ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​លទ្ធផល​ចុង​ក្រោយ គ​.​ជ​.​ប បាន​សម្រេច​ថា មាន​គណបក្ស​នយោបាយ​ចំនួន​១៨ គណបក្ស​បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នា​ថ្ងៃ​ទី​២៣ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ ជា​លទ្ធផល​ចុង​ក្រោយ គ​.​ជ​.​ប បាន​សម្រេច​ថា មាន​គណបក្ស​នយោបាយ​ចំនួន​១៨ គណបក្ស​បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ។ តើ​មេដឹកនាំ​គណបក្ស​ទាំង​១៨​នោះ​ជា​នរណា?

១-​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ
គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​បង្កើត​ឡើង កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៥ ។ គណបក្ស​នេះ​មាន​លោក ម៉​ម សូណ​ង់​ដូ ជា​ប្រធាន ។

២-​គណបក្ស​ខ្មែរ​តែ​មួយ
គណបក្ស​ខ្មែរ​តែ​មួយ ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ពី​គណបក្ស កែម ឡី ដែល​បង្កើត​ឡើង កាលពី​ខែមីនា ឆ្នាំ​២០១៨ ។ ដំបូង​ឡើយ គណបក្ស​ខ្មែរ​តែ​មួយ​មាន​ប្អូន​របស់​លោក កែម ឡី គឺ​លោក កែម រិ​ទ្ធិ​សិត ជា​ប្រធាន​។ ក៏​ប៉​ន្តែ​ក្រោយមក​លោក កែម រិ​ទ្ធិ​សិត បាន​លាឈប់ ហើយ​មក​ដល់​សព្វ​ថ្ងៃនេះ គណបក្ស​ខ្មែរ​តែ​មួយ​មាន​ប្រធាន គឺ​លោក គុ​ជ លី ដែល​ជា​ស្ថាបនិក​គណបក្ស «​ខ្មែរ​តែ​មួយ​» ។

៣-​គណបក្ស​សញ្ជាតិ​កម្ពុជា
គណបក្ស​សញ្ជាតិ​កម្ពុជា បង្កើត​ឡើង​កាលពីមុន​ការ​បោះ​ឆ្នោតជាតិ នៅ​ខែកក្កដា ឆ្នាំ​២០១៣ ដោយ​មាន​លោក សេង សុ​ខេ​ង ជា​ប្រធាន ។ គណបក្ស​សញ្ជាតិ​កម្ពុជា​បាន​ប្តូរ​ឈ្មោះ​មក​ពី​គណបក្ស​ហង្ស​ដា​រ៉ា​ចលនា​ប្រជាធិបតេយ្យ ។

៤-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ
គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយ​ផ្តាច់​ចេញពី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ មាន​លោក ញឹក ប៊ុ​ន​ឆៃ ជា​ប្រធាន ។

៥-​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ
គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ មាន​លោក អ៊ុ​ន វិ​សិទ្ធ​គុន ជា​ប្រធាន ។

៦-​គណបក្ស​កសិករ
គណបក្ស​កសិករ មាន​លោក មាស បូ​ពៅ ជា​ប្រធាន ។

៧-​គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី
គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី មាន​លោកស្រី សឹង សុធី ជា​ប្រធាន ។

៨-​គណបក្ស​ខ្មែរ​ឈប់​ក្រ
គណបក្ស​ខ្មែរ​ឈប់​ក្រ បង្កើត​ឡើង​កាលពី​ខែកញ្ញា ឆ្នាំ​២០០៧ ដែល​មាន​លោក ក្រ​វ៉ា​ញ ដា​រ៉​ន ជា​ខ្មែរ​-​អា​មេ​រិ​ក ជា​ប្រធាន ។

៩-​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច
គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បង្កើត​ឡើង​ដំបូង​ជា​ចលនា​តស៊ូ នៅ​ព្រំដែន ក្រោម​ការ​ដឹកនាំ​របស់​សម្តេចព្រះ នរោត្តម សីហ​នុ កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​១៩៨១ ។ ក្រោយមក​មុន​ការ​បោះ​ឆ្នោតជាតិ​លើក​ដំបូង កាលពី​ឆ្នាំ​១៩៩៣ ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​ប្រែ​ក្លាយជា​គណបក្ស​ដឹកនាំ​ដោយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ។ មក​ដល់​សព្វថ្ងៃ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច មានព្រះអង្គ​ម្ចាស់​នរោត្តម ចក្រាវុធ ដែល​ជា​ព្រះរាជ​បុត្រា​របស់​សម្តេចព្រះ នរោត្តម រណឫទ្ធិ ជា​ប្រធាន ។

១០-​គណបក្ស​ធម្មាធិបតេយ្យ
គណបក្ស​ធម្មាធិបតេយ្យ ដឹកនាំ​ដោយ​លោកស្រី ពោធិ​តី សាវត្ថី ជា​ពលរដ្ឋ​ខ្មែរ រស់នៅ​ប្រទេស​ហូ​ឡង់ ។ គណបក្ស​ធម្មាធិបតេយ្យ ប្តូរ​ឈ្មោះ​មក​ពី​គណបក្ស​ធម្មាធិបតេយ្យ​ស្ត្រី និង​ជាតិ​ដែល​បាន​បង្កើត​ឡើង កាលពី​ឆ្នាំ​១៩៩៨ ។

១១- គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៥ ដោយ​ក្រុម​មេដឹកនាំ​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​លោក យ៉េ​ង វិ​រៈ ជា​ប្រធាន ។

១២-​គណបក្ស​បំណង​ពលរដ្ឋ
គណបក្ស​បំណង​ពលរដ្ឋ មាន​លោក អ៊ិ​ត សា​រម្យ ជា​ប្រធាន ។ គណបក្ស​នេះ​បង្កើត​ឡើង កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​អតីត​សហការី​របស់​លោក ខឹ​ម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។

១៣-​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច
គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១២ ដោយ​មាន លោក ហួ​ន រាជ​ចំរើន ជា​ប្រធាន ។

១៤-​គណបក្ស​ឯកភាព​ជាតិខ្មែរ
គណបក្ស​ឯកភាព​ជាតិខ្មែរ​ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​កាលពី​ខែតុលា ឆ្នាំ​២០២០ ដោយ​មាន​លោក នៅ សំអាត ជា​ប្រធាន ។ ក៏​ប៉ុន្តែ​មក​ដល់​ពេល​នេះ លោក អ៊ុ​ន ជឹ​ម ជា​ប្រធាន​គណបក្ស​ឯកភាព​ជាតិខ្មែរ ។

១៥-​គណបក្ស​ខ្មែរ​អភិរក្ស
គណបក្ស​ខ្មែរ​អភិរក្ស បង្កើត​ឡើង​ដោយ​លោក រៀល ខេ​ម​រិ​ន្ទ ជា​អតីត​អ្នកតំណាង រាស្ត្រ​គណបក្ស​សមរ​ង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ​។ គណបក្ស​ខ្មែរ​អភិរក្ស ត្រូវ​បាន​ក្រសួងមហាផ្ទៃ ប្រកាស​សម្រេច​ទទួលស្គាល់ កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ។

១៦-​គណបក្ស​យុវជន​កម្ពុជា
គណបក្ស​យុវជន​កម្ពុជា មាន​លោក ពេជ្រ ស្រស់ ជា​ប្រធាន ។ គណបក្ស​នេះ បង្កើត​ឡើង​កាល ពី​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ ។

១៧-​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ
គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ មាន​លោក ប្លា​ង ស៊ី​ន ជា​ប្រធាន ។ គណបក្ស​នេះ បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៧ ។

១៨-​គណបក្ស​ប្រជាជន​កម្ពុជា
គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្សកាន់អំណាច ។ បច្ចុប្បន្ន គណបក្ស​នេះ​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ។ គេ​រំពឹង​ថា​គណបក្ស​នេះ​នឹង​អាច​បន្ត​កាន់​អំណាច​ទៀត ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ដោយសារ​គណបក្ស​នេះ​មាន​ធនធាន​ច្រើន​ទាំង​ធនធានមនុស្ស និង​ធនធាន​ផ្នែក​ហិរញ្ញវត្ថុ ព្រមទាំង​បណ្តាញ​យ៉ាង​រឹង​មាំ​ពី​ថ្នាក់​ជាតិ​ដល់​មូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ