រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីអាណិកជនខ្មែរម្នាក់រស់នៅប្រទេសញ៉ូវហ្សេឡែន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំខ្លួនឡើងតុលាការ ពាក់ព័ន្ធការចោទប្រកាន់ពីបទ.ឆបោ.ក និងប្រើប្រាស់ឯកសារក្លែង។

សេចក្តីរាយការណ៍បន្តថា ស្ត្រីខាងលើរូបនេះមានឈ្មោះ ហេង ស៊ូសាន អាយុ២៦ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន RHF STORE លក់ថ្មម៉ាប មានស្រុកកំណើតនៅខេត្តកំពង់ចាម និងមានទីលំនៅសព្វថ្ងៃរស់នៅប្រទេសញ៉ូវហ្សេឡែន។ ហើយជនសង្ស័យរូបនេះរងនូវការចោទប្រកាន់ថា បានទទួលយកប្រាក់ចំនួន ៦៤ ៤៦៤ ដុល្លារអាមេរិក ដើម្បីរត់ការនាំកូនដើមបណ្តឹងចេញទៅរៀននៅប្រទេសអូស្ត្រាលី តែមិនបានសម្រេច ហើយក៏ស៊ីដាច់ប្រាក់នោះតែម្តង។

សំណុំរឿងខាងលើនេះ បានស្ថិតនៅលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ដែលការសាកសួរនោះត្រូវបានបញ្ចប់នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះហើយ ប៉ុន្តែដោយផុតម៉ោងការងាររដ្ឋបាល តំណាងអយ្យការបានផ្ញើជនសង្ស័យទៅសមត្ថកិច្ចវិញ រួចតម្រូវឲ្យនាំខ្លួនទៅបន្តនីតិវិធីនៅព្រឹកថ្ងៃស្អែកនេះទៀត។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅពេលក្រោយបន្តទៀត៕


ចែករំលែកព័តមាននេះ