ឃាត់ខ្លួនជនជាតិបង់ក្លាជាច្រើននាក់ ដែសលួចឆ្លងដែនពីកម្ពុជាទៅថៃ
- បន្ទាយមានជ័យ
បុរសជនជាតិបង់ក្លាដែសចំនួន១១នាក់ ដែលលួចឆ្លងដែនពីកម្ពុជាចូលទៅប្រទេសថៃ
បុរសជនជាតិបង់ក្លាដែសចំនួន១១នាក់ ដែលលួចឆ្លងដែនពីកម្ពុជាចូលទៅប្រទេសថៃ
ខេត្តបន្ទាយមានជ័យ ៖ បុរសជនជាតិបង់ក្លាដែសចំនួន១១នាក់ ដែលលួចឆ្លងដែនពីកម្ពុជាចូលទៅប្រទេសថៃ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចព្រំដែន ស្ថិតក្នុងភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ត្រូវបានឃាត់ខ្លួន ។
លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៨១៥ បានប្រាប់ថា ការឃាត់ខ្លួនជនជាតិបង់ក្លាដែសនេះ ត្រូវបានអនុវត្តដោយកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងស្រុកម៉ាឡៃ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដែលចេញល្បាតតាមព្រំដែន បានប្រទះឃើញជនជាតិបង់ក្លាដែសចំនួន១១នាក់សុទ្ធតែជាបុរស មានស្ពាយបាឡូគ្រប់គ្នា ។ ពួកគេមានបំណងលួចឆ្លងដែនពីកម្ពុជាឆ្ពោះទៅប្រទេសថៃតាមច្រករបៀងខុសច្បាប់ ។ ក្រោយពេលឃាត់ខ្លួន ក៏បាននាំយកមកទីបញ្ជាការវរការពារព្រំដែនគោកលេខ៨១៥ ដើម្បីធ្វើការសាកសួរ ។
លោកបានបញ្ជាក់ថា ក្រោយកម្លាំងចម្រុះឃាត់ខ្លួន និងបាននាំមកសាកសួរ បានបង្ហាញថា ពួកគេទាំង១១នាក់មានលិខិតឆ្លងដែន (ប៉ាស្ព័រ) ទាំង១១នាក់ តែមិនដឹងថា មូលហេតុអី្វនាំគ្នាមកលួចឆ្លងដែនល្មើសច្បាប់នៅតាមបន្ទាត់ព្រំដែនស្រុកម៉ាឡៃនោះទេ? ។ ក្រោយសាកសួរហើយ រៀបចំនីតិវិធីប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីអនុវត្តនីតិវិធីបន្ត ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានប្រាប់ថា ជនជាតិបង់ក្លាដែសចំនួន១១នាក់ ដែលមានបំណងលួចឆ្លងដែនចេញពីកម្ពុជាចូលទៅប្រទេសថៃ ក្រោយសាកសួរបានឱ្យដឹងថា ពួកគេមកតាមរយៈមេខ្យល់ជូនដាក់ព្រំដែនកម្ពុជា ហើយឆ្លងដែនចូលទៅមេខ្យល់ថៃរង់ចាំទទួលនៅអូរព្រំដែន តែកម្លាំងចម្រុះល្បាតឃើញទាន់ ក៏បានឃាត់ខ្លួនពួកគេតែម្ដង ៕
ចែករំលែកព័តមាននេះ