រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆ.ក់ខ្សែក១ខ្សែពីស្ត្រីម្នាក់បានសម្រេច បន្ទាប់មកបានជិះម៉ូតូគេចខ្លួនបាត់លុះ៧ថ្ងៃក្រោយមកទើបនគរបាលធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបាននាំយកទៅសាកសួរ ហើយជនសង្ស័យបានសុំទោសប្រពន្ធ និងប្រាប់ថា«បងដើរផ្លូវខុសហើយអូន» ។

ហេតុការណ៍នោះបានកើតឡើងតាំងពីវេលាម៉ោង០៦និង២០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅជិតបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ឈ្មោះ តេង បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1JX-8157 លេខតួ និងលេខម៉ាស៊ីន 8342320 ។

ជននេះត្រូវនគរបាលធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន កាលពីវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ។ ដោយឡែកស្ត្រីរងគ្រោះឈ្មោះ ទូច ស៊ីណេ ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ បាត់បង់ខ្សែកប្លាទីន១ខ្សែទម្ងន់៤ជី ។
នគរបាលបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរចេញពីបន្ទប់ជួលដែលមានចម្ងាយប្រមាណ២០០ម៉ែត្រ ដើម្បីទៅទិញបាយហូបលុះពេលទិញបាយ រួចដើរត្រឡប់ទៅកាន់បន្ទប់ជួលវិញជិតដល់ទៅហើយ ស្រាប់តែជនសង្ស័យខាងលើជិះម៉ូតូទៅជិត រួចឆ.ក់ខ្សែកបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
បន្ទាប់មកស្ត្រីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រឲ្យជួយអន្តរាគមន៍ ហើយកម្លាំងនគរបាលបានធ្វើការស្រាវជ្រាវរយៈពេល៧ថ្ងៃ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យបាន ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា នៅពេលសួរនាំជនសង្ស័យខាងលើបានឆ្លើយសារភាពប្រាប់ថា កាលពី៧ថ្ងៃមុនកន្លងទៅនេះខ្លួនពិតជាបានធ្វើសកម្មភាពឆ.ក់ខ្សែកពីស្ត្រីរងគ្រោះប្រាកដមែន ។ បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យហើយកម្លាំងនគរបាលបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ។ ជននោះក៏ឆ្លៀតសុំទោសប្រពន្ធ និងផ្ដាំផ្ញើពាក្យសម្ដីរបស់ខ្លួនប្រាប់ប្រពន្ធថា«បងដើរផ្លូវខុសហើយអូន»៕
ចែករំលែកព័តមាននេះ