ឧកញ៉ានៅកម្ពុជានៅពេលនេះចាប់ផ្តើមមានសមាគម និងមានរចនាសម្ព័ន្ធត្រឹមត្រូវហើយ ដូច្នេះយើងសង្ឃឹមថា សមាគមឧកញ៉ាដែលទើបតែចាប់កំណើតឡើងថ្មីៗនេះនឹងអាចចូលរួមជាមួយនឹងរាជរដ្ឋាភិបាល និងអាជ្ញាធរ ដើម្បីធ្វើអោយសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន ហើយផលសេដ្ឋកិច្ចបានទៅដល់ប្រជាជនទូទាំងប្រទេស ។

ទន្ទឹមនោះ យើងក៏សង្ឃឹមថា សមាគមន៍ឧកញ៉ានេះជួយថែរក្សាកេរ្តិ៍ឈ្មោះល្អសម្រាប់ឧកញ៉ាទាំងអស់ ហើយជួយទប់ស្កាត់ និងដោះស្រាយបញ្ហាអសកម្ម នានានៅក្នុងសង្គម ជាពិសេសក្រុមឧកញ៉ាដែលប្រើប្រាស់ងារ ដើម្បីអំណាចនៅក្នុងមុខជំនួញ និងកេងប្រវ័ញ្ចពលរដ្ឋស្លូតត្រង់ ។ សមាគមឧកញ៉ាកម្ពុជាត្រូវបានបង្កើត និងប្រកាសជាផ្លូវការ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពេលដែលសមាគមនេះត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ ២០២២ ។
ពាក្យថា ឧកញ៉ានេះតាំងពីដើមមក ជាគោរមងារដែលត្រាស់បង្គាប់តែងតាំងដោយព្រះមហាក្សត្រ ដើម្បីតែងតាំងទៅមន្ត្រីដែលមានស្នាដៃធំធេងសម្រាប់ជាតិ ប៉ុន្តែសម័យក្រោយមកពោល គឺតាំងពីឆ្នាំ១៩៩៤ មកដល់ឆ្នាំ២០១៩ នៅក្នុងសង្គមយើងឃើញមានការតែងតាំងទាំងមន្ត្រីស៊ីវិល កងកម្លាំង និងសប្បរសជននានាដែលបានកសាងសមិទ្ធិផលជាច្រើនជូនដល់សង្គម និងពលរដ្ឋតែក៏មានបុគ្គលមួយចំនួនបានប្រឹងប្រែងបានគោរមងារនេះ ដើម្បីតែឥទ្ធិពល និងកិត្យានុភាពនៅក្នុងសង្គមនៅក្នុងហេតុផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួក ។

នៅក្នុងចំណោមឧកញ៉ាទាំងនោះមួយចំនួនបានប្រើប្រាស់ងារដែលជាមហាកិត្តិយស និងពោរពេញដោយសេចក្តីថ្លៃថ្នូរនេះមិនមែនប្រពឹត្តអំពើកុសលនោះទេ គឺប្រើប្រាស់ ដើម្បីអំណាច និងផលប្រយោជន៍ ។ ពួកគេខ្លះហាក់កំពុងតែយកងារនេះ ដើម្បីបង្ហាញអំពីអំណាច និងយសសក្តិ ដើម្បីតែភាពជោគជ័យនៃជំនួញ ហើយកេងប្រវ័ញ្ច ឬបោកប្រាស់ប្រជាពលរដ្ឋស្លូតត្រង់ ។ ពួកគេហាក់ប្រើប្រាស់ងារនេះ គឺដើម្បីតែកិត្យានុភាព និងការប្រកួតប្រជែងឥទ្ធិពលនៅក្នុងសង្គម ។
សម័យបច្ចុប្បន្ននេះពោល គឺចាប់ពីខែកញ្ញា ឆ្នាំ២០១៩ អ្នកដែលមានងារជាឧកញ៉ា គឺមានតែក្រុមអ្នកមានប៉ុណ្ណោះដែលមានសិទ្ធិពីព្រោះរាជរដ្ឋាភិបាលបានចេញបម្រាមមួយដោយហាមមិនអោយមន្ត្រីរាជការ និងកងកម្លាំងមានងារជាឧកញ៉ា ហើយមកបម្រើការងារជាមន្ត្រីមួយទៀតបានទេ ។ រាជរដ្ឋាភិបាលនៅពេលនោះបានដាក់ជម្រើសឲ្យពួកគេជ្រើសរើសរវាងគោរពងារ និងមុខនាទីនៅក្នុងជួរកម្លាំង និងការងារ ។ មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានឧកញ៉ាប្រមាណ១៣០០នាក់ ។

នៅក្នុងជំនួបកាលពីល្ងាចថ្ងៃសៅរ៍មុននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ការបង្កើតសមាគមឧកញ៉ាកម្ពុជា និងការតែងតាំងគោរមងារឧកញ៉ាពុំមែនជាការចងក្រងខ្សែបណ្តាញបក្សពួក និងការផ្តល់ជូនបុព្វសិទ្ធិពិសេសសម្រាប់បុគ្គល ឬក្រុមណាមួយ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ពោល គឺទាំងសមាគមនេះ និងបណ្តាឧកញ៉ាទាំងអស់ត្រូវតែគោរពប្រតិបត្តិតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានានៃព្រះរាជាណាចក្រកម្ពុជាជាធរមាន ដើម្បីធានាបញ្ចៀសឱ្យបាននូវបាតុភាពអសកម្ម និងរូបភាពឆ្គាំឆ្គងដោយប្រការណាមួយដែលបង្កនូវភាពថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ ។
សរុបមកវិញ រាល់បុគ្គលដែលទទួលគោរមងារជាឧកញ៉ាទាំងអស់ សូមលើកកម្ពស់សកម្មភាពដែលពោរពេញដោយគុណធម៌ មនុស្សធម៌ និងសប្បុរសធម៌ ដើម្បីបង្ហាញអំពីវប្បធម៌នៃការជួយគ្នា និងវប្បធម៌នៃការចែករំលែក ។ យើងក៏សង្ឃឹមផងដែរថា ឧកញ៉ាទាំងអស់នឹងចូលរួមបន្តរក្សាកិត្តិសព្ទកិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូរដ៏ឧត្តុង្គឧត្តមរបស់ខ្លួនក្នុងគោរមងារនេះស័ក្តិសមនឹងសេចក្តីទុកចិត្តពីព្រះមហាក្សត្រដែលព្រះអង្គត្រាស់បង្គាប់ និងផ្តល់គោរមងារជាជូន ។

យើងក៏សង្ឃឹមផងដែរថា អស់លោក/លោកស្រី ដែលទទួលគោរពងារនេះនឹងបន្តប្រកៀកស្មាជាមួយរាជរដ្ឋាភិបាលក្នុងការត្រួសត្រាយ និងកាច់ចង្កូតនាវាកម្ពុជាឈានឆ្ពោះទៅរកភាពរុងរឿង ដោយចូលរួមឱ្យបានយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិយើងតាមសកម្មភាពផ្សេងៗ ពិសេសក្នុងបេសកកម្មកាត់បន្ថយភាពក្រីក្រ និងជួយយកអាសាប្រជាពលរដ្ឋទីទ័លលំបាក ។
នៅពេលឧកញ៉ាកាន់តែជួយដល់អ្នកក្រ ពួកគេក៏កាន់តែទទួលបានការគោរព ពីប្រជាជនក្រីក្រក៏ដូចជាប្រជាជនទាំងអស់ ហើយការរកស៊ីរបស់ពួកគេកាន់តែមានបាន ចំណែកសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ