កសិករដាំធុរេននៅប្រទេសថៃត្រូវបានជំរុញឱ្យរក្សាគុណភាពផ្លែឈើរបស់ពួកគេ ដោយសារតែពួកគេកំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង ពីប្រទេសវៀតណាម និងហ្វីលីពីន នៅក្នុងទីផ្សារប្រទេសចិន។ ការព្រមាននេះធ្វើឡើងដោយអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិលោកPhusit Ratanakul Sereroengrit។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The nation Thailand នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។

លោក Phusit បាននិយាយថា របាយការណ៍ពីការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មនៅទីក្រុងណាននីង ប្រទេសចិន បានបង្ហាញថា តម្លៃលក់ដុំនៃទុរេននៅក្នុងប្រទេសចិន បានធ្លាក់ចុះនៅដើមខែនេះ។ តម្លៃទុរេនក្នុងប្រទេសចិនបានធ្លាក់ចុះខ្លាំងនៅដើមខែឧសភា ដោយសារការកើនឡើងនៃការផ្គត់ផ្គង់ បន្ទាប់ពីអ្នកលក់ដុំរបស់ចិនបានបង្កើនការនាំចូលពីប្រទេសវៀតណាម និងហ្វីលីពីន។
នៅដើមខែឧសភា តម្លៃទុរេនម៉ុនថង mon thong របស់ថៃ បានធ្លាក់ចុះមកនៅចន្លោះពី ៣៦ ទៅ ៤៨ យ័ន (១៧៧ ទៅ ២៦៦ បាត) ក្នុងមួយគីឡូ។ ចំណែកតម្លៃទុរេនពីប្រទេសវៀតណាមមានតម្លៃចន្លោះពី ៣២ ទៅ ៤១ យ័ន ក្នុងមួយគីឡូ ខណៈតម្លៃទុរេនពីប្រទេសហ្វីលីពីន មានចន្លោះពី ៣៧ ទៅ ៤៥ យ័ន ក្នុងមួយគីឡូក្រាម។ កាលពីមិនទាន់មានគូប្រជែងច្រើន តម្លៃទុរេនថៃ ធ្លាប់ហក់ឡើងដល់ ៥២-៥៨ យ័ន ក្នុងមួយគីឡូក្រាមនៅពាក់កណ្តាលខែឧសភា ដោយសារវាជាចុងបញ្ចប់នៃរដូវប្រមូលផលនៅក្នុងខេត្តភាគខាងកើត ដោយបន្ថែមថា ការធ្លាក់ចុះនៃការនាំចេញទុរេនថៃបានជំរុញឱ្យតម្លៃកើនឡើងសម្រាប់ពួកគេ។
កាលពីឆ្នាំមុន ប្រទេសចិនបាននាំចូលទុរេនចំនួន ៨២៥,០០០ តោន ដែលមានតម្លៃ ៤.០៣ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ ៩៤.៥៥% (៧៨០,០០០ តោន) បានមកពីប្រទេសថៃ។ យោងតាមរបាយការណ៍ពីទីក្រុងណាននីង ការនាំចូលទុរេនតាមច្រកព្រំដែនក្បែរទីក្រុងរបស់ខ្លួនបានកើនឡើងនៅឆ្នាំនេះ។ ចាប់ពីខែមករា ដល់ខែមីនា ទុរេនសរុបចំនួន ៦១,០០០តោន ត្រូវបាននាំចូលតាមច្រកព្រំដែន ហើយក្នុងខែមេសា មានចំនួន ៦០,០០០ តោន ត្រូវបាននាំចូលតាមច្រកព្រំដែន៕

ចែករំលែកព័តមាននេះ