រាជធានីភ្នំពេញ ៖ នៅពេលប្រព័ន្ធធនាគារមានការរីកចម្រើនខ្លាំង ដោយសារបច្ចេកវិទ្យា វាពិតជាបានជួយសម្រួលដល់ការទូរទាត់ប្រាក់របស់ពលរដ្ឋយ៉ាងច្រើន។ គេទិញអ្វី ចាយលើអ្វីមិនបាច់កាន់ក្រដាសប្រាក់នោះទេ ។ គេគ្រាន់តែចុចទូរស័ព្ទប៉ុណ្ណោះ ការទូទាត់លុយ ឬការបញ្ជូនលុយបានហើយជាការស្រេច ។ ប៉ុន្តែការទូទាត់នៅលើតែទូរស័ព្ទដៃនេះក៏មានបញ្ហាប្រឈមជាច្រើនដែលតម្រូវឱ្យពលរដ្ឋគួរប្រុប្រយ័ត្នជាប់ជានិច្ច ។

ការប្រឈមនឹងការបាត់ប្រាក់នៅពេលបច្ចេកវិទ្យារីកចម្រើននេះ យ៉ាងតិចមានករណីបួនប្រាំដែលគួរប្រុងប្រយ័ត្ន ។ ករណីទី១ គឺមានក្រុមចោរលួចចូលទៅគ្រប់គ្រងគណនីធនាគាររបស់យើងដោយផ្ទាល់ ។ ទី២ ក្រុមជនឆបាកប្រើល្បិចឱ្យយើងចាយប្រាក់នៅក្នុងទូរស័ព្ទដៃរបស់យើងតាមរូបភាពជាច្រើន ។ ទី ៣ បញ្ហាប្រឈមមួយទៀត គឺម្ចាស់គណនីខ្លួនឯងផ្ទាល់វេរលុយទៅគណនីផ្សេងខុសលេខគណនី ។
បញ្ហាពិសេសមួយទៀត ទី៤ ដែលងាយស្រួលឱ្យអស់លុយពីកុងដែរនោះ គឺការចាយវា.យដែលគ្មានគម្រោងច្បាស់លាស់ ។ នៅពេលទឹកប្រាក់នៅក្នុងទូរស័ព្ទងាយស្រួលចាយវា.យដោយមិនបានកាន់ក្រដាសប្រាក់ មនុស្សមួយចំនួនធំបានភ្លេចខ្លួននៅក្នុងការចាយវា.យ ។ ចេះតែទិញ ទិញនេះ១០ដុល្លារ ទិញនោះ១០០ដុល្លារ ភ្លេចខ្លួនអស់លុយ១០០០ដុល្លារពីកុង ឬគណនី ដោយមិនដឹងខ្លួន។

ក្រៅពីប្រការខាងលើ ក៏មានប្រព័ន្ធធនាគារខ្លះនៅមិនទាន់មានសុវត្ថិភាព ១០០%ក្នុងការការពារសុវត្ថិភាពប្រាក់ដល់អតិថិជនដែរ ។ ប្រព័ន្ធធនាគារមិនទាន់មានសុវត្ថិភាព គឺបានធ្វើការកាត់ប្រាក់ចេញពីគណនីអតិថិជនខុស ឬនៅសុខៗចូលទៅកុងអ្នកដទៃតែម្តង ។ លុះត្រាតែមានអតិថិជនតវ៉ាទើបគេអាចដោះស្រាយសងប្រាក់មកវិញ ហើយបានត្រឹមបញ្ជាក់ថា កក្តានោះ បណ្តាលមកពីការរអាក់រអួលប្រព័ន្ធបច្ចេកវិទ្យាទៅវិញ ។

នៅពេលថ្មីៗនេះ សមាគមធនាគារនៅកម្ពុជា អំពាវនាវឱ្យពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ជុំវិញករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអ៊ិនធើណេត ពិសេសសារកន្លែងបន្លំតាមប្រព័ន្ធកម្មវិធីទូរស័ទ្ទស្មាតហ្វូន ។ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានសមាគមធនាគារកត់សម្គាល់ឃើញថា កំពុងរីករាលដាលយ៉ាងខ្លាំងដែលទាមទារឱ្យពលរដ្ឋត្រូវធានាឱ្យបាននូវព័ត៌មានផ្ទាល់ខ្លួន ដោយមិនត្រូវផ្តល់ព័ត៌មានណាមួយដែលអាចបង្កហានិភ័យមកលើសុវត្ថិភាពរបស់ខ្លួនទៅកាន់ប្រភពមិនច្បាស់លាស់ ។

នៅក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី០៥ ខែមិថុនា សមាគមធនាគារនៅកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នរូបភាពឆបោកតាមប្រព័ន្ធអនឡាញតាមសារSMS និងការផ្ញើតំណភ្ជាប់(លីង)តាមប្រព័ន្ធទូរសព្ទកំពុងកើតមានឡើងយ៉ាងហូរហែរ ហើយបញ្ហានេះវាមានភាពស្មុគស្មាញដែលតម្រូវឱ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយខ្លួនឯង ។
សមាគមធនាគារ ក៏ស្នើឱ្យពលរដ្ឋមិនត្រូវចុច ឬបំពេញព័ត៌មានផ្ទាល់ខ្លួនដូចជា លេខទូរស័ព្ទ លេខគណនីធនាគារ លេខកូដសម្ងាត់ លេខPIN តាមរយៈតំណភ្ជាប់ដែលគ្មានប្រភពច្បាស់លាស់ ឬតាមរយៈការផ្ញើបែបអនាមិក ។ ខណៈសមាគមអះអាងថា ប្រសិនបើពលរដ្ឋបំពេញព័ត៌មានទាំងនេះចង់ មិនចង់ ជនបន្លំអាចចូលទៅគ្រប់គ្រងកម្មវិធីទូរស័ព្ទ ឬប្រតិបត្តិការធនាគារតាមអ៊ីនធើណិតរបស់អ្នកប្រើប្រាស់បានយ៉ាងងាយស្រួល ថ្វីត្បិតស្វាម៉ីខ្លួនមានវិធានការសន្តិសុខតឹងរ៉ឹងយ៉ាងណាក្តី ។

ដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហានេះមានតែពលរដ្ឋខ្លួនឯងប្រុងប្រយ័ត្នឱ្យបានខ្ពស់នោះទេ ទើបអាចការពារទឹកប្រាក់របស់ខ្លួនបាន ។ នៅក្នុងការទប់ស្កាត់ការឆបោក អ្នកប្រើប្រាស់ទូរស័ព្ទមិនត្រូវរក្សាទុកទិន្នន័យ ឬព័ត៌មានផ្ទាល់ខ្លួនណាមួយក្នុងកម្មវិធី ដែលមានសុវត្ថិភាពខ្សោយនោះទេ ។ បង្កើនការសិក្សាស្វែងយល់ពីបច្ចេកវិទ្យា ។ ស្តាប់ និងព្យាយាមទទួលព័ត៌មានពីស្ថាប័នជំនាញដើម្បីដឹងពីល្បិចរបស់ជនឆបោក ។
ជាងនេះទៅទៀត នៅពេលធ្វើប្រតិបត្តិការចាយវា.យ ឬមុនចុចវេរប្រាក់ទៅណាម្តងៗ គួរមានការពិនិត្យឱ្យបានហ្មត់ចត់ និងចូរចាំថា ការចាយតាមអនឡាញ នៅពេលយើងចុចខុសតែមួយលេខប្រាក់របស់យើងនឹងចូលទៅអ្នកផ្សេងពីគោលដៅហើយ ដើម្បីបានប្រាក់នោះត្រឡប់មកវិញមានការលំបាកណាស់ ។ ខាតទាំងប្រាក់ និងពេលវេលា ជួនកាលត្រូវបង់សេវាឱ្យធនាគារឱ្យអាជ្ញាធរមានសមត្ថកិច្ចទៀតទើបអាចទទួលប្រាក់ដែលបានវេរខុសនោះមកវិញបាន ៕ ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ