ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អាកាសចរណ៍​មួយ អនុវត្ត​ការ​ថ្លឹង​ទម្ងន់​អ្នកដំណើរ​មុន​ពេល​ហោះហើរ

11 ខែ មុន

នូ​វែ​ល​ហ្សេ​ឡង់ ៖ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​របស់​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ Air New Zealand ត្រូវ​បាន​

នូ​វែ​ល​ហ្សេ​ឡង់ ៖ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​របស់​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ Air New Zealand ត្រូវ​បាន​រាយការណ៍​ថា កំពុង​អនុវត្ត​ការ​ថ្លឹង​ទម្ងន់​អ្នកដំណើរ​មុន​ពេល​អនុញ្ញាត​ឱ្យ​ពួក​គេ​ឡើង​យន្តហោះ​នៃ​ជើងហោះហើរ​អន្តរជាតិ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ស្ទង់​មតិ ដើម្បី​កំណត់​ទម្ងន់​អ្នកដំណើរ​ជា​មធ្យម​។ នេះ​បើ​យោង​តាម​ប្រភព​ចេញពី​សារព័ត៌មាន BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា កន្លង​ទៅ​។

ក្រុមហ៊ុន Air New Zealand បាន​អះអាង​ថា ការ​ថ្លឹង​ទម្ងន់ នឹង​ត្រូវ​បាន​កត់ត្រា​ដោយ​សម្ងាត់​នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ ប៉ុន្តែ​មិន​អាច​មើលឃើញ​ដោយ​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍ ឬ​អ្នកដំណើរ​ផ្សេង​ទៀត​ឡើយ​។ ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា ការ​ដឹង​ពី​ទម្ងន់​អ្នកដំណើរ​ជា​មធ្យម​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​ប្រេង​នា​ពេល​អនាគត​។ ក្រុមហ៊ុន​បន្ថែម​ថា ការ​ចូលរួម​ក្នុង​ការ​ស្ទង់​មតិ គឺ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រចិត្ត ខណៈ​ដែល​ពី​មុន ក្រុមហ៊ុន​ធ្លាប់​បាន​ថ្លឹង​ទម្ងន់​អ្នកដំណើរ​ក្នុងស្រុក​រួច​មក​ហើយ នៅ​ក្នុង​ឆ្នាំ ២០២១​។

ក្រុមហ៊ុន Air New Zealand បាន​លើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ឥឡូវនេះ ការ​ធ្វើ​ដំណើរ​អន្តរជាតិ​បាន​ដំណើរការ​ឡើង​វិញ ហើយ​វា​ក៏​ដល់​ពេល​ដែល​អ្នកដំណើរ​ជើងហោះហើរ​អន្តរជាតិ​ទទួល​ការ​ថ្លឹង​ទម្ងន់​»​។

មុន​ពេល​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ក្រុមហ៊ុន Air New Zealand បាន​ហោះហើរ​ដឹក​អ្នកដំណើរ​ជាង ១៧​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ ជាមួយនឹង​ជើងហោះហើរ​ចំនួន ៣,៤០០​ជើង​ក្នុង​មួ​យស​ប្តា​ហ៍​។

អ្នកជំនាញ​បាន​ពន្យល់​ថា ការ​ឈាន​ជើង​លើ​ជញ្ជីង​ថ្លឹង​អាច​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច ប៉ុន្តែ​យើង​ចង់​ធានា​ឡើង​វិញ​នូវ​អតិថិជន​របស់​យើង​ថា មិន​មានការ​បង្ហាញ​ណាមួយ​ដែល​អាច​មើលឃើញ​គ្រប់​ទីកន្លែង​នោះ​ទេ​។ ហើយ​តាម​រយៈ​ការ​ថ្លឹង អ្នក​នឹង​ជួយ​យើង​ឱ្យ​ហោះហើរ​ប្រកបដោយ​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​រាល់ពេល​វេលា​។

ក្រុមហ៊ុន Air New Zealand នឹង​ស្នើ​សុំ​អតិថិជន​ជាង ១​ម៉ឺន​នាក់ ដែល​ធ្វើ​ដំណើរ​លើ​ជើងហោះហើរ​អន្តរជាតិ​របស់​ខ្លួន ដើម្បី​ចូលរួម​ក្នុង​ការ​ស្ទង់​មតិ​ដ៏​សំខាន់​នេះ​។ អ្នកដំណើរ​នឹង​ត្រូវ​ថ្លឹង​នៅ​ច្រក​ទ្វារ​នៃ​ជើងហោះហើរ​មួយ​ចំនួន ដែល​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​អូក​ឡិន (Auckland) ចន្លោះ​ថ្ងៃ​ទី​២៩ ឧសភា រហូត​ដល់​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៣​។

ក្រុមហ៊ុន​បញ្ជាក់​ថា អ្វី​គ្រប់យ៉ាង​ដែល​ស្ថិត​លើ​យន្តហោះ​របស់​ខ្លួន រាប់​ចាប់ពី​ទំនិញ និង​អាហារ​នៅ​លើ​យន្តហោះ រហូត​ដល់​អីវ៉ាន់​ក្នុង​កន្លែង​ស្តុក ត្រូវ​ឆ្លងកាត់​ការ​ថ្លឹង​ទាំងអស់ ហើយ​សម្រាប់​អតិថិជន និង​កាបូប​ក្រុម​បុគ្គលិក​លើ​យន្តហោះ ប្រើ​ទម្ងន់​ជា​មធ្យម​ដោយ​ផ្អែក​លើ​ទិន្នន័យ​ស្ទង់​មតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ