រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសថា គណបក្សប្រជាជនកម្ពុជាបានលេខរៀង១៨ សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាលេខហុងស៊ុយល្អ ហើយងាយស្រួលចំណាំក្នុងការគូសសញ្ញាផងដែរ ។

ថ្លែងនាឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័ យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា ៖«ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នាពេលខាងមុខនេះអ្វីដែលសំខាន់នោះ គឺអាស្រ័យទៅលើប្រជាពលរដ្ឋជ្រើសររើសដោយខ្លួនឯង ក្នុងការគូសសន្លឹកឆ្នោតដែលខ្លួនពេញចិត្ត ។

ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា «ឥឡូវបានលេខ១៨ សម្ដេចសង្ឃទៅចាប់ឆ្នោតស្រាប់ហើយមិនមែនចាប់បានលេខ១ ឬលេខ២ អីទេ គឺចាប់ចំលេខ១៨ ហើយលេខ១៨ បូក១ (១+៩)ចេញ៩ ហុងស៊ុយ ។ ស្រួលរកណាស់ ប្រាប់គ្នាថា លេខ១៨ហ្នឹង នៅខាងស្ដាំដៃ នៅចុងក្រោយគេកន្លែងនឹងហើយ ទេវតាបាចផ្កាស្រួលរកណាស់» ។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា ទោះបីពេលខាងមុខសម្តេចលែងធ្វើជានាយករដ្ឋមន្ត្រីក៏ដោយក៏សម្តេចនៅតែគ្រប់គ្រងនយោបាយកម្ពុជាដែរ ។ ការគ្រប់គ្រងនយោបាយនេះ គឺក្នុងនាមសម្តេចតេជោ ជាប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ។
សូមរំលឹកថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជាបានទទួលលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូរ បានលេខរៀងទី១ ។

ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនេះ ត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមព្រះវត្តមាន សម្តេចសង្ឃរាជទាំងពីរគណៈព្រមទាំងមានការចូលរួមពី សំណាក់តំណាងគណបក្សនយោបាយទាំង១៨ ដែលបានចុះបញ្ជីនៅ គ.ជ.ប រួចរាល់ ។

សូមជម្រាបថា លេខរៀងគណបក្សនយោបាយសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ៖១. សំបុកឃ្មុំ ២. គណបក្សខ្មែរតែមួយ ៣. សញ្ជាតិកម្ពុជា ៤.ខ្មែររួបរួមជាតិ ៥.កម្លាំងប្រជាធិបតេយ្យ ៦.កសិករ ៧.ស្ត្រីដើម្បីស្ត្រី ៨. គណបក្សខ្មែរឈប់ក្រ ៩.ហ្វ៊ុនស៊ិនប៉ិច ១០.ធម្មាធិបតេយ្យ១១. គណបក្សមូលដ្ឋាន ១២.បំណងប្រជាពលរដ្ឋ ១៣. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១៤.ឯកភាពជាតិខ្មែរ១៥. ខ្មែរអភិរក្ស១៦. យុវជនកម្ពុជា ១៧. ជនជាតិដើមប្រជាធិបេតយ្យ និង១៨.គណបក្សប្រជាជនកម្ពុជា៕
ចែករំលែកព័តមាននេះ