រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរឱ្យ «ប្រុងប្រយ័ត្នបន្តការពារ ការចម្លងវីរុសកូវីដ-១៩ ពពួក Omicron XBB.1.5» ខណៈមានការកើនឡើងនូវអ្នកជំងឺកូវីដ-១៩ ច្រើននៅប្រទេសថៃ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នេះ បានបង្ហាញថា ៖ មន្ទីរពេទ្យ Siriraj Piyamaharajkarun បានប្រកាសថា ខ្លួនមិនអាចទទួលយកអ្នកជំងឺកូវីដ-១៩ ទៀតទេ ដោយសារគ្រាំទាំងអស់សម្រាប់អ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរត្រូវបានដាក់អ្នកជំងឺកូវីដ-១៩ អស់ទាំងស្រុងហើយ។

នៅក្នុងសេចក្តីក្រើនរំលឹកប្រុងប្រយ័ត្នបន្តការពារការចម្លងវីរុសកូវីដ-១៩ ពពួក Omicron XBB.1.5 លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខភិបាល បានភ្ជាប់ជាមួយនឹងអត្ថបទដែលខាងថៃបានចុះផ្សាយថា មន្ទីរពេទ្យ Siriraj Piyamarajkarun បាននិយាយនៅលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃសៅរ៍ថា «គ្រែសម្រាប់អ្នកជំងឺកូវីដ-១៩ នៅគ្រប់បន្ទប់ទាំងអស់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) និងផ្នែកអ្នកជំងឺសម្រាកពេទ្យ (IPD) ត្រូវបានកាន់កា.ប់ទាំងសង»។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្តថា «ដូច្នេះ ខ្ញុំសូមក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់ថា ការកើនឡើងនូវករណីឆ្លងនៅតាមបណ្តាប្រទេសជិតខាង និងនៅលើសាកលលោក ជាសញ្ញាបង្ហាញថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ»។

លោកជំទាវវេជ្ជបណ្ឌិត បន្តថា ក្រោយពីអង្គការសុខភាពពិភពលោក (WHO) ប្រកាសថា៖ កូវីដ-១៩នៅជាបញ្ហាសុខភាពដែលបានកើតមានឡើងហើយ មិនមែនជាកង្វល់អន្តរជាតិទៀតទេ ប្រជាជនទូទៅលើសាកលលោក និងក្នុងតំបន់ ហាក់ដូចជាមានការធ្វេសប្រហែសខ្លះៗផង សន្តិភាពនិយមពេកខ្លះៗផង និងមិនទៅចាក់វ៉ាក់សាំងដូសជំរុញភាពសាំ ដែលបានធ្លាក់ចុះជាបណ្តើរៗផង ធ្វើឱ្យវីរុសនេះ មានឱកាសវ៉លុកឡើងវិញបាន ប្រហែលមកពីការយល់ច្រឡំថា វិបត្តិកូវីដ-១៩បានបញ្ចប់ហើយ តែតាមការពិតវាមិនទាន់ចប់នៅឡើយទេ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ថ្លែងថា «យើងត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីសុខភាពល្អរៀងៗខ្លួន និងទប់ស្កាត់ការវិលត្រឡប់ទៅរកសភាពលំបាករស់នៅដូចពេលមុនៗ។ យើងមិនដឹងថា នឹងមានការបំប្លែងវីរុសកូវីដ-១៩ថ្មី ដល់ត្រឹមណាទេ ហើយបើវាចេះតែបំប្លែងខ្លួនវាដូច្នេះ ហើយបើវាអាចចាប់ដៃជាមួយមេរោគផ្សេងៗទៀត ក្លាយជាមេរោគថ្មីស្រឡាងមួយទៀតដែលមានភាពឆ្លងខ្លាំងជាងមុនៗ និងធ្ងន់ធ្ងរជាងពេលមុនៗនោះ។ តើពិភពលោកនឹងអាចកើតមានជាវិបត្តិធ្ងន់ធ្ងរទៀតដែរទេ? តែមានការអំពាវនាវរួចហើយថា យើងត្រូវតែបន្តការពារ និងត្រៀមលក្ខណ:ជាមុននៅលទ្ធភាពផ្ទុះឡើងនូវការឆ្លងថ្មីៗនាពេលខាងមុខ (New pandemic)»។

ដូច្នេះ យើងត្រូវរួបរួមគ្នាបន្តការពារ (៣ ការពារ និង ៣កុំ ទៅតាមការវាយតម្លៃស្ថានភាពរបស់ខ្លួនត្រឹមត្រូវ) និងរៀនរស់នៅជាមួយវត្តមាននៃមេរោគទាំងឡាយមានទាំងវីរុសកូវីដ-១៩ ផងដែរនោះ ដោយស្មារតីទទួលខុសត្រូវ ត្រៀមលក្ខណៈឱ្យបានល្អប្រសើរ បន្តថែរក្សាសុខភាព និងសុវត្ថិភាពផ្នែកផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ ដើម្បីឆ្ពោះទៅរកការរស់នៅបានយូរអង្វែងជាមួយនឹងសុខភាពល្អប្រសើររបស់យើងទាំងអស់គ្នា៕


ចែករំលែកព័តមាននេះ