រាជធានីភ្នំពេញ ៖ នៅទីបំផុត លោកស្រី ទិត ដាលីន ចៅក្រមស៊ើសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីអនិកជនខ្មែរម្នាក់ ដែលរស់នៅប្រទេសញ៉ូវហ្សេឡែន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.ឆបោ.ក ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ។

ដោយបានឃើញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ២៣៨៣ អ.យ.ទ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបើកការស៊ើបសួរលើជនត្រូវចោទឈ្មោះ ហេង ស៊ូសាន ភេទស្រី អាយុ២៦ឆ្នាំ ជាជនជាតិខ្មែរ សញ្ជាតិញ៉ូវហ្សេឡែន មុខរបរបុគ្គលិកក្រុមហ៊ុនលក់ថ្មម៉ាប (ទីក្រុងម៉ែលប៊ុន ប្រទេសអូស្ត្រាលី) ដូច្នោះទើបចៅក្រមស៊ើបសួរសម្រេច ដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.ឆបោ.ក ក្លែងបន្លំ និងបទ.ប្រើប្រាស់លិខិតក្លែង ដែលបទល្មើសមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៦២៦ មាត្រា៦២៧ និងមាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំខ្លួនស្ត្រីអាណិកជនឡើងតុលាការពាក់ព័ន្ធការចោទប្រកាន់ពីបទ.ឆបោ.ក និងប្រើប្រាស់ឯកសារក្លែង។ ហើយជនសង្ស័យបានរងនូវចោទប្រកាន់ថា បានទទួលយកប្រាក់ចំនួន ៦៤ ៤៦៤ ដុល្លារអាមេរិក ដើម្បីរត់ការនាំកូនដើមបណ្តឹងចេញទៅរៀននៅប្រទេសអូស្ត្រាលី តែមិនបានសម្រេច ហើយក៏ស៊ីដាច់ប្រាក់នោះតែម្តង។

សំណុំរឿងខាងលើនេះ បានស្ថិតនៅលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ហើយការសាកសួរនោះត្រូវបានបញ្ចប់នៅរសៀលថ្ងៃទី១២ ខែមិថុនា នេះហើយ ប៉ុន្តែដោយសារផុតម៉ោងការងាររដ្ឋបាល តំណាងអយ្យការបានផ្ញើជនសង្ស័យទៅសមត្ថកិច្ចវិញ ដោយតម្រូវឲ្យនាំទៅបន្តនីតិវិធីនៅព្រឹកថ្ងៃស្អែកនេះទៀត។
គួររំលឹកថា ៖ នាំខ្លួនស្ត្រីអាណិកជនខ្មែរម្នាក់ទៅតុលាការ ក្រោយប្រើល្បិ.ចស៊ីដាច់លុយជាង៦ម៉ឺនដុល្លារ។ ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕
ចែករំលែកព័តមាននេះ