ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ ៖ អ្នក​អត់​លុយ​មួយ​រៀល ដើម្បី​ធ្វើការ​ឃោសនា​កម្មវិធី​នយោបាយ​របស់​អ្នក​មែន​ទេ? ទោះបីជា​យ៉ាងនេះ​ក្តី​ក៏​អ្នក​អាច​ឃោសនា​ដល់​អ្នកបោះឆ្នោត​បាន​ដែរ​តាម​រយៈ​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ដូច​ជា ហ្វេ​ស​ប៊ុ​ក ដើម្បី​ទាក់ទាញ​ចិត្ត​អ្នកបោះឆ្នោត ។ បណ្តាញ​សង្គម​ក្លាយជា​ឧបករណ៍​ឃោសនា​ចំណាយ​តិច​តែ​មាន​វិសាលភាព​ធំ ខណៈ​ពេល​ពលរដ្ឋ​ជា​ច្រើន​បាន​ប្រើប្រាស់​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ អ្នក​អត់​លុយ​មួយ​រៀល ដើម្បី​ធ្វើការ​ឃោសនា​កម្មវិធី​នយោបាយ​របស់​អ្នក​មែន​ទេ? ទោះបីជា​យ៉ាងនេះ​ក្តី​ក៏​អ្នក​អាច​ឃោសនា​ដល់​អ្នកបោះឆ្នោត​បាន​ដែរ​តាម​រយៈ​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ដូច​ជា ហ្វេ​ស​ប៊ុ​ក ដើម្បី​ទាក់ទាញ​ចិត្ត​អ្នកបោះឆ្នោត ។

បណ្តាញ​សង្គម​ក្លាយជា​ឧបករណ៍​ឃោសនា​ចំណាយ​តិច​តែ​មាន​វិសាលភាព​ធំ ខណៈ​ពេល​ពលរដ្ឋ​ជា​ច្រើន​បាន​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​ធ្វើ​ជំនួញ​ក្រៅពី​ជា​មធ្យោបាយ​ទំនាក់ទំនង និង​ការ​កម្សាន្ត​សប្បាយ ។ មិន​ថា Facebook និង​បណ្តាញ​សង្គម​ដទៃ​ទៀត​បាន​ក្លាយជា​ឧបករណ៍​ឃោសនា​របស់​មហាជន​ដ៏​មាន​ប្រជាប្រិយភាព​នា​ពេល​បច្ចុប្បន្ន ។ ដូច្នេះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​គ្រប់​គណបក្ស​នយោបាយ​មិន​អាច​មើល​រំលង​ពី​ឧបករណ៍​ឃោសនា​ដ៏​មាន​សក្តានុពល​នេះ​ឡើយ ។

ការ​ខកខាន​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​ឃោសនា​អំពី​កម្មវិធី​នយោបាយ​របស់​គណបក្ស​នឹង​មាន​ន័យ​ថា នឹង​ធ្វើ​អោយ​គណបក្ស​តូច​ៗ​ពិបាក​នៅ​ក្នុង​ការ​ស្វែងរក​ការ​គាំទ្រ​ពី​អ្នកបោះឆ្នោត ។ តាម​ពិត អ្នក​គ្រប់​អាយុ​បោះ​ឆ្នោត​ស្ទើរ​ទាំងអស់​ដែល​មាន​ចំនួន​ជាង​៩​លាន​នាក់​ប្រើប្រាស់​បណ្តាញ​សង្គម ។

ផ្សព្វផ្សាយ​គោលនយោបាយ​តាម​បណ្តាញ​សង្គម​អាច​មិន​ចំណាយ​ថវិកា​ច្រើន​ដូច​ជា ជួល​ម៉ោង​ទូរទស្សន៍ វិទ្យុ និង​កាសែត​ផ្សាយ​នោះ​ឡើយ ។ ឆ្ពោះទៅ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ហើយ​មិន​ខុស​ពី​ការ​បោះ​ឆ្នោត​មុន​ៗ គណៈ​ក​ម្មា​ធិ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បង្កើត​កម្មវិធី​សមធម៌​លើ​កញ្ចក់​ទូរទស្សន៍ និង​វិទ្យុ ដើម្បី​ឱ្យ​គណបក្ស​នយោបាយ​ធ្វើការ​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុង​ការ​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​របស់​ខ្លួន ទៅ​អ្នកបោះឆ្នោត​ស្មើរ​ៗ​ភាព​គ្នា ។ ប៉ុន្តែ​កម្មវិធី​ដែល​ផ្តល់​ដោយ​គជ​ប​នោះ មិន​គ្រប់គ្រាន់​ទេ​ពោល​គណបក្ស​នីមួយ​ៗ​តែងតែ​បង្កើត​កម្មវិធី និង​មធ្យោបាយ​ឃោសនា រក​សំឡេង​ឆ្នោត​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន​ផ្សេង​ទៀត ។

ការ​ឃោសនា​តាម​បណ្តាញ​សង្គម ត្រូវ​គេ​មើលឃើញ​ថា ចំណាយ​ថវិកា​តិច​មាន​ប្រសិទ្ធិ​ភាព ជាង​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ព័ត៌មាន ទម្រង់​ចាស់ មាន​វិទ្យុ កាសែត និង​ទូរទស្សន៍​នោះ ។ លើស​ពី​នេះ​សារ​នយោបាយ​ផ្សាយ​តាម​បណ្តាញ​សង្គម មាន​លក្ខណៈ​ទូលំទូលាយ គណបក្ស​នយោបាយ​អាច​ផលិត​សារបាន​ដោយ​សេរី​ច្រើន​ទម្រង់​តាមតែ​ខ្លួន​ចង់បាន ។

ជា​ទម្លាប់​នៅ​ក្នុង​ការ​ស្វែងរក​សំឡេង​ឆ្នោត​គណបក្ស​នយោបាយ​បាន​ធ្វើ​យុទ្ធនាការ​ច្រើន​ទម្រង់​ដូច​ជា ចុះ​តាម​ផ្ទះ​ពលរដ្ឋ ផលិត​ខិត​បណ្ណ​បិទ និង​ចែកចាយ​តាម​ទី​សាធារណៈ​ផ្សព្វផ្សាយ​តាម​វិទ្យុ​តាម​ទូរទស្សន៍ ចូលរួម​កម្មវិធី​នានា ដែល​រៀបចំ​ដោយ​សង្គម​ស៊ី​វិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ធំ គឺ​ដង្ហែ​ជា​ក្បូន​តាម ការ​អនុញ្ញាត​របស់​គជ​ប ។ បន្ថែម​លើ​នេះ គេ​ក៏​មិន​ត្រូវ​ភ្លេច​ការ​ឃោសនា​តាម បណ្តាញ​សង្គម​ផង​ដែរ ។

យុទ្ធនាការ​ឃោសនា​ធ្វើ​ឡើង​តាម​លទ្ធភាព និង​ធនធាន​ថវិកា​របស់​គណបក្ស​នីមួយ​ៗ ។ គណបក្ស​មាន​ថវិកា​ច្រើន​មាន​អ្នកគាំទ្រ​ច្រើន​គេ​រៀបចំ​សកម្មភាព​ក្នុង​ទ្រង់ទ្រាយ​គគ្រឹកគគ្រេង ដើម្បី​បង្ហាញ​ពី​ប្រជាប្រិយភាព​របស់​គេ ។ គណបក្ស​ចូលរួម​បោះ​ឆ្នោត​មិន​មាន​ធនធាន​ថវិកា ដូច​គ្នា​នោះ​ទេ ដូច្នេះ​យុទ្ធនាការ​ឃោសនា​ធ្វើ​តាម​លទ្ធភាព​រៀង​ៗ​ខ្លួន​។

គណបក្ស​ខ្លះ​មាន​ថវិកា​បូ​រិ​ណ៌ សម្រាប់​ជួល​ម៉ោង​វិទ្យុ​ជួល​ម៉ោង​ទូរទស្សន៍​ផ្សាយ ខណៈ​គណបក្ស​ខ្លះ​ទៀត​ពឹង​តែ​លើ​កម្មវិធី​គជ​ប ។ បណ្តាញ​សង្គម​ទំនង​ផ្តល់​ភាព​យុត្តិធម៌ និង​ស្មើភាព​ដល់​គ្រប់​គណបក្ស​ឱ្យ​តែ​ពួក​គេ​ចេះ​ទាញ​អត្ថប្រយោជន៍​ពី​វា​ហើយ​មាន​ធនធានមនុស្ស​គ្រប់គ្រាន់ ដើម្បី​ប្រើប្រាស់​វា ។ ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​គ្មាន​ការ​កំណត់​ពេលវេលា​ថា យប់​ឬ​ថ្ងៃ និង​នៅ​កន្លែង​ណា​នោះ​ទេ ហើយ​សូ​ម្បី​តែ​អ្នក​អត់​លុយ​មួយ​រៀល​ក៏​អ្នក​អាច​ធ្វើ​បាន​ដែរ ។ ដូច្នេះ​អោយ​តែ​អ្នកមាន​កម្មវិធី​នយោបាយ​ល្អ អ្នក​អាច​បញ្ជ្រាប​កម្មវិធី​នយោបាយ​របស់​អ្នក​ទៅ​កាន់​អ្នកបោះឆ្នោត​ជាង​៩​លាន​នាក់​តាម​រយៈ​ការ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក និង​បណ្តាញ​សង្គម​ផ្សេង​ទៀត ៕ ដោយ សា​រ៉ា​ន់