ខេត្តកំពង់ស្ពឺ ៖ អាជ្ញាធរថ្នាក់ក្រុង និងសង្កាត់ កាលពីពេលថ្មីៗនេះ ក្រោយពេលកោះសន្តិភាពបានចុះផ្សាយ បានអញ្ជើញម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ពង ដែលរងការរិះគន់ពីប្រជាពលរដ្ឋ ព្រះសង្ឃ និងសិស្សានុសិស្សថា បានបង្កក្លិនស្អុយរាប់ឆ្នាំ ឲ្យធ្វើកិច្ចសន្យាឈប់បង្កើតបញ្ហាបែបនេះបន្ដទៀត។

យោងតាមគណនីហ្វេសប៊ុករបស់រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ បានបញ្ជាក់ថា ការកោះអញ្ជើញម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពង មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ទៅធ្វើកិច្ចសន្យា បានធ្វើឡើង បន្ទាប់ពីមានសារព័ត៌មានកោះសន្តិភាព និងសារព័ត៌មានជាច្រើនទៀត បានចុះផ្សាយថា «កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កំពុងបង្កផលប៉ះពាល់ដោយសារតែក្លិនស្អុយនៅក្នុងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងព្រះសង្ឃគង់នៅក្នុងវត្ត»។

បន្ទាប់ពីបានឃើញការចុះផ្សាយរបស់សារព័ត៌មានលើនេះ រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ សហការជាមួយរដ្ឋបាលសង្កាត់ព្រះស្រែ និងជំនាញពាក់ព័ន្ធ បានកោះអញ្ជើញម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ និងអ្នកពាក់ព័ន្ធមកប្រជុំដោះស្រាយពីបញ្ហាក្លិនស្អុយ ដែលបណ្ដាលមកពីកសិដ្ឋានចិញ្ចឹមមាន់នេះ (ករណីក្លិនស្អុយនេះ កើតមានតាំងពីយូរណាស់មកហើយ មិនមែនទើបតែឥឡូវនេះទេ)។

គណនីដដែលខាងលើ បានបន្ថែមថា លទ្ធផលក្រោយកិច្ចប្រជុំ គឺតំណាងម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ បានធ្វើកំណត់ហេតុសន្យាថា ៖
១- មិនឱ្យមានក្លិនស្អុយប៉ះពាល់ដល់ប្រជាពលរដ្ឋទៀតឡើយ។
២- មិនឱ្យមានរថយន្តដឹកអាចម៌មាន់ធ្លាក់តាមភូមិបន្តទៀត និងយល់ព្រមតាមសំណើរបស់ប្រជាពលរដ្ឋ ដោយបើកបរវាងផ្លូវ ចៀសវាងបង្កក្លិនស្អុយដល់ប្រជាពលរដ្ឋ។ ហើយម្ចាស់កសិដ្ឋានក៏សុំពេលរៀបចំបណ្ដើរៗ ដើម្បីឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

សូមជម្រាបជូនថា ការកោះអញ្ជើញ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខាងលើ ទៅធ្វើកិច្ចសន្យា ដោយសារមានការចុះផ្សាយលើសារព័ត៌មានតាមការអះអាងរបស់ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្ស គណៈគ្រប់គ្រងសាលា និងគណៈទ្រទ្រង់សាលា អំពីបញ្ហាក្លិនស្អុយអាចម៍មាន់ពីកសិដ្ឋានខាងលើ។

ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ្ធ សូមថ្លែងអំណរគុណដល់អាជ្ញាធរក្រុង-សង្កាត់ និងភូមិដែលពាក់ព័ន្ធ បានយកចិត្តទុកដាក់ដោះស្រាយបញ្ហាខាងលើនេះ ជូនពួកគាត់ទាន់ពេលវេលា។ ពួកគាត់សង្ឃឹមថា បញ្ហានេះនឹងឈប់បន្តកើតមានតទៅទៀត ខណៈវាជារឿងដែលកើតមកដដែលៗជាច្រើនហើយ ប្រសិននៅតែបន្ដកើតមានសារជាថ្មី ប្រជាពលរដ្ឋជឿជាក់ថា អជ្ញាធរនឹងសម្រេចបិទកសិដ្ឋាននេះចោលតែម្ដង៕
ចែករំលែកព័តមាននេះ