ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​ដាក់​គោលដៅ​បញ្ចប់​នៅ​កំពូល​តារាង​មេដាយ​សរុប កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​នៅ​កម្ពុជា

9 ខែ មុន

ឥណ្ឌូ​ណេ​ស៊ី ៖ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី កំពុង​សម្លឹង​មើល​ការ​ដណ្តើម​មេដាយមាស​ឱ្យ​បាន​ច្រើន ដើម្បី​បញ្ចប់​

ឥណ្ឌូ​ណេ​ស៊ី ៖ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី កំពុង​សម្លឹង​មើល​ការ​ដណ្តើម​មេដាយមាស​ឱ្យ​បាន​ច្រើន ដើម្បី​បញ្ចប់​ទៅ​នៅ​កំពូល​តារាង​មេដាយ​សរុប នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ ឆ្នាំ ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃ​ទី ០៣-០៩ ខែឧសភា ខាង​មុខ​នេះ ក៏​ដូច​ជា​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន ក្លាយជា​ប្រទេស​ឈ្នះ​មេដាយមាស​ច្រើន​ជាងគេ ៣​សម័យកាល​ជាប់​ៗ​គ្នា នៃ​ព្រឹត្តិការណ៍​កីឡា​ជន​ពិការ​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ​។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​លោក Andi Herman ប្រធាន​គណៈប្រតិភូ​កីឡា​របស់​ឥណ្ឌូ​ណេ​ស៊ី​។

លោក Andi Herman បាន​ថ្លែង​ថា អត្ត​ព​លិ​ក​ទាំងអស់​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ផ្តល់​ឱ្យ​អស់ពី​សមត្ថភាព​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២​។ លោក​បាន​កត់សម្គាល់ អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​ជាតិ​ឥណ្ឌូ​នេ​ស៊ី កាលពី​ថ្ងៃ​ទី​៣០ ខែឧសភា កន្លង​ទៅ​ថា «​យើង​មាន​ក្រុមការងារ​ជំនាញ​គាំទ្រ​ដល់​អត្ត​ព​លិ​ក​រួម​មាន អ្នក​ចិត្តសាស្ត្រ អ្នក​ម៉ាស្សា វេជ្ជបណ្ឌិត និង​មន្ត្រី​គាំទ្រ​ជា​ច្រើន​ផ្សេង​ទៀត ដែល​តែងតែ​អមដំណើរ​អត្ត​ព​លិ​ក និង​រក្សា​ស្ថានភាព​ពួក​គេ​បាន​ល្អ ដូច្នេះ​ពួក​គេ​នឹង​ត្រៀមខ្លួន​ពេញលេញ​សម្រាប់​ការ​ប្រកួត​»​។

បន្ថែម​ពី​នេះ​ទៀត លោក Herman បាន​គូសបញ្ជាក់​ថា ឥណ្ឌូ​ណេ​ស៊ី​កំពុង​ព្យាយាម​បង្កើត​ប្រវត្តិសាស្ត្រ​ផ្ទាល់ខ្លួន ដោយ​មាន​បំណង​ក្លាយជា​ប្រទេស​ឈ្នះ​មេដាយមាស​ច្រើន​ជាងគេ​ពី​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ៣​សម័យកាល​ជាប់​ៗ​គ្នា ខណៈ​ឥណ្ឌូ​ណេ​ស៊ី បាន​ដាក់​គោលដៅ​ដណ្តើម​យកឈ្នះ​មេដាយមាស​យ៉ាង​ហោច​ណាស់ ១២១​គ្រឿង ដើម្បី​ឈរ​កំពូល​តារាង​មេដាយ​សរុប​នៃ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​នៅ​កម្ពុជា​។

ឥណ្ឌូ​ណេ​ស៊ី បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន ២៨៦​នាក់​ទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​នៅ​កម្ពុជា ដោយ​ប្រកួត​លើ​ប្រភេទ​កីឡា​ចំនួន ១២​ប្រភេទ​រួម​មាន អត្តពលកម្ម​, វាយ​សី​, វាយ​កូន​ឃ្លី​លើ​តុ​, ហែល​ទឹក​, លើក​ទម្ងន់​, យូ​ដូ​, អុក​, បាល់ទះ​អង្គុយ បាល់ទាត់​ពិការ​ច​លករ​ខួរក្បាល​, ប៊ូ​ស្យា (Boccia), បាល់បោះ​រទេះរុញ និង​បាល់បោះ​ពិការ​ភ្នែក (Goalball)​។

គួរ​រំលឹក​ថា ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ២​សម័យកាល​ចុង​ក្រោយ​កន្លង​មក គឺ​ឥណ្ឌូ​ណេ​ស៊ី ឈរ​ជា​ប្រទេស​ឈ្នះ​មេដាយមាស​ច្រើន​ជាងគេ ដោយ​ក្នុង​ឆ្នាំ ២០១៧ ដែល​ម៉ា​ឡេ​ស៊ី​ធ្វើ​ជា​ម្ចាស់ផ្ទះ ឥណ្ឌូ​ណេ​ស៊ី​ឈ្នះ​មេដាយ​សរុប ២៥១​គ្រឿង មាស ១២៦​គ្រឿង ប្រាក់ ៧៥​គ្រឿង និង​សំរឹទ្ធ ៥០​គ្រឿង​។

ទោះ​យ៉ាងណា ព្រឹត្តិការណ៍​នៅ​ឆ្នាំ ២០២០ ដែល​ហ្វី​លី​ពី​ន​ធ្វើ​ជា​ម្ចាស់ផ្ទះ ត្រូវ​លុប​ចោល​ដោយសារ​តែ​បញ្ហា​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ហើយ​បន្ត​មក​ទៀត នៅ​ឆ្នាំ ២០២២ ដែល​ឥណ្ឌូ​ណេ​ស៊ី​ផ្ទាល់​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ ពួក​គេ​បាន​ឈ្នះ​មេដាយ​សរុប ៤២៦​គ្រឿង មាស ១៧៥​គ្រឿង ប្រាក់ ១៤៤​គ្រឿង និង​សំរឹទ្ធ ១០៧​គ្រឿង​៕ (​ប្រភព​ពី​សារព័ត៌មាន​ឥណ្ឌូ​ណេ​ស៊ី ANTARA News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ