ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃ​ភ្លៀង កម្មករ​រត់​ទៅ​ជ្រក​ក្នុង​ឃ្លាំង បែរ​ជួប​រឿង​អកុសល​ផ្តាច់ជីវិត​គាត់​ម្នាក់​ៗ​ភ្លាម​ៗ

10 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រុម​គ្រួសារ​យំទួញសោក​អាឡោះអាល័យ​ស្តាយស្រណោះ​កូនប្រុស​ជាទី​ស្រលាញ់​​ដែល​ទៅ​ធ្វើការ​នៅ​កំពង់​ផែ​ដែក​មេគង្គ ក៏​ត្រូវ​បាន​ដែក​ធ្លាក់​សង្កត់​លើ​បណ្ដាល​ឲ្យ​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដែល​កើតហេតុ កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៧ មិថុនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុង​ផែ​ដែក​មេគង្គ(​អតីត​រោងចក្រ​ក្តារបន្ទះ​)…

ខេត្តកណ្តាល ៖ ក្រុម​គ្រួសារ​យំទួញសោក​អាឡោះអាល័យ​ស្តាយស្រណោះ​កូនប្រុស​ជាទី​ស្រលាញ់​​ដែល​ទៅ​ធ្វើការ​នៅ​កំពង់​ផែ​ដែក​មេគង្គ ក៏​ត្រូវ​បាន​ដែក​ធ្លាក់​សង្កត់​លើ​បណ្ដាល​ឲ្យ​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដែល​កើតហេតុ កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៧ មិថុនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុង​ផែ​ដែក​មេគង្គ(​អតីត​រោងចក្រ​ក្តារបន្ទះ​) ក្នុងភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​មានឈ្មោះ សង បូ​រ៉ា​មី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ ជា​កម្មករ​នៅ​កំពង់​ផែ​ដែក​មេគង្គ​ខាងលើ «​នៅ​លីវ​» មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ប្រភព​និយាយ​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​និង​កម្មករ​២​នាក់​ទៀត កំពុង​ជីកដី​នៅ​ខាង​ក្រៅ​របង​ក្រុមហ៊ុន ។ លុះដល់​ពេល​មេឃ​ភ្លៀង​ ជន​រង​គ្រោះ​បាន​រត់​ចូល​មក​ក្នុង​ឃ្លាំង​ស្តុក​ដែក​​ ជ្រក​ភ្លៀង រីឯ​កម្មករ​២​នាក់​ទៀត​ដែល​ជីកដី​ជាមួយ​គ្នា​ក៏​ចូល​មក​ជ្រក​ភ្លៀង​ក្នុង​ឃ្លាំង​នោះ​ដែរ ប៉ុន្តែ​អង្គុយ​នៅ​កៀនជញ្ជាំង​ម្ខាង ។

ខណ​:​នោះ គេ​ឃើញ​ជន​រង​គ្រោះ​ងើប​ដើរទៅ​ទាញ​ក្តារ​នៅ​ជិត​កាប៊ី​ន​ភ្លើង​បំណង​យក​មក​ទ្រាប់​គូទ​អង្គុយ តែ​មិន​ទាន់​បាន​អង្គុយ​ផង ក៏​ត្រូវ​ដែក​មួយ​ដុំ​ធំ​ទម្ងន់​ប្រហែល​រាប់​តោន​ធ្លាក់​ពីលើ​សង្កត់​ជន​រង​គ្រោះ​ចំ​ស្មា​ខាងឆ្វេង​សង្កត់​ផ្ទប់​ជាប់​ទៅ​នឹង​ស៊ីម៉ង់ត៍​តែ​ម្តង​។ ឃើញ​ដូច្នេះ កម្មករ​២​នាក់​បានរ​ត់ទៅ​ហៅ​មេការ​យក​គ្រឿងចក្រ​មក​ស្ទូច​យក​ដែក​ចេញ ដើម្បី​បំណង​ជួយ​សង្គ្រោះ​យក​ទៅ​មន្ទីរ​ពេទ្យ តែ​ជា​អកុសល​ជរង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​បាត់​ទៅ​ហើយ ក៏​រាយការណ៍​ជូន​ទៅ​សមត្ថកិច្ច​នគរបាល​អោយមក​ធ្វើការ​ពិនិត្យ ។

ជុំវិញ​ករណី​នេះ លោក​វរសេនីយ៍ វែង កុសល អធិការរង​នគរបាល​ទទួល​ផែន​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​អោយ​ដឹង​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៣ នេះ​ថា ជន​រង​គ្រោះ​និង​កម្មករ​២​នាក់​ទៀត ជីក​កាប់​ដី​នៅ​ខាងក្រៅ ដល់​ពេល​មេឃ​ភ្លៀង គាត់​រត់​ចូល​មក​រុញ​ទ្វារ​ឃ្លាំង​ស្តុក​ដែក​របស់​ផែ​ដែល​គេ​បិទ​ចោល​ចូល​មក​ជ្រក​ភ្លៀង ចៃដន្យ​ក៏​ត្រូវ​ដែក​ធ្លាក់​សង្កត់​លើ​ស្លាប់​តែ​ម្តង​ទៅ ។

ក្រោយ​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​កំពង់​ផែ​មេគង្គ​។ ចំពោះ​ឈ្មោះ​ថៅកែ​សមត្ថកិច្ច​
ថា មិន​ស្គាល់​ទេ តែបើ​តាម​ប្រភព​ព័ត៌មាន​និយាយ​ថា ដី​កំពង់​ផែ​មេគង្គ​នេះ ជា​របស់​យាយ​ភូ ។ ចំណែក​ខាង​រដ្ឋបាល​កំពង់​ផែ​មេគង្គ​វិញ​បាន​ប្រាប់​អោយ​ដឹង​ដែរ​ថា ជន​រង​គ្រោះ​និង​កម្មករ​២​នាក់ ដែល​កាប់​ដី​នៅ​ខាងក្រៅ​នោះ ពិតជា​កម្មករ​របស់​កំពង់​ផែ​មេគង្គ​ពិតប្រាកដ​មែន ប៉ុន្តែ​នៅ​ថ្ងៃ​នោះ ពួក​គាត់​៣​នាក់​ធ្វើការ​ជីកដី​នៅ​ខាងក្រៅ​ទេ តែ​ដល់​ពេល​មេឃ​ភ្លៀង​គាត់​ក៏​រត់​ទៅ​រុញ​ទ្វារ​ឃ្លាំង​ស្តុក​ដែក ដែល​បិទ​ទុក​ចោល​មិន​មាន​បុគ្គលិក​ធ្វើការ​នោះ​ទេ តែ​ចៃដន្យ​ក៏​ត្រូវ​ដែក​ធ្លាក់​សង្កត់​ស្លាប់​
ទៅ ។

ទោះជា​យ៉ាងណា ខាង​ក្រុមហ៊ុន​មិន​ព្រងើយកន្តើយ​នោះ​ទេ ជំ​ហ៊ាន​ទី​១​ក្រុមហ៊ុន​នឹង​ជួយ​ចូលរួម​រំលែក​ទុក្ខ​នូវ​ថវិកា​ចំនួន​២០០០$(​ពីរ​ពាន់​ដុល្លារ​)​អោយទៅ​ក្រិ​ម​គ្រួសារ​សព និង​រាល់​ការ​ចំណាយ​ធ្វើ​បុណ្យសព​គឺ​ខាង​ក្រុមហ៊ុន​ចេញ​អោយ​ទាំងអស់ ។ ហើយ​ខាង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​បាន​វាយតម្លៃ​ទៅ​តម្រូវ​អោយ​ខាង​ក្រុមហ៊ុន​បង់លុយ​ជូន​ទៅ​គ្រួសារ​ជន​រង​គ្រោះ​ប៉ុន្មាន គឺ​ខាង​ក្រុមហ៊ុន​នឹង​ប្រគល់​ជូន​ទៅ​តាម​ហ្នឹង ព្រោះ​ជន​រង​គ្រោះ​គាត់​មាន ។ អ្នកគ្រប់គ្រង​រដ្ឋបាល​បាន​បញ្ជាក់​អះអាង​ថា កំពង់​ផែ​នេះ​មិនមែន​ជា​របស់​យាយ​លឹ​ម​នោះ​ទេ សូមកុំ​យកឈ្មោះ​គេ​មក​ប៉ះពាល់ ។

សូម​បញ្ជាក់​ថា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងស្រុក​កៀនស្វាយ​នេះ មាន​កំពង់​ផែ​ឯកជន​នាំ​ទំនិញ​តាម​ផ្លូវទឹក​ពី​ប្រទេស​វៀតណាម យក​មក​ស្តុក​ទុកជា​ច្រើន​កន្លែង ប៉ុន្តែ​មើលទៅ​សង្ស័យ​ហាក់​បីដូចជា​គ្មាន​មន្ត្រី​គយ ឬ​មន្ត្រី​ជំនាញ​ស្ថាប័ន​ផ្សេង​ទៀត​នៅ​ប្រចាំការ ដើម្បី​ធ្វើការ​ត្រូ​ត​ពិនិត្យ​រាល់​ទំនិញ​ចូល​ពី​ប្រទេស​ជិតខាង​នោះ​ឡើយ ដែល​ជា​ហេតុ​អោយ​បាត់បង់​ចំណូល​ថវិកាជាតិ​ធ្ងន់ធ្ងរ តែ​វា​មាន​ប្រយោជន៍​ឯកជន ។

ព័ត៌មាន​បន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ