រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំ និងបានគ្រប់គ្រងដឹកនាំប្រទេសជាតិ៦អាណត្តិមកហើយ បានចាប់ចំលេខរៀងក្នុងបញ្ជីសន្លឹកឆ្នោត បោះឆ្នោតឆ្នាំ២០២៣នេះនៅលេខរៀងទី១៨ គឺជាលេខរៀងចុងក្រោយគេ នៅក្នុងចំណោមគណបក្សចូលរួមបោះឆ្នោតដែលមាន១៨គណបក្សចូលរួម ។

តាមប្រពៃណីចិនលេខ១៨ គឺជាលេខសំណាងដោយសារភាសាចិនលេខនេះមានសូសៀងស្រដៀងនឹងពាក្យថា «ពិតជាក្លាយជាអ្នកមាន» ។ ក្រៅពីនេះ លេខ៨ ដែលចាប់បានដោយគណបក្សខ្មែរឈប់ក្រក៏ត្រូវគេចាត់ទុកជាលេខសំណាងដែរ ។ ដោយសារលេខ៨ នៅក្នុងភាសាចិនមានសូរសៀងដូចដឹងពាក្យ«ទ្រពសម្បត្តិ» ។

លេខ៧ ក៏ត្រូវបានគេចាត់ទុកថា លេខសំណាងផងដែរ ។ គណបក្សស្ត្រី ដើម្បីស្ត្រីបានចាប់បានលេខរៀងទី៧ ក្នុងលេខរៀងសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតខាងមុខ ។ ចំណែកលេខ៩ក៏ត្រូវគេចាត់ទុកថា លេខល្អ និងលេខនាំសំណាងផងដែរ ។ គណបក្ស ហ្វ៊ុន ស៊ិនប៉ិចចាប់បានលេខ ៩ ក្នុងបញ្ជីសន្លឹកឆ្នោត។ កាលពីពេលបោះឆ្នោតអាណត្តិទី៦ ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា ចាប់បានលេខ រៀងទី២០ នៅក្នុងចំណោមគណបក្សចំនួន២០ដែលបានចូលរួមបោះឆ្នោត ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ឆ្នោតលេខរៀងគណបក្សសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ។ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០២៣នេះមាន គណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង ។ គណបក្សទាំង១៨ បានចាប់បានលេខរៀងដូចខាងក្រោម ៖
គណបក្សសំបុកឃ្មុំដើម្បីប្រជាធិបតេយ្យ លេខរៀងលើគេគឺទី១ ។
ទី២ គណបក្សខ្មែរតែមួយ
ទី៣ គណបក្សសញ្ជាតិកម្ពុជា
ទី៤ គណបក្សខ្មែររួបរួមជាតិ
ទី៥ គណបក្សកម្លាំងប្រជាធិបតេយ្យ
ទី៦ គណបក្សកសិករ
ទី៧ គណបក្សស្ត្រីដើម្បីស្ត្រី
ទី៨ គណបក្សខ្មែរឈប់ក្រ
ទី៩ គណបក្សហ្វ៊ុនស៊ីនប៉ិច
ទី១០ គណបក្សធម្មាធិបតេយ្យ
ទី១១ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
ទី១២ គណបក្សបំណងពលរដ្ឋ
ទី១៣ គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច
ទី១៤ គណបក្សឯកភាពជាតិខ្មែរ
ទី១៥ គណបក្សខ្មែរអភិរក្ស
ទី១៦ គណបក្សយុវជនកម្ពុជា
ទី១៧ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
ទី១៨ គណបក្សប្រជាជនកម្ពុជា។
កន្លងមកនៅពេលចាប់បានលេខរៀងគណបក្សនយោបាយតែងពន្យល់បកស្រាយពីអត្ថន័យលេខរៀងដែលទទួលបានតាមការយល់ឃើញ និងជំនឿរបស់គេរៀងៗខ្លួន ។ ដូចជាថា លេខរៀងទី១ គេបានបកស្រាយថា នៅលើគេនាំមុខគេ ឬជាលេខរៀងមួយងាយស្រួលដល់ពលរដ្ឋស្វែងរក ។ លេខរៀងទី៣ តំណាងព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ឬអ្នកខ្លះថា តំណាងប្រាសាទកំពូលបី នៅក្នុងទង់ជាតិខ្មែរជាដើម ។ អ្នកប៉ះចំរៀងទី៧ គេថា ជាលេខមាន ហុងស៊ុយតាមជំនឿជនជាតិចិនជាដើម ។

ជំនឿ និងការបកស្រាយមានខុសៗគ្នាពីមនុស្សម្នាក់ពីគណបក្សមួយទៅគណបក្សមួយ ។ ប៉ុន្តែតាមអត្ថន័យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការចាប់កំណត់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោតនេះ គឺដើម្បីបង្ហាញពីសច្ចៈភាព តម្លាភាព និងយុត្តិធម៌ សម្រាប់ការបោះឆ្នោត ។
ការកំណត់លេខរៀងគណបក្សនយោបាយនីមួយៗលើសន្លឹកឆ្នោតនឹងជួយបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយពាក់ព័ន្ធក្នុងការឃោសនាបោះឆ្នោត ការបោះឆ្នោត និងជួយឱ្យអ្នកបោះឆ្នោតអាចស្គាល់បានដោយងាយស្រួលនូវគណបក្សនយោបាយដែលខ្លួនស្រលាញ់ពេញចិត្ត ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២៣ ដោយមានគណបក្សនយោបាយចូលរួមចំនួន១៨ និងមានពលរដ្ឋមានឈ្មោះបោះ ឆ្នោតជាង១០លាននាក់ ៕ ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ