ព្រែកជីកហ្វូណនតេជោ តម្លៃ១.៧០០លានដុល្លារ ចម្ងាយ១៨០គីឡូម៉ែត្រចេញពីភ្នំពេញឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកែប និងខេត្តកំពត ជាគម្រោងថ្មីមិនដែលមាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ វានឹងផ្តល់ផលចំណេញមហាសាលទាំងសេដ្ឋកិច្ច សង្គម បរិស្ថាន និងកិត្យានុភាពជាតិ ។
គម្រោងនេះ នៅមិនទាន់អនុវត្តទេ ប៉ុន្តែវាបានចេញដំណើរហើយ ក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តយល់ព្រម ដោយគណៈរដ្ឋមន្ត្រីនៅសម័យប្រជុំកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ថ្មីៗកន្លងទៅនេះ ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា គណៈរដ្ឋមន្ត្រីបានឯកភាពលើគម្រោងនេះ ហើយក៏បានផ្ដល់អនុសាសន៍ណែនាំឲ្យធ្វើការសិក្សាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ។
ក្រោយគណៈរដ្ឋមន្ត្រីអនុម័ត នៅពេលនេះគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា កំពុងតែរៀបចំជូនដំណឹងទៅបណ្តាប្រទេសដែលជាសមាជិកគណៈកម្មការធិការទន្លេមេគង្គ ពីព្រោះ កម្ពុជាគឺជាប្រទេសហត្ថលេខីមួយនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឈន៍ប្រកបដោយចីរភាព នៃតំបន់អាងទន្លេមេគង្គ ពីព្រោះគម្រោងនេះ ត្រូវតភ្ជាប់រវាងទន្លេបាសាក់ដែលជាប្រព័ន្ធនៅក្នុងអាងទន្លេមេគង្គចុះទៅសមុទ្រ ។ ហើយដោយឡែកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងតែសហការជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូនកំពុង រៀបចំគម្រោងវិនិយោគលំអិត ។
គម្រោងនេះ គឺជាគម្រោងថ្មីបំផុតមិនដែលមាននៅកម្ពុជាឡើយ ហើយដើម្បីអនុវត្តគម្រោងនេះ វាជៀសមិនរួចពីផលប៉ះពាល់ខ្លះ ជាពិសេសគឺបញ្ហាសង្គមជីវភាព ដីធ្លី អេកូឡូស៊ី និងធនធានធម្មជាតិខ្លះ ប៉ុន្តែបើតាមរបាយការណ៍ដែលក្រសួងសធារណការ និងដឹកជញ្ជូន ផលប៉ះពាល់ទាំងនេះ គឺតិចបំផុតបើធៀបនឹងគម្រោងផ្សេងៗ ។
ប្រភពដដែលបានអះអាងថា គម្រោងនេះ ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រចតុកោណ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។ មកដល់ពេលនេះ កម្ពុជាកំពុងតែអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក និងអាកាសយ៉ាងពេញទំហឹង ប៉ុន្តែកំពុងតែគិតគូរលើផ្លូវដែក និងផ្លូវទឹក។
ទន្លេមេគង្គជាផ្លូវទឹកកម្ពុជា មានសក្តានុពលខ្លាំងចាប់ពីព្រំប្រទល់ឡាវ ដល់វៀតណាម នៅចម្ងាយប្រមាណជា ៥០០ គីឡូម៉ែត្រកាត់ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម រាជធានីភ្នំពេញ កណ្តាល និងព្រៃវែង។ ទន្លេបាសាក់ ដែលមានប្រវែង ១៩០ គីឡូម៉ែត្រ កាត់រាជធានីភ្នំពេញ និង កណ្តាលចុះទៅវៀតណាម ទន្លេសាបមានប្រវែងជាង ១០០ គីឡូម៉ែត្រ ហូរចាក់ទៅកំពង់ឆ្នាំង និងបឹងទន្លេសាប ដែលរួមមាន ៖ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំជាដើម។
ផ្លូវទឹកទាំងនេះ គឺបន្តគ្នា ហើយសុទ្ធតែឆ្លងកាត់រាជធានី ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ ប្រទេសទាំងអស់ ដែលអាចនឹងសម្រួលការដឹកជញ្ជូនតាមផ្លូវទឹក ប៉ុន្តែនៅពេលនេះ មិនទាន់សកម្មនៅឡើយ ដូច្នេះហើយទើបតម្លៃនៃការដឹកជញ្ជូនទំនិញនៅក្នុងស្រុកយើង ហាក់នៅថ្លៃ ពីព្រោះការដឹកជញ្ជូនប្រហែលជាលើស ៩០ ភាគរយ គឺតាមផ្លូវគោក ដែលមានតម្លៃខ្ពស់។
ម្យ៉ាងវិញទៀត កម្ពុជាក៏នៅមិនទាន់មានឯករាជភាពនៃវិស័យដឹកជញ្ជូនទំនិញចេញក្រៅ ប្រទេសតាមផ្លូវទឹកនៅឡើយ ដោយកម្ពុជាត្រូវពឹងដង្ហើមវៀតណាម ប៉ុន្តែប្រសិនបើគម្រោងនេះអនុវត្តនោះ ឯករាជ្យភាពនៃវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា នឹងមានពេញទំហឹងតែម្តង។
ទោះមិនទាន់រីកចម្រើននៅពេលនេះ ប៉ុន្តែគេដឹងថា វិស័យដឹកជញ្ជូនតាមផ្លូវទឹក គឺជាវិស័យដ៏មានសារៈសំខាន់ និងមានសក្តានុពលធំធេងសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនទំនិញ និងទេសចរណ៍ចុះកាន់តែទាប កាត់បន្ថយការបំភាយផ្សែងពុលក្នុងបរិស្ថាន និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀតនៅកម្ពុជា។
តាមការសិក្សាព្រែកជីកហ្វូណនតេជោនេះ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
លើផ្នែកបរិស្ថាន ការរចនាប្លង់វិស្វកម្ម និងស្ថាបត្យកម្មលើគម្រោងនេះ ត្រូវបានគិតគូរ ជាពិសេសគឺបញ្ហាជម្រាបទឹកប្រៃចូលទឹកសាបតាមព្រែកជីកនេះ ដែលជាក្តីបារម្ភធំជាងគេ ។ លទ្ធផលនៃការសិក្សាវិភាគផ្នែកជលសាស្ត្រ និងរំហូរទឹក កករទឹក និងការជ្រៀតចូលនៃ ទឹកប្រៃ គម្រោងនេះនឹងត្រូវការប្រើប្រាស់ទឹកជាមធ្យមតិចជាង ២% ប៉ុណ្ណោះពីទន្លេ និងព្រែកធម្មជាតិក្នុងស្ថានភាពរបបជលសាស្ត្រធម្មតា។ ក្នុងករណីមានបម្រែបម្រួលអាកាសធាតុ ដែលបណ្ដាលឱ្យកម្ពស់ទឹកសមុទ្រកើនឡើងលើសពី ០,៥ម៉ែត្រ លើកម្រិតធម្មតាហើយទ្វារនៃសន្ទះផ្លូវទឹកត្រូវបានបើកចំហ ៩០%ក្នុងមួយថ្ងៃ នោះអាចបណ្តាលឱ្យមានការជ្រៀតចូលទឹកប្រៃពីសមុទ្រក្នុងកម្រិតអតិបរមាប្រមាណត្រឹមតែ ១,២៣% ប៉ុណ្ណោះ ដែលបរិមាណនេះជាចំនួនតិចតួចនឹងមិនអាចបណ្តាលឱ្យមានផលប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីនោះទេ។ ក្នុងករណីដែលបិទសន្ទះផ្លូវនាវាចរណ៍ ១០០%ក្នុងមួយថ្ងៃ នោះកម្រិតទឹកនឹងនៅដដែល ដោយមិនអាចបណ្ដាលឱ្យបាត់បង់ ឬប្រែប្រួលរំហូរទឹកនោះទេ។
បើតាមលទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី ក្នុងអំឡុងពេលអនុវត្តគម្រោងសាងសង់ អាចនឹងមានផលប៉ះពាល់បរិស្ថានតិចតួច ប៉ុន្តែរំពឹងថា អាចគ្រប់គ្រងបានតាមរយៈការប្រើប្រាស់វិធានគ្រប់គ្រងបរិស្ថាន និងសំណល់តាមស្ដង់ដារជាតិ និងអន្តរជាតិដែលមានស្រាប់ និងធ្លាប់បានអនុវត្តរួច មកហើយលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរបស់ក្រសួងប្រកបដោយប្រសិទ្ធភាព។
លទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកសេដ្ឋកិច្ច ការវិនិយោគ និងគណនាផលប្រយោជន៍ សេដ្ឋកិច្ច បានបង្ហាញថា គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ៤ឆ្នាំ តែគម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននា ពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាម ប្រមាណ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។
គម្រោងនេះ នឹងផ្ដល់ផលចំណេញលើតម្លៃដឹកជញ្ជូនប្រមាណ ១៧០លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ២០ហ្វីត ស្មើនឹង (១TEUs) និងចំណេញប្រមាណ ២២៣លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទ កុងតឺន័រ ៤០ហ្វីត (២TEUs) ដែលតម្លៃនេះ គឺទាបជាងតម្លៃដឹកជញ្ជូននាពេល បច្ចុប្បន្នប្រមាណ ១៦%។
ក្រៅពីនេះគម្រោងនេះ ក៏នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតរួមមានដូចជា ៖ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញ ការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ ។ ដោយឡែកវិស័យទេសចរណ៍ និង អចលនៈទ្រព្យក៏នឹងមានសន្ទុះវិជ្ជមាននៅក្នុងតំបន់ ស្របតាមបណ្តោយព្រែកជីកនេះផងដែរ។
សរុបសេចក្តីទៅ ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០ គីឡូម៉ែត្រ ទទឹងប្រមាណជា ៨០ទៅ ១០០ ម៉ែត្រ និង ជម្រៅ ៥,៤ ម៉ែត្រ ដោយចំណាយទុនប្រមាណជា១.៧០០ លានដុល្លារ នឹង ធ្វើឲ្យកម្ពុជាកាត់បន្ថយការចំណាយថ្លៃដើមដឹកជញ្ជូន បង្ហាញពីឯករាជ្យភាពនៃកម្ពុជា ហើយនឹងលើកកម្ពស់សេដ្ឋកិច្ច ទេសចរណ៍ និង អចលនទ្រព្យ ។ ដោយ ៖ ហេង ចេស្តា
ចែករំលែកព័តមាននេះ