ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំបុត្រ​ទស្សនាការ​ប្រកួត​ឥណ្ឌូ​ណេ​ស៊ី ប៉ះ​អា​ហ្ស​ង់​ទី​ន តម្លៃ​ទាប​បំផុត​៤០​ដុល្លារ

10 ខែ មុន

ឥណ្ឌូ​ណេ​ស៊ី ៖ លោក Erick Thohir ប្រធាន​សមាគម​កីឡាបាល់ទាត់​ឥណ្ឌូ​ណេ​ស៊ី (PSSI) កាលពី​ថ្ងៃ​ទី​២៩

ឥណ្ឌូ​ណេ​ស៊ី ៖ លោក Erick Thohir ប្រធាន​សមាគម​កីឡាបាល់ទាត់​ឥណ្ឌូ​ណេ​ស៊ី (PSSI) កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៣ បាន​ប្រកាស​ជា​ផ្លូវការ​អំពី​តម្លៃ​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដ៏​ធំ (FIFA Day) រវាង​ក្រុម​ជម្រើសជាតិ​ឥណ្ឌូ​ណេ​ស៊ី ទទួល​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ខាង​មុខ​នេះ​។

លោក Erick Thohir អតីត​ម្ចាស់​ក្លិប​យក្ស​អ៊ី​តា​លី Inter Milan និង​ក្លិប D.C. United នៅ​លី​គ​កំពូល​សហរដ្ឋអាមេរិក ដែល​បាន​ចូល​កាន់​តំណែង​ជា​ប្រធាន​សមាគម​កីឡាបាល់ទាត់​ឥណ្ឌូ​ណេ​ស៊ី កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៣ កន្លង​ទៅ បាន​និយាយ​ថា សំបុត្រ​ត្រូវ​បាន​បែងចែក​ចេញ​ជា​៤​ប្រភេទ ដោយ​ប្រភេទ​ទី​៣ មាន​តម្លៃ ៤០​ដុល្លារ​អា​មេ​រិ​ក​, ប្រភេទ​ទី​២ មាន​តម្លៃ ៨០​ដុល្លារ និង​ប្រភេទ​ទី​១ មាន​តម្លៃ ១៦៧​ដុល្លារ ចំណែក​សំបុត្រ​លំដាប់​វី​អាយ​ភី (VIP) មាន​តម្លៃ ២៨៤​ដុល្លារ​។

សំបុត្រ​អាច​រក​ទិញ​បាន​នៅ​ថ្ងៃ​ទី​០៥ ខែមិថុនា សម្រាប់​អ្នក​កាន់​ប័ណ្ណ​ពិសេស (BRI) ខណៈ​ដែល​ការ​លក់​មិន​ផ្តាច់មុខ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ០៦-០៧ ខែមិថុនា ខាង​មុខ​នេះ​។ សំបុត្រ​ដែល​ត្រូវ​ដាក់​លក់​មាន​ចំនួន​សរុប ៦​ម៉ឺន​សន្លឹក ហើយ​ការ​ទិញ​អាច​ធ្វើ​ឡើង​តាម​រយៈ​គេហទំព័រ​សមាគម​ន​បាល់ទាត់​ឥណ្ឌូ​ណេ​ស៊ី PSSI និង​គេហទំព័រ tiket.com ដើម្បី​ទទួល​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​រវាង​ម្ចាស់ផ្ទះ​ឥណ្ឌូ​ណេ​ស៊ី នឹង​អា​ហ្ស​ង់​ទី​ន ម្ចាស់​ជើងឯក World Cup ឆ្នាំ ២០២២ នៅ​ឯ​កីឡដ្ឋាន Gelora Bung Karno ដែល​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ០៧:៣០​នាទី​យប់ (​ម៉ោង​នៅ​ឥណ្ឌូ​ណេ​ស៊ី​)​។

ការ​ប្រកួត​មិត្តភាព​រវាង​ឥណ្ឌូ​ណេ​ស៊ី និង​អា​ហ្ស​ង់​ទី​ន នឹង​ក្លាយជា​ជំនួប​ដ៏​ទាក់ទាញ​នៅ​តំបន់​អាស៊ី ជា​ពិសេស​អ្នកគាំទ្រ​ឥណ្ឌូ​ណេ​ស៊ី ដោយ​ពួក​គេ​នឹង​បានឃើញ​វត្តមាន​កីឡាករ​លំដាប់​ពិភពលោក​របស់​អា​ហ្ស​ង់​ទី​ន ជា​ពិសេស​កំពូល​ខ្សែប្រយុទ្ធ Lionel Messi ដែល​មានឈ្មោះ​ក្នុង​បញ្ជី​របស់​លោកគ្រូ​បង្វឹក Lionel Scaloni សម្រាប់​ការ​ប្រកួត ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​កណ្តាល​ទីក្រុង​ហ្សា​កា​តា​។

ខាងក្រោម​នេះ គឺជា​កាលវិភាគ​ប្រកួត​មិត្តភាព​អន្តរជាតិ ឬ FIFA Day របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន នៅ​តំបន់​អាស៊ី ៖
-​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៣ អា​ហ្ស​ង់​ទី​ន នឹង​ត្រូវ​ប៉ះ​អូស្ត្រាលី នៅ​កីឡដ្ឋាន Workers’ Stadium នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន
-​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៣ អា​ហ្ស​ង់​ទី​ន នឹង​ត្រូវ​ប៉ះ​ឥណ្ឌូ​ណេ​ស៊ី នៅ​កីឡដ្ឋាន Gelora Bung Karno ទីក្រុង​ហ្សា​កា​តា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ