ឱកាសល្អមកដល់ហើយសម្រាប់អ្នកលេងទីកតុក។ ជាពិសេស, តារាទីកតុកដែលមានអ្នកគាំទ្រ ឬអ្នកចុចតាមដានច្រើនៗ (influencer) អាចនឹងកើបលុយមិនស្ទើរទេនាពេលអនាគត។ ថ្មីៗនេះ ក្រុមហ៊ុនទីកតុកបង្ហើបឱ្យដឹងច្បាស់ៗថាខ្លួនត្រៀមវិនិយោគលុយរាប់ពាន់លានដុល្លារនៅតំបន់អាស៊ីអាគ្នេយ៍នារយៈពេលពីរបីឆ្នាំខាងមុខនេះ។

គម្រោងវិនិយោគនេះធ្វើឡើងចំពេលដែលទីកតុកកំពុងព្យាយាមពង្រីកសេវារបស់ខ្លួនឱ្យបានទ្វេដង ស្របពេលដែលតំបន់ដទៃទៀតដូចជាសហភាពអឺរ៉ុប និងអាមេរិកខាងជើង (អាមេរិក & កាណាដាជាពិសេស) កំពុងដាក់កំហិតយ៉ាងខ្លាំងទៅលើការប្រើប្រាស់សេវារបស់ទីកតុកដោយសារហេតុផលសន្តិសុខជាតិ។

អាស៊ីអាគ្នេយ៍មានប្រជាជន៦៣០លាននាក់ និងមានមនុស្សពាក់កណ្ដាលជាយុវជនអាយុក្រោម៣០ឆ្នាំ។ តំបន់នេះជាទីផ្សារដ៏មានសក្ដានុពលរបស់ទីកតុកជាមួយនឹងចំនួនអ្នកប្រើប្រាស់ច្រើនបំផុត។ ក្នុង១ខែៗ, ទីកតុកមានអ្នកប្រើប្រាស់ជាង៣២៥លាននាក់។ ដូច្នេះ ទីកតុកអាចនឹងមានលទ្ធភាពកើបលុយមិនតិចទេ បើចេះកែច្នៃកាលានុវត្តភាពទៅជាឱកាស។

ដើម្បីកុំឱ្យគូប្រជែងដទៃទៀតវ៉ាងទីតែម្នាក់ឯង, ទីកតុកត្រូវចាប់យកឱកាសដែលខ្លួនមានអ្នកប្រើប្រាស់រាប់រយលាននាក់ទៅជាការរកស៊ីតាមអនឡាញ ឬអ៊ីខំមើស (e-commerce)។ ដូច្នេះ ទីកតុកត្រៀមរត់ប្រណាំងជាមួយគូប្រកួតប្រជែងធំៗដូចជា៖ សបភីរបស់ក្រុមហ៊ុនស៊ី (Sea Shopee), ឡាហ្សាដារបស់អាលីបាបា និងតូកូភីឌារបស់ក្រុមហ៊ុនហ្គោធូ (GoTo’s Tokopedia)។

នាយកប្រតិបត្តិក្រុមហ៊ុនទីកតុក លោកចូវស៊ីឈូ (Zhou Zi Chew) ថ្លែងថា «យើងត្រៀមវិនិយោគលុយរាប់ពាន់លានដុល្លារនៅឥណ្ឌូណេស៊ី និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍»។ ក្រុមហ៊ុនមិនទាន់និយាយលម្អិតអំពីគម្រោងរបស់ខ្លួននៅឡើយទេ។ ក្រុមហ៊ុនគ្រាន់តែបង្ហើបឱ្យដឹងថាខ្លួនគ្រោងចំណាយទៅលើការហ្វឹកហ្វឺន, ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភគាំទ្រអ្នកលក់ផលិតផលដែលចាប់ដៃគូសហការដើម្បីរកស៊ីហ៊ុនគ្នាជាមួយទីកតុកលើវិស័យអាជីវកម្មអនឡាញ (e-commerce)។
លោកចូវស៊ីឈូ (Zhou Zi Chew) នាយកប្រតិបត្តិក្រុមហ៊ុនទីកតុកលោកស៊ូស៊ីចូវថ្លែងថាគេនឹងធ្វើពិពិធកម្មមាតិកា ឬខ្លឹមសារផ្សព្វផ្សាយ (content) របស់ទីកតុកឱ្យកាន់តែមានច្រើនទម្រង់ (diversified) នៅពេលមានអ្នកប្រើប្រាស់កាន់តែច្រើនឡើងៗនាពេលអនាគត។ ទីកតុកក៏អភិវឌ្ឍខ្លួនឯងលើសពីការផ្សព្វផ្សាយពាណិជ្ជកម្មធម្មតាទៅជាការធ្វើអាជីវកម្មទ្រង់ទ្រាយធំតាមអនឡាញ (e-commerce)។ ដូចនេះ អតិថិជនអាចកុម្ម៉ង់ទិញទំនិញតាមតំណភ្ជាប់ (link) នៅលើអេបរបស់ទីកតុកនៅពេលអ្នកប្រើប្រាស់ទីកតុកផ្សាយផ្ទាល់ (livestream)។
តារាទីកតុកឥណ្ឌូណេស៊ីនៅអាស៊ីអាគ្នេយ៍កាលពីមុន, ទីកតុកមានបុគ្គលិកតែ១រយនាក់ប៉ុណ្ណោះ។ បច្ចុប្បន្នកើនឡើងដល់៨ពាន់នាក់ និងមានអ្នកប្រើប្រាស់៣២៥លាននាក់។ គ្រាន់តែប្រទេសឥណ្ឌូណេស៊ី១មានអ្នកប្រើប្រាស់១២៥លាននាក់ និងមានអ្នកឡាយលក់ផលិតផល២លាននាក់។ ប្រទេសនេះជាទីតាំងឈរជើងធំបំផុតរបស់ទីកតុកនៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមលោកចូវស៊ីឈូ។ នៅអាមេរិកខាងជើង អូស្ត្រាលី និងសហភាពអឺរ៉ុប, ទីកតុកចាប់ផ្ដើមទទួលរងសម្ពាធដោយសារការរឹតត្បិតពីរដ្ឋាភិបាល។
តារាទីកតុកឥណ្ឌូណេស៊ីផ្ទុយទៅវិញ, នៅអាស៊ីអាគ្នេយ៍ទីកតុកអាចប្រើប្រាស់ដោយសេរី។ លើកលែងតែប្រទេសខ្លះដែលចង់ឱ្យទីកតុកកែសម្រួលគោលការណ៍ខ្លះៗ។ ឧទាហរណ៍ ឥណ្ឌូណេស៊ីចង់ទប់ស្កាត់ខ្លឹមសារផ្សព្វផ្សាយអាសអាភាស (pornography), ប្រាសចាកសីលធម៌ និងប៉ះពាល់ជំនឿសាសនា។ នៅវៀតណាម, អាជ្ញាធរចង់ពិនិត្យមើលខ្លឹមសារផ្សព្វផ្សាយខ្លះរបស់ទីកតុកដែលអាចធ្វើឱ្យយុវជនមានអារម្មណ៍ភ្លើតភ្លើន ឬធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អផូរផងរបស់ប្រទេសជាតិ៕
ប្រភព៖ Reuters និងប្រភពដទៃទៀត
https://edition.cnn.com/2023/06/15/tech/tiktok-southeast-asia-billion-dollar-investment-intl-hnk/index.html
https://www.scmp.com/news/asia/southeast-asia/article/3224197/tiktok-spend-billions-southeast-asia-e-commerce-move-pays?module=perpetual_scroll_0&pgtype=article&campaign=3224197
ចែករំលែកព័តមាននេះ