ីនយន្តហោះមានបញ្ហា។ មិនយូរប៉ុន្មាន, យន្តហោះក៏ដាច់ការទាក់ទងជាមួយនឹងប្រព័ន្ធរ៉ាដា។
មូលហេតុដែលជនរងគ្រោះប្រើប្រាស់យន្តហោះធ្វើជាមធ្យោបាយធ្វើដំណើរ ព្រោះទីនេះជាតំបន់ដាច់ស្រយាលខ្លាំង មានតែព្រៃក្រាស់ឃ្មឹក, គ្មានឡាន និងគ្មានផ្លូវគោកសម្រាប់ធ្វើដំណើរទេ។ ការធ្វើដំណើរតាមទូកឆ្លងកាត់ដងទន្លេក៏អាចធ្វើបានដែរ។ ប៉ុន្តែវាមានដែនកំណត់របស់វា។ ម៉្លោះហើយ ជម្រើសដែលសមស្របសម្រាប់ពួកគេគឺប្រើប្រាស់យន្តហោះខ្នាតតូច។
ពួកគេរស់នៅដោយសុខដុមរមនានឹងគ្នានៅតាមតំបន់ព្រៃដាច់ស្រយាល និងចិញ្ចឹមជីវិតដោយការបាញ់សត្វ, ការនេសាទ និងការបេះផ្លែឈើព្រៃ។ គេយល់ថាជំនាញរស់នៅក្នុងព្រៃនេះហើយដែលជួយឱ្យកុមារទាំង៤ចេះសម្របខ្លួន និងចេះវិធីចិញ្ចឹមជីវិតនៅក្នុងស្ថានភាពពិបាក (surviving skills)។ ចំនួនជនជាតិភាគតិចទាំងនេះថយចុះជាងមុនដោយសារការកេងប្រវ័ញ្ចផលប្រយោជន៍របស់ពួកគេ, ដោយសារជំងឺតម្កាត់ និងដោយសារការពិបាកប្រាស្រ័យទាក់ទងជាមួយមនុស្សដទៃ៕
ប្រភព៖ South China Moring Post, Al Jazeera
https://www.scmp.com/news/world/americas/article/3220961/four-children-including-baby-found-alive-amazon-jungle-17-days-after-plane-crash
https://www.aljazeera.com/news/2023/5/18/four-children-reported-found-in-amazon-17-days-after-plane-crash
ចែករំលែកព័តមាននេះ