អណ្ដាតភ្លើងឆាបឆេះរថយន្តនៅក្នុងឃ្លាំងស្តុករថយន្តការ៉េមមួយកន្លែងផ្អើលពលរដ្ឋ
- ភ្នំពេញ
ឃ្លាំងស្តុករថយន្តការ៉េមមួយកន្លែងសង្ស័យថា ឆ្លងចរន្តក្នុងរថយន្ត បណ្ដាលឱ្យឆាបឆេះរថយន្តអស់ចំនួន
ឃ្លាំងស្តុករថយន្តការ៉េមមួយកន្លែងសង្ស័យថា ឆ្លងចរន្តក្នុងរថយន្ត បណ្ដាលឱ្យឆាបឆេះរថយន្តអស់ចំនួន
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ឃ្លាំងស្តុករថយន្តការ៉េមមួយកន្លែងសង្ស័យថា ឆ្លងចរន្តក្នុងរថយន្ត បណ្ដាលឱ្យឆាបឆេះរថយន្តចំនួន២គ្រឿងយ៉ាងសន្ធោសន្ធៅផ្អើលអស់អាជ្ញាធរ និងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះ នី កុល អាយុ៣៣ឆ្នាំ មុខរបរតៃកុងរថយន្តដឹកការ៉េម ដែលសម្រាកនៅខាងមុខឃ្លាំងស្តុករថយន្ត បានអោយដឹងថា នៅមុនកើតហេតុ រថយន្តជាច្រើនគ្រឿងបានចតតម្រៀបគ្នាជាជួរៗជិតៗគ្នា ហើយនៅពេលយប់ ក្នុងឃ្លាំងគឺចាក់សោបិទទ្វារខាងក្រៅ។
បុរសខាងលើបន្តថា ខណៈពេលគាត់កំពុងតែដេកលង់លក់ ក៏លឺសំឡេងផ្ទុះកង់រថយន្តនៅខាងក្នុងឃ្លាំង បន្ទាប់មកគាត់បានភ្ញាក់ពីដំណេក ហើយក្រឡែកមើលនៅខាងក្នុងឃ្លាំង ស្រាប់តែឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ បន្ទាប់មក ពួកគាត់ក៏នាំគ្នាបើករថយន្តផ្សេងៗដែលនៅជិតគ្នាចេញចំនួន៥គ្រឿង រួចទាក់ទងទៅអាជ្ញាធរ ដើម្បីហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ភ្លាមៗផងដែរ។
តាមប្រភពព័ត៌មានពីអាជ្ញាធរ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានអោយដឹងថា បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋតេតាមទូរស័ព្ទប្រាប់ថា មានអគ្គិភ័យឆាបឆេះភ្លាម អាជ្ញាធរនិងសមត្ថកិច្ចបានទាក់ទងទៅផ្នែកជំនាញពន្លត់អគ្គិភ័យខណ្ឌពោធិ៍សែនជ័យភ្លាមៗផងដែរ ដោយប្រើប្រាស់ទឹកអស់ចំនួន១គ្រឿងទើបរលត់ទៅវិញទាំងស្រុង។
ហើយរថយន្តដែលអគ្គិភ័យឆាបឆេះចំនួន២គ្រឿងខាងលើនេះ គឺរងការខូចខាតដោយឆេះខាងមុខផ្នែកកាប៊ីនអស់ស្ទើរទាំងស្រុង ចំណែកខាងក្រោយវិញ គឺមានផ្ទុកទឹកកក មិនបានឆាបឆេះនោះទេ។ ចំណែកមូលហេតុសង្ស័យថា គឺបណ្ដាលមកពីឆ្លងចរន្តរថយន្ត ទើបធ្វើឲ្យឆាបឆេះរថយន្តបែបនេះតែម្តង៕
ចែករំលែកព័តមាននេះ