រាជធានីភ្នំពេញ ៖ ដោយសារការលើកទឹកចិត្ត និងការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាននៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅក្នុងប្រទេសកម្ពុជា អត្តពលិកកម្ពុជាអាចធ្វើបានល្អ ដូច្នេះនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនៅចុងសប្តាហ៍នេះយើងទាំងអស់គ្នាក៏ត្រូវលើកទឹកចិត្ត និងចូលរួមគាំទ្រអត្តពលិកពិការរបស់យើងឲ្យដូចគ្នា ។
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះបើកនៅថ្ងៃសៅរ៍ ទី០៣ ហើយបិទនៅថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០២៣ ក៏ជាព្រឹត្តិការណ៍កីឡាថ្នាក់តំបន់មួយដែរ ដូច្នេះសូមកុំភ្លេចចូលរួមឲ្យបានកុះករ និងចូលរួមចំណែកឲ្យបានអធិកអធម៌ ដើម្បីលើកទឹកចិត្តដល់អត្តពលិកពិការរបស់យើងដែលកំពុងតែហ្វឹកហាត់ ដើម្បីចូលរួមបង្ហាញឧត្តមភាពជាតិដូចជា អត្តពលិកដែលមានកាយសម្បទាគ្រប់គ្រាន់នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែរ ។
ព្រឹត្តិការណ៍នេះអាចតូចជាងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ទាំងប្រភេទកីឡា និង វិញ្ញាសារក៏ដូចជា អត្តពលិក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសរួចហើយថា ព្រឹត្តិការណ៍នេះនឹងអស្ចារ្យដូចជាព្រឹត្តិការណ៍ស៊ីហ្គេមទាំងបើក និងបិទហើយសម្តេចនឹងចូលរួមទាំងពីរកម្មវិធី ។
ព្រឹត្តិការណ៍ស៊ីហ្គេមមានអត្តពលិកចូលរួមសរុបប្រមាណជា១២.០០០នាក់ តែព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម គឺមានប្រមាណជា២០០០នាក់ ដោយឡែកអត្តពលិកកម្ពុជាចូលរួមស៊ីហ្គេម មាន១.២០០នាក់ តែអាស៊ានប៉ារ៉ាហ្គេមកម្ពុជាបានបញ្ជូនអត្តពលិកពិការ តែ២៥២នាក់ ខណៈដែលប្រភេទកីឡាវិញស៊ីហ្គេមមានប្រមាណជា៤០ប្រភេទកីឡា តែអាស៊ានបារ៉ាហ្គេម មានកីឡា១៣+១ ប្រភេទសរុប ប្រមាណជាជាង៤០០វិញ្ញាសាហើយអត្តពលិកពិការកម្ពុជានឹងចូលរួមប្រមាណជា២៦១ វិញ្ញាសារគ្រាន់តែថាព្រឹត្តិការណ៍នេះមានការចូលរួមមកពី១១ ប្រទេសដដែល ។
ពាក់ព័ន្ធនឹងក្តីរំពឹងរបស់អត្តពលិកពិការនៅក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ចុងសប្តាហ៍នេះលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ថ្លែងថា ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតនៅឆ្នាំនេះ កម្ពុជារំពឹងថានឹងអាចដណ្តើមមេដាយប្រមាណសរុប៥៦ គ្រឿង នៅក្នុងនោះ មេដាយមាស៨ ប្រាក់២១ និងសំរឹទ្ធ ២៧ ។
លោកបានអះអាងថា អត្តពលិកពិការចង់បានចំនួនមេដាយកើនឡើង៥០ ភាគរយធៀបទៅនឹងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅឥណ្ឌូនេស៊ី ដោយកាលនោះកម្ពុជាអាចទទួលបានត្រឹមតែ២៨ ដោយនៅក្នុងនោះមាស ៧ ប្រាក់១០ និងសំរឹទ្ធ១១ ។
នេះគឺជាការប្តេជ្ញាចិត្តរបស់បងប្អូនអត្តពលិកពិការរបស់យើង ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាគាំទ្រលើកទឹកចិត្ត និងឧបត្ថម្ភ ហើយចូលរួមនៅក្នុងព្រឹត្តិការណ៍នេះឲ្យបានកុះករយើងគិតថា ពួកគាត់ដែលជាអត្តពលិកអាចនឹងមានកម្លាំងចិត្តដែលអាចនឹងដណ្តើមមេដាយបានលើសពីការរំពឹងទុកផងក៏អាចថាបាន។
បងប្អូនអត្តពលិកពិការរបស់យើងបានទទួលរួចហើយនូវការធានាពីរាជរដ្ឋាភិបាល និងម្ចាស់ជំនួយឧបត្ថម្ភនានា ។ អ្នកដែលទទួលមេដាយមាសនឹងទទួលរង្វាន់លើកទឹកចិត្ត១ម៉ឺនដុល្លារ មេដាយប្រាក់៧០០០ដុល្លារ មេដាយសំរឹទ្ធប្រមាណជាជាង៣០០០ដុល្លារ ដូចជា អត្តពលិកស៊ីហ្គេមដែរ ។ ប៉ុន្តែពួកគាត់ក៏ចង់បានការគាំទ្រ និងស្វាគមន៍ក៏ដូចជា ចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់នៅពេលដែលពួកគេចូលរួមប្រកួត ។ ការចូលរួម គឺជាកម្លាំងចិត្តមួយជួយជំរុញកម្លាំងថាមពលពួកគេបាន ។
សរុបមកវិញ យើងសង្ឃឹមថា គ្រប់គ្នានឹងចូលរួមលើកទឹកចិត្តបងប្អូនអត្តពលិកជនពិការយើងនៅគ្រប់ការប្រកួតទាំងអស់ ដើម្បីជាការបង្ហាញនូវស្មារតី និងផ្តល់នូវអារម្មណ៍ និងមនោសញ្ចេតនា ពិតប្រាកដសម្រាប់ពួកគេ ពោល គឺធ្វើយ៉ាងណាឲ្យពួកគេមានអារម្មណ៍ថា ពួកគាត់ពិការតែកាយសម្បទាតែប៉ុណ្ណោះ ប៉ុន្តែចិត្ត និងមនៈសិការ គឺនៅតែមានសម្រាប់ជាតិដូចគ្នានឹងពលរដ្ឋទូទៅ ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ