ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធឿ​ន ធា​រ៉ា ទម្លាយ​ការពិត​ ក្រោយរងការ​​រិះគន់​ថា ​ជា​មនុស្ស​រមិលគុណ​ លួច​ចុះ​កុងត្រា​ស្ងាត់​ៗ​​ចោល​​គ្រូ អេ ភូ​ថង

10 ខែ មុន
  • ភ្នំពេញ

មហាជន​បាន​និង​កំពុង​ផ្ទុះ​ការ​ប្រតិកម្ម ហើយ​បង្ហាញ​ការ​មិន​ពេញ​យ៉ាង​ខ្លាំង បន្ទាប់​ពី​កូនសិស្ស​ដ៏​ឆ្នើម​របស់​លោកគ្រូ អេ ភូ​ថង និង​ជា​អ្នក​ប្រដាល់​គុន​ខ្មែរ ដែល​កំពុង​សាង​កេរ្តិ៍ឈ្មោះ​យ៉ាង​ល្បីល្បាញ នោះ​គឺ​លោក ធឿ​ន ធា​រ៉ា ត្រូវ​គេ​លើក​ឡើង​ថា

រាជធានី​ភ្នំពេញ ៖ មហាជន​បាន​និង​កំពុង​ផ្ទុះ​ការ​ប្រតិកម្ម ហើយ​បង្ហាញ​ការ​មិន​ពេញ​យ៉ាង​ខ្លាំង បន្ទាប់​ពី​កូនសិស្ស​ដ៏​ឆ្នើម​របស់​លោកគ្រូ អេ ភូ​ថង និង​ជា​អ្នក​ប្រដាល់​គុន​ខ្មែរ ដែល​កំពុង​សាង​កេរ្តិ៍ឈ្មោះ​យ៉ាង​ល្បីល្បាញ នោះ​គឺ​លោក ធឿ​ន ធា​រ៉ា ត្រូវ​គេ​លើក​ឡើង​ថា «​លោក​បាន​លួច​ទៅ​ចុះ​កុងត្រា​ជា​មួយ​ក្លិប​ប្រដាល់​ថ្មី​យ៉ាង​ស្ងាត់​ៗ ដោយ​មិន​ប្រាប់​លោកគ្រូ អេ ភូ​ថង សូ​ម្បី​មួយ​ម៉ាត់​»​។

ទោះបីជា​ការ​ពិត​មិន​ទាន់​ត្រូវ​បាន​លាតត្រដាង​ក្តី​ថា តើ​កីឡាករ ធឿ​ន ធា​រ៉ា ពិតជា​បាន​ទៅ​ចុះ​កុងត្រា​នៅ​ក្លិប​ប្រដាល់​ថ្មី​ឬ​យ៉ាងណា​ក្តី? តែ​មាន​មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​បាន​បញ្ចេញមតិ​សម្តែង​នូវ​ការ​ខឹងសម្បារ​ជំនួស​លោក អេ ភូ​ថង និង​ពន្លះ​ចំ​ៗ​ទៅ​កាន់​លោក ធឿ​ន ធា​រ៉ា ថា «​ជា​មនុស្ស​រមិលគុណ ផឹកទឹក​ភ្លេច​ប្រភព និង​ជា​មនុស្ស​គ្មាន​សុជីវធម៌​»​។ និង​មាន​បងប្អូន​ខ្លះ​ទៀត​លើក​ឡើង​ថា «​បើជា​ការ​ពិតមែន​នោះ ធឿ​ន ធា​រ៉ា គឺជា​មនុស្ស​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ​ឡើយ​» និង​ខ្លះ​ទៀត​និយាយ​ចំ​ៗ​ថា «​បាន​ល្បី រក​ចំណូល​បាន ក៏​រត់​ចោល​លោកគ្រូ​ដែល​ខិតខំ​បង្ហាត់បង្រៀន» ជាដើម​។

ការ​លើក​ឡើង​យ៉ាង​ផុសផុល​របស់​មហាជន ក៏​ដូច​ជា​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ កើតឡើង បន្ទាប់​ពី​លោកគ្រូ អេ ភូ​ថង បាន​ចេញ​មុខ​បង្ហោះ​សារ​ទាំង​ឈឺចាប់ និង​បង្ហាញ​ការ​ហួសចិត្ត​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​នា​យប់​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៣​នេះ​។

លោកគ្រូ អេ ភូ​ថង អតីត​កីឡាករ​ប្រដាល់​គុន​ខ្មែរ ដែល​មាន​រហ័ស​ឈាម «​កែង​ឆេះ ជង្គង់​ហោះ​» បាន​​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ខ្លឹមសារ​ទាំងស្រុង​ថា «​ថ្ងៃនេះ ផុស​រាង​យប់​បន្តិច​ហើយ ទម្រាំ​ដាច់​ចិត្តហ៊ាន​ផុស ព្រោះ​គេ​ធំ​។ ខ្ញុំ អេ ភូ​ថង មិនដឹង​អី​ផង ហេតុ​អ្វី​បានជា​ទៅ​ស៊ី​ញ៉េ​កុងត្រា​សិស្ស​របស់ខ្ញុំ​អោយទៅ​អ្នក​ដទៃ ដោយ​មិន​បាន​សួរ​ខ្ញុំ​មួយ​មាត់?​»​។

លោកគ្រូ អេ ភូ​ថង លើក​ឡើង​បន្ត​ថា «​ចុះ​កាល​ពេល ៥ ទៅ ៦ ឆ្នាំ​មុន សិស្ស​ខ្ញុំ​មិន​ទាន់​ល្បី ហេតុ​អី​អ្នក​មិន​ដណ្ដើម​យក​សិស្ស​ខ្ញុំ​ទៅ? ហើយ​អ្នក​ដែល​ទៅ​ចុះ​កុងត្រា​អោយ​គេ​នឹង​កាលពី​សិស្ស​ធ្លាក់ខ្លួន​មិន​ទាន់​ល្បី ហេតុ​អ្វី​មិន​មើលថែ​គាត់​ផង? ដល់​ពេល​ខ្ញុំ​សាង​កេរ្តិ៍ឈ្មោះ​អោយ​គាត់​បាន​ល្បី ហេតុ​អ្វី​អ្នកឯង​ទៅ​ស៊ី​ញ៉េ​កុងត្រា​ដោយ​មិន​បាន​ប្រាប់​ខ្ញុំ​អី​មួយ​មាត់​ចឹ​ង? ឃើញ​ខ្ញុំ​តូច​ទាប​ជាង​អ្នក គិត​ថា​ខ្ញុំ​មិន​ដល់​មែន​ទេ ឃើញ​ខ្ញុំ​មិន​មាត់​កុំ​ថា​ខ្ញុំ​ភ្លើ​អោយ​សោះ​! ខ្ញុំ​ត្រឹមតែ​អតីត​កីឡាករ​ជើង​ចាស់​មួយ​រូប​តែ​ប៉ុណ្ណោះ គ្មាន​ខ្សែ​ដូច​អ្នក​ទេ តែ​សូម​ចេះ​អោយ​តម្លៃ​ខ្ញុំ​ផង​! មិន​ចប់​ដោយ​ស្រួល​ៗ​នោះ​ទេ​»​។

យ៉ាងណាមិញ ក្នុង​សំ​ណេ​រ​ដែល​បង្ហោះ​ដោយ​លោកគ្រូ អេ ភូ​ថង មិន​បាន​បញ្ជាក់​ថា ជា​កូនសិស្ស​មួយ​ណា​ឡើយ​ដែល​ទៅ​ចុះ​កុងត្រា​ជាមួយ​ក្លិប​ថ្មី ដោយ​មិន​បាន​ប្រាប់​សូ​ម្បី​មួយ​ម៉ាត់​នោះ​។ តែបើ​ងាក​មក​ចាប់អារម្មណ៍​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ឯណេះ​វិញ លោកគ្រូ អេ ភូ​ថង បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា កូនសិស្ស​ដែល​ទៅ​ចុះ​កុងត្រា​ជាមួយ​ក្លិប​ថ្មី​ដោយ​មិន​ប្រាប់​លោកគ្រូ​នោះ គឺជា​កីឡាករ ធឿ​ន ធា​រ៉ា​។ ក្នុង​នោះ​លោកគ្រូ សូម​មិន​បញ្ជាក់​ឈ្មោះ​ក្លិប​ថ្មី ដែល​កីឡាប្រដាល់​គុន​ខ្មែរ ធឿ​ន ធា​រ៉ា បាន​ទៅ​ចុះ​កុងត្រា​ជាមួយ​ឡើយ​។

ដើម្បី​ស្វែង​យល់​ការ​ពិត​ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ កីឡាករ ធឿ​ន ធា​រ៉ា វិញ តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព​បាន​បញ្ជាក់​ច្បាស់​ថា «​លោក​មិន​បានដឹង​អ្វី​នោះ​ទេ​»​។ លោក ធឿ​ន ធា​រ៉ា បា​នប​ដិ​សេ​ដ​នូវ​ការ​ចុះ​ផ្សាយ​នានា​ថា «​លោក​បាន​ចុះ​កុងត្រា​ជាមួយ​ក្លិប​ប្រដាល់​ថ្មី​»​។

លោក​បញ្ជាក់​មូលហេតុ​ថា «​ចាប់តាំងពី​លោក​ឈឺដៃ​មក គឺ​លោក​សម្រាក​នៅ​តែ​ក្នុងស្រុក ហើយ​ដំណឹង​ដែល​លេចលឺ​ថា លោក​បាន​ទៅ​ចុះ​កុងត្រា​នៅ​ក្លិប​គេ​ផ្សេង​នោះ លោក​មានការ​ងឿងឆ្ងល់​ជា​ខ្លាំង ដោយ​សាមីខ្លួន​ពុំ​បានដឹង​រឿង​ខាងលើ​នេះ​ទាល់តែ​សោះ​»​។

កីឡាករ លោក ធឿ​ន ធា​រ៉ា សូម​ច្រាល​ការ​ដំណឹង​ខាងលើ ហើយ​រឿង​ដែល​ថា ក្បត់​គ្រូ លោក​ក៏​សូម​បដិ​សេធ​ដូច​គ្នា ព្រោះ​លោក​មិន​ដែល​បាន​ទៅ​ណា​នោះ​ទេ ក្រោយ​ពេល​លោក​មាន​របួស​ដៃ​ជា​ច្រើន​ខែ​មក។

ប្រាកដ​ណាស់ កីឡាករ​លោក ធឿ​ន ធា​រ៉ា បាន​ធ្វើ​បកស្រាយ​ហើយ ដោយ​សង្ឃឹមថា ប្រិ​យ​មិត្ត​ដែល​ជា​អ្នកគាំទ្រ​ឈប់​មានការ​សង្ស័យ និង​ឈប់​ចោទប្រកាន់​រូប​លោក​ទៀត​។ ជា​ចុង​ក្រោយ កីឡាករ លោក ធឿ​ន ធា​រ៉ា ពិតជា​អរគុណ​ខ្លាំង​ណាស់​រាល់​ការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​លោក ក៏​ដូច​ការ​សួរសុខទុក្ខ​របួស​ដៃ​របស់​លោក​ដូច​គ្នា ហើយ​លោក​សង្ឃឹមថា មហាជន​នឹង​ឈប់​ងឿងឆ្ងល់​រាល់​បញ្ហា​ដែល​ថា លោក​​បាន​ចុះ​កុងត្រា​នៅ​ក្លិប​គេ​ផ្សេង ៕ ដោយ ៖ លី​ហួ គី​ម​ឆាយ និង រៀម រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ