ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រុយ​ណេសម្រិត​​សម្រាំង​យក​អត្ត​ព​លិ​ក​១២​រូប មក​ប្រកួត​​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​នៅ​កម្ពុជា

10 ខែ មុន

ព្រុយ​ណេ ៖ ប្រទេស​ព្រុយ​ណេ​ដា​រូ​សា​ឡឹម នឹង​បញ្ជូន​សមាជិក​ជម្រើសជាតិ​ចំនួន​២៣​រូប ទៅ​ចូលរួម​

ព្រុយ​ណេ ៖ ប្រទេស​ព្រុយ​ណេ​ដា​រូ​សា​ឡឹម នឹង​បញ្ជូន​សមាជិក​ជម្រើសជាតិ​ចំនួន​២៣​រូប ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​ឡើង​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​៩ ខែមិថុនា ឆាប់​ៗ​ខាង​មុខ​នេះ​។ ដោយនៅ​ក្នុង​ចំណោម​នោះ មាន​អត្ត​ព​លិ​ក​ចំនួន​១២​រូប នឹង​ធ្វើការ​ប្រកួត​លើ​ប្រភេទ​កីឡា​វាយ​សី អត្តពលកម្ម និង​ហែល​ទឹក​។

លោក Dato Seri Setia Awang Haji Nazmi bin Haji Mohamad រដ្ឋមន្ត្រីក្រសួង​វប្បធម៌ យុវជន និង​កីឡា​របស់​ប្រទេស​ព្រុយ​ណេ កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា កន្លង​ទៅ បាន​ប្រគល់​ទង់ជាតិ​ប្រទេស​ដល់​មន្ត្រី​ដឹកនាំ​បេសកកម្ម​គឺ​លោក Awang Haji Ali Yusri bin Haji Abdul Ghafor នៅ​ក្នុង​ពិធី​ដែល​ធ្វើ​ឡើង​នៅ​ក្រសួង​ផ្ទាល់​តែ​ម្តង​។ ហើយ​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​អត្ត​ព​លិ​ក​ជាតិ​ទាំងអស់ ដែល​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ នៅ​កម្ពុជា នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ត្រូវ​តែ​បង្ហាញ​ស្មារតី​ប្រកួតប្រជែង ដើម្បី​នាំ​មក​នូវ​ភាព​រុងរឿង​ដល់​ប្រទេស​ជាតិ​ត្រឡប់​មក​វិញ​។

លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ការ​ជ្រើសរើស​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ គឺ​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង និង​បន្ត​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អនុវត្ត​ការ​ហ្វឹកហាត់​ជា​ប្រព័ន្ធ ក៏​ដូច​ជា​ស្មារតី​ប្រកួតប្រជែង​ដ៏​រឹង​មាំ​ដែល​បាន​បង្ហាញ​កន្លង​មក​។ លើស​ពី​នេះ​ទៀត លោក​ក៏​បាន​ក្រើនរំលឹក​ដល់​អត្ត​ព​លិ​ក​ទាំងអស់ ជៀសវាង​ការ​ប្រើប្រាស់​សារធាតុ​ហាមឃាត់ ដែល​អាច​បណ្តាល​ឱ្យ​បាត់បង់​សិទ្ធិ ឬ​ព្យួរ​ពី​ការ​ប្រកួត​។

ជា​ចុង​ក្រោយ​លោក​រដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​សារ​ដល់​អត្ត​ព​លិ​កថា «​អត្ត​ព​លិ​ក​ត្រូវ​តែ​ផ្តោតអារម្មណ៍​ជា​និច្ច និង​មាន​ស្មារតី​ត្រឹមត្រូវ ដើម្បី​សម្រេច​បាន​នូវ​ជ័យជម្នះ នាំ​មក​នូវ​ភាព​រុងរឿង​ដល់​ប្រទេស​ជាតិ និង​ធ្វើ​ឱ្យ​ប្រទេស​មាន​មោទកភាព ហើយ​ក៏​ដូច​ជា​បង្កើត​ប្រវត្តិសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍន៍​កីឡា​របស់​ប្រទេស​ព្រុយ​ណេ​»​។

ព្រុយ​ណេ​រំពឹង​ធ្វើ​បាន​លទ្ធផល​ល្អ​ពី​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ នៅ​កម្ពុជា ខណៈ​ដែល​កាលពី​ព្រឹត្តិការណ៍​លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ឥណ្ឌូ​ណេ​ស៊ី ពួក​គេ​បាន​បញ្ចប់​ទៅ​ចំណាត់ថ្នាក់​លេខ​១០ នៃ​តារាង​មេដាយ​សរុប ក្នុង​ចំណោម​ប្រទេស​ចូលរួម​ចំនួន​១១ ដោយ​ព្រុយ​ណេ​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន ៤​គ្រឿង មាស ១​គ្រឿង និង​សំរឹទ្ធ ៣​គ្រឿង​៕ (​ដកស្រង់​ចេញពី​សារព័ត៌មាន​ព្រុយ​ណេ Borneo Bulletin)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ