ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Mourinho ដឹកនាំ​កូនក្រុម​ហ្វឹកហាត់​ជា​សម្ងាត់ មុន​ប៉ះ Sevilla វគ្គ​ផ្តាច់ព្រ័ត្រ UEL

10 ខែ មុន

ហុង​គ្រី ៖ លោក Jose Mourinho គ្រូបង្វឹក​ក្រុម Roma ត្រូវ​បាន​រាយការណ៍​ថា បាន​ដឹកនាំ​កូនក្រុម​ធ្វើ

ហុង​គ្រី ៖ លោក Jose Mourinho គ្រូបង្វឹក​ក្រុម Roma ត្រូវ​បាន​រាយការណ៍​ថា បាន​ដឹកនាំ​កូនក្រុម​ធ្វើការ​ហ្វឹកហាត់​ចុង​ក្រោយ​ដោយ​សម្ងាត់ ដោយ​ថែម​ទាំង​បាន​ហាមឃាត់​សមាជិក​បុគ្គលិក​ក្លិប Roma ទាំង​អស់ពី​កន្លែង​ហ្វឹកហាត់ ខណៈ​ដែល​ក្រុម​របស់​លោក​កំពុង​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ពានរង្វាន់ UEFA Europa League (UEL) ទល់​នឹង​ក្រុម​ជើង​ខ្លាំង Sevilla ។

លោក Mourinho បាន​ដាក់​ចេញ​វិធានការ​ម៉ឺងម៉ាត់ និង​តឹង​រឹង​បំផុត ដើម្បី​ធានា​បាន​នូវ​ភាព​ជោគ​ជ័យ ដែល​ត្រូវ​បាន​ដាក់​ចេញ​កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា កន្លង​ទៅ ដើម្បី​ឱ្យ​កីឡាករ និង​បុគ្គលិក​ក្លិប​ទាំងអស់​អនុវត្ត​តាម​។ ជាក់ស្តែង មាន​តែ​បុគ្គលិក​សំខាន់​ៗ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ក្នុង​កន្លែង​ហ្វឹកហាត់​របស់​ក្រុម សម្រាប់​វគ្គ​ហ្វឹកហាត់​ចុង​ក្រោយ ដោយ​គេ​ជឿ​ថា មាន​តែ​បុគ្គលិក​បច្ចេកទេស និង​គ្រូពេទ្យ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុញ្ញាត​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន Corriere Dello Sport បាន​ចេញផ្សាយ​។

ក្រុម​ចចក​ញី AS Roma នឹង​ត្រូវ​តទល់​ជាមួយ​ក្រុម​ជើងឯក ៦​សម័យកាល Sevilla ដើម្បី​ដំ​ណ្តើ​ម​ពានរង្វាន់ UEFA Europa League រដូវ​កាល​នេះ ដែល​ជំនួប​ដ៏​ធំ​នេះ ត្រូវធ្វើ​ឡើង​នៅ​កីឡដ្ឋាន Puskas Arena ដែល​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស (Budapest) ប្រទេស​ហុង​គ្រី នា​វេលា​ម៉ោង ០២:០០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​៣១ ខែឧសភា ឈាន​ចូល​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៣ (​ម៉ោង​នៅ​កម្ពុជា​)​។

គួរ​បញ្ជាក់​ថា Roma មិន​ដែល​ស្គាល់​ជាតិ​ពានរង្វាន់ UEFA Europa League នៅឡើយ​ទេ ខណៈ​ដែល Sevilla គឺជា​អធិរាជ​សម្រាប់​ពានរង្វាន់​លំដាប់​ទី​២ របស់​ទ្វី​អឺរ៉ុប​មួយ​នេះ ដោយ​ពួក​គេ​បាន​ឈ្នះ​ជើងឯក ៦​សម័យកាល ដើម្បី​កាន់កាប់​តំណែង​ជា​ក្រុម​ឈ្នះ​ជើងឯក​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន The Mirror បាន​រាយការណ៍​ថា លោក Mourinho អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​តោ​ខៀវ Chelsea ក្រុម​បិសាច​ក្រហម Manchester United និង​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ត្រូវ​បាន​រំពឹង​ថា នឹង​ចាក​ចេញពី​ក្រុម Roma នៅ​ដំណាច់​រដូវ​កាល​នេះ ដោយ​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​របស់​គាត់ នឹង​ផុតកំណត់​នៅ​ដើមឆ្នាំ ២០២៤ ខណៈ​ពាក្យ​ចចាមអារ៉ាម​បាន​រាយការណ៍​ថា បុរស​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់វ័យ ៦០​ឆ្នាំ​រូប​នេះ អាច​ជា​គ្រូបង្វឹក​បន្ទាប់​ដើម្បី​ទទួលយក​ការងារ​នៅ​ក្រុម​ជើងឯក​បារាំង PSG ដោយ​ភ្នាក់ងារ​របស់​គាត់​ផ្ទាល់ ត្រូវ​បាន​គេ​ជឿ​ថា បាន​ជួប​ពិភាក្សា​ជាមួយនឹង​ក្លឹ​ប​អ្នក​បារាំង​មួយ​នេះ កាលពី​ដើមខែ​នេះ​។

លោក Mourinho ធ្លាប់​ឈ្នះ​ពានរង្វាន់ UEFA Europa League ម្តង​គត់ កាលពី​ឆ្នាំ ២០១៧ អំឡុង​ពេល​ដឹកនាំ​ក្រុម Man United ខណៈ​ការ​ប្រកួត​ទល់​នឹង Sevilla នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ គ្រូបង្វឹក​រូប​នេះ​រំពឹង​ថា នឹង​អាច​ឈ្នះ​ជើងឯក​ជា​លើក​ទី​២ ក្នុង​អាជីព​ជា​គ្រូបង្វឹក​របស់​លោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ