ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ៖ គណបក្សឆ្ពោះទៅមុខ សម្ដែងការប្រឆាំងចំពោះការហាមប្រាមគ្រឿងស្រវឹងនៅថ្ងៃបុណ្យ ដែលរដ្ឋាភិបាលថៃបានដាក់នាពេលកន្លងមក

2 ឆ្នាំ មុន

(បាងកក)៖ ឥស្សរជនសំខាន់ៗនៅក្នុងគណបក្សឆ្ពោះទៅមុខ (MFP) បានសម្តែងការប្រឆាំងចំពោះការហាមឃាត់របស់រដ្ឋាភិបាលថៃ លើការលក់គ្រឿងស្រវឹងនៅថ្ងៃបុណ្យសំខាន់ៗទាក់ទងនឹងព្រះពុទ្ធសាសនា ដោយបាននិយាយថា វាជាការរឹតត្បឹតសេរីភាព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BANGKOK POST…

(បាងកក)៖ ឥស្សរជនសំខាន់ៗនៅក្នុងគណបក្សឆ្ពោះទៅមុខ (MFP) បានសម្តែងការប្រឆាំងចំពោះការហាមឃាត់របស់រដ្ឋាភិបាលថៃ លើការលក់គ្រឿងស្រវឹងនៅថ្ងៃបុណ្យសំខាន់ៗទាក់ទងនឹងព្រះពុទ្ធសាសនា ដោយបាននិយាយថា វាជាការរឹតត្បឹតសេរីភាព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BANGKOK POST នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។

ថ្នាក់ដឹកនាំបក្ស MFP អ្នកស្រី Amarat Chokpamitkul បានសម្ដែងការមិនពេញចិត្តចំពោះការហាមឃាត់ ដែលបានដាក់ឡើងកាលពីថ្ងៃសៅរ៍ នៅចំថ្ងៃបុណ្យវិសាខបូជា។ អ្នកស្រី Amarat បានសរសេរថា អ្នកស្រីមិនយល់ស្របនឹងការហាមប្រាមការលក់គ្រឿងស្រវឹងនៅថ្ងៃដែលទាក់ទងនឹងព្រះពុទ្ធសាសនាទេ ដោយសាររដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ ធានានូវសេរីភាពខាងសាសនា ហើយអ្នកកាន់សាសនាផ្សេងទៀតក្រៅពីព្រះពុទ្ធសាសនា ក៏មាននៅក្នុងប្រទេសថៃ។

ការហាមប្រាមនោះបានបញ្ជាក់ថា អ្នកបំពានត្រូវជាប់ពន្ធនាគាររហូតដល់ប្រាំមួយខែ និង/ឬពិន័យជាប្រាក់រហូតដល់ ១០,០០០ បាត។ លោកស្រី Amarat បានសរសេរថា ការហាមប្រាមបែបនេះគឺកម្រមាននៅក្នុងប្រទេសដ៏ទៃ ហើយអាជ្ញាធរគួរតែដាក់វិធានការផ្សេងទៀត ដើម្បីគ្រប់គ្រងការទទួលទានគ្រឿងស្រវឹង ដូចជាការពង្រឹងច្បាប់បើកបរក្នុងស្ថានភាពស្រវឹងជាដើម។

អ្នកស្រី Amarat បានសរសេរថា ប្រទេសនេះមានអ្នកកាន់សាសនាផ្សេងទៀត និងគាំទ្រសេរីភាពខាងជំនឿសាសនា។   លោក Thaopipop Limjitakon ដែលជាសមាជិកសភារបស់ MFP ដែលជាប់ឆ្នោតនៅទីក្រុងបាងកក ដែលមុននេះ ក៏បានស្នើច្បាប់ដើម្បីបញ្ចប់ភាពផ្តាច់មុខនៅក្នុងអាជីវកម្មភេសជ្ជៈមានជាតិអាល់កុល បានសរសេរថា ការហាមឃាត់ការលក់គ្រឿងស្រវឹងពាក់ព័ន្ធនឹងជំនឿសាសនា ប៉ះពាល់ដល់សេរីភាពខាងសាសនា និងការកាន់កាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ៕