រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានរៀបចំចាប់លេខរៀងលើកសន្លឹកឆ្នោតសម្រាប់គណបក្សនយោបាយដែលចូលរួមបោះឆ្នោតជ្រើសរើសតាំង អ្នកតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភា ដែលជាលទ្ធផលគណបក្សប្រជាជនកម្ពុជាចាប់បានលេខ១៨ ខណៈគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបានលេខរៀងទី១ ។

គណបក្សប្រជាជនកម្ពុជាបានទទួលលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងចំណោមគណបក្សនយោបាយ១៨ ដែលលបានចូលរួមប្រកួតប្រជែង ។

ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះក្រោមព្រះវត្តមានសម្តេចសង្ឃរាជទាំងពីរ គណៈ ព្រមទាំងមានការចូលរួមពីសំណាក់តំណាងគណបក្សនយោបាយទាំង១៨ ដែលបានចុះបញ្ជីនៅ គ.ជ.ប រួចរាល់ ។

ខាងក្រោមនេះជាលំដាប់លេខរៀងគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ៖១.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ២. គណបក្សខ្មែរតែមួយ ៣.គណបក្សសញ្ជាតិកម្ពុជា ៤. គណបក្សខ្មែររួបរួមជាតិ ៥.គណបក្សកម្លាំងប្រជាធិបតេយ្យ ៦.គណបក្សកសិករ ៧.គណបក្សស្ត្រីដើម្បីស្ត្រី ៨.គណបក្សខ្មែរឈប់ក្រ ៩. គណបក្សហ្វ៊ុនស៊ិនប៉ិច ១០.គណបក្សធម្មាធិបតេយ្យ ១១. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ១២. គណបក្សបំណងប្រជាពលរដ្ឋ ១៣. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១៤.គណបក្សឯកភាពជាតិខ្មែរ ១៥.គណបក្សខ្មែរអភិរក្ស ១៦. គណបក្សយុវជនកម្ពុជា ១៧. គណបក្សជនជាតិដើមប្រជាធិបេតយ្យ និង១៨. គណបក្សប្រជាជនកម្ពុជា ។

សូមជម្រាប ការចាប់លេខរៀងសន្លឹកឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតនេះ បន្ទាប់ពីគ.ជ.គបានប្រកាសទទួលចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខឈរឈ្មោះមានគណបក្សនយោបាយចំនួន២០ បានទៅសុំបញ្ជីគណបក្សនយោបាយ និងចុះបញ្ជីបេក្ខជនឈរ ។
ប៉ុន្តែមានគណបក្សនយោបាយចំនួន២ គឺគណបក្សភ្លើងទៀន និងគណបក្សមហាគ្គីជាតិខ្មែរត្រូវបានគ.ជ.ប បដិសេធក្នុងការចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ចូលរួមបោះឆ្នោត ដោយសារគណបក្សទាំងពីរមិនបានគោរពតាមច្បាប់ដែលចែងជាធរមាន ៕
ចែករំលែកព័តមាននេះ