ខេត្តតាកែវ ៖ កាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ មានករណីជនញៀនថ្នាំដល់កម្រិតម្នាក់ បានធ្វើឲ្យខូចខាតដោយចេតនាដុតផ្ទះម្តាយចិញ្ចឹមឆេះហ្មត់ ព្រោះតែមានជម្លោះក្នុងគ្រួសារ ហេតុការណ៍នេះកើតឡើងនៅភូមិសំរោង ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ។ ជនបង្កឈ្មោះ ជ័យ ចិន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំខាងលើនេះ ។

តាមសេចក្តីរាយការណ៍ឲ្យដឹងថា នៅវេលាម៉ោងខាងលើ ជនសង្ស័យបានធ្វើសកម្មភាពដុតផ្ទះក្បឿង១ខ្នង មានទំហំ៦គុណនិង៨ម៉ែត្រ សាងសង់អំពីឈើ ជញ្ជាំងក្តារ រៀបបេតុងខាងក្រោម ជាផ្ទះរបស់ឈ្មោះ ជ័យ ធូ ភេទស្រី អាយុ ៦៣ឆ្នាំ ត្រូវជាម្តាយចិញ្ចឹមជនបង្ក ដែលត្រូវឆេះខូចខាតទាំងស្រុង ។

ចំពោះសម្ភារខូចខាតរួមមាន ទូឈើចំនួន២ .គ្រែឈើ១ .ពូក១.ប្រាក់ចំនួន ២០០ដុល្លាអាមេរិក.លុយខ្មែរចំនួន ២២០០០០ រៀល.ប្លង់ដីចំនួន២ សន្លឹក.សៀវភៅគ្រួសារ១ក្បាល.សៀវភៅស្នាក់នៅ១ ក្បាល.អត្តសញ្ញាណប័ណ្ណចំនួន៣ សន្លឹក និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។មូលហេតុជនសង្ស័យប្រើប្រាស់គ្រឿងញៀន និងមានជម្លោះជា មួយក្រុមគ្រួសារ ទើបបង្កឲ្យមានករណីខាងលើនេះកើតឡើង ។

ទោះជាយ៉ាងណាក្តី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលា ដំបូង នៅថ្ងៃខែឆ្នាំដដែលនោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី បានធ្វើការឃាត់ខ្លួនជនសង្ស័យផងដែរ ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ។
ចែករំលែកព័តមាននេះ