ក្រុមមន្ត្រីនៅទីក្រុងកៀវ បានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យនេះថា រលកនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី (unmanned aerial vehicle) ទៅលើរដ្ឋធានីអ៊ុយក្រែន បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងបង្កឱ្យមានភ្លើងឆេះនៅជុំវិញទីក្រុង។ អភិបាលក្រុងកៀវ លោក Vitali Klitshko បាននិយាយថា កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន «បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក ច្រើនជាង ២០ គ្រឿង» ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានី ហើយបានព្រមានថា រលកថ្មីទៀតនឹងមកដល់។

កងទ័ពអាកាសអ៊ុយក្រែនបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ Shahed ចំនួន ៥៤ គ្រឿង ត្រូវបានបាញ់បង្ហោះដោយរុស្ស៊ីពេញមួយយប់ ហើយ ៥២ ក្នុងចំណោមពួកវា ត្រូវបានបំផ្លាញដោយកងកម្លាំងអ៊ុយក្រែន។ យន្តហោះគ្មានមនុស្សបើកទាំងនោះ បានធ្វើការវាយប្រហារពេញមួយយប់ លើទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងតំបន់របស់អ៊ុយក្រែន ជាពិសេសរដ្ឋធានីកៀវ។
យន្តហោះគ្មានមនុស្សបើកបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងអ្នកផ្សេងទៀតរងរបួស ស្របពេលដែលកំទេចកំទីយន្តហោះគ្មានមនុស្សបើក បានបង្កឱ្យមានអគ្គីភ័យនៅក្នុងអគារនានា នៅទូទាំងរដ្ឋធានីផងដែរ។ អគ្គីភ័យដោយសារបំណែកយន្តហោះគ្មានមនុស្សបើកទំហំ ៧០០ ម៉ែត្រការ៉េ ត្រូវបានពន្លត់ ប៉ុន្តែអគារនៅក្នុងទំហំផ្ទៃដី ១,០០០ ម៉ែត្រការ៉េ ត្រូវបានខូចខាត៕

ចែករំលែកព័តមាននេះ