ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់​ព្រមាន​ទម្លាយ​ឈ្មោះ​មន្ត្រី​នានា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទន្ទ្រាន​យក​ដី​តំបន់​៣​​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ តាម​រយៈ​សារ​ជា​សម្លេង​ដែល​គេ​ស្គាល់​ថា ជា​សម្លេង​របស់​មន្ត្រី​យោធភូមិ​ភាគ​៥​ម្នាក់ ដែល​ជាប់​ឈ្មោះ​អាស្រូវ​ខ្លាំង​បំផុត​ក្នុង​រឿង ​«​ទន្ទ្រាន​យក​ដី​តំបន់​៣» នៅ​ក្នុងស្រុក​មោង​ប្ញ​ស្សី បាន​ព្រមាន​ត្រង់​ៗ​ថា «​ខ្ញុំ​នឹង​ទម្លាយ​ទាំងអស់​នូវ​ឈ្មោះ​មន្ត្រី​នានា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង…

ខេត្តបាត់ដំបង ​៖ តាម​រយៈ​សារ​ជា​សម្លេង​ដែល​គេ​ស្គាល់​ថា ជា​សម្លេង​របស់​មន្ត្រី​យោធភូមិ​ភាគ​៥​ម្នាក់ ដែល​ជាប់​ឈ្មោះ​អាស្រូវ​ខ្លាំង​បំផុត​ក្នុង​រឿង ​«​ទន្ទ្រាន​យក​ដី​តំបន់​៣» នៅ​ក្នុងស្រុក​មោង​ប្ញ​ស្សី បាន​ព្រមាន​ត្រង់​ៗ​ថា «​ខ្ញុំ​នឹង​ទម្លាយ​ទាំងអស់​នូវ​ឈ្មោះ​មន្ត្រី​នានា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង ដី​តំបន់​៣ ប្រាប់​តុលាការ ប្រសិនបើ​តុលាការ​ហៅ​ខ្ញុំ​ទៅ​សួរនាំ​អំពី​រឿង​ដី​នោះ​»​ ។ សារ​ជា​សម្លេង​ដែល​​មាន​រយៈពេល​«២និង​៣១​នាទី​»​នេះ ត្រូវ​គេ​អះអាង​ថា ជា​សម្លេង​របស់​លោក អ៊ី សេង​ហុង មន្ត្រី​យោធភូមិ​ភាគ​៥ ដែល​លោក​បាន​និយាយ​ព្រមាន​ទៅ​កាន់​ប្រធាន​សហ​គម​ន៏​ម្នាក់​នៅ​ក្នុង​មូលដ្ឋាន តាម​ទូរស័ព្ទ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ហើយ​ត្រូវ​បាន​គេ​ផ្ញើ​ចែករំលែក​បន្ត​គ្នា​ជា​បន្តបន្ទាប់​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម និង​តាម​បណ្ដាញ​សង្គម​ ។

​លោក អ៊ី សេង​ហុង ត្រូវ​គេ​ស្គាល់​ថា លោក​ជា​មន្ត្រី​យោធភូមិ​ភាគ​ទី​៥ តែ​ការងារ​របស់​លោក ហាក់​មមារញឹក​ខ្លាំង​បំផុត គឺ​ដើរ​ប្រព្រឹត្ត​បទល្មើស​នៅ​តំបន់​ទន្លេសាប​ ។ ជា​ពិសេស​រឿង «​រំលោភ​បំពាន ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣» ដែល​ជា​តំបន់ហាមឃាត់​ដោយ​ច្បាប់ យក​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់ខ្លួន​ ។ ទីតាំង​ដែល​មន្ត្រី​រូប​នេះ រំលោភ​បំពាន​យក ត្រូវ​គេ​រាយ​ការ​ណ៏​ថា ភាគច្រើន​នៅ​​ក្ន​ង​ភូមិសាស្ត្រ ឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី ដែល​ពេល​នេះ​កំពុង​ប្រឈម​នឹង​ផ្លូវច្បាប់​ផង​ដែរ ​។ តាម​រយៈ​សារ​ជា​សម្លេង​ដែល​បាន​បែកធ្លាយ លោក អ៊ី សេង​ហុង ហាក់​បាន​ចង្អុលមុខ​ចំ​ៗ ចំពោះ​មន្ត្រី​មួយ​ចំនួន ដែល​បាន​រំលោភ​បំពាន​យក​ដី​តំបន់​៣ ជាមួយ​ខ្លួន​នា​ពេល​កន្លង​មក​ ។

ជា​ពិសេស ​លោក សេង​ហុង បាន​ចង្អុល​ចំ​មុខ​លោក​អភិបាលស្រុក​មោង​ប្ញ​ស្សី​តែ​ម្ដង ដែល​លោក​ចោទ​ថា «​បាន​ដី​ពី​លោក​ហើយ ថែម​ទាំង​យក​លុយ​ពី​លោក​យ៉ាងច្រើន​ទៀត​»​។

នៅ​ក្នុង​សារ​សម្លេង​​នោះ មន្ត្រី​យោធា​ដែល​ល្បីល្បាញ​ជាងគេ រឿង​«​ទន្ទ្រាន​យក​ដី​តំបន់​៣» ខាង​លើ​នេះ បាន​និយាយ​ក្នុង​ន័យ​សម្លេង​ដើម​ថា « រឿង​ដី​នេះ​មុន​នឹង​ធ្វើ គឺ​តាម​រយៈ​អាជ្ញាធរ​ដែនដី​ទាំងអស់ ចឹ​ង​លោក​ហន (​ចៅហ្វាយស្រុក​) ក៏​ទ​ទូល​ផល​… លុយ​ផង ដី​ផង ទាំង​លោក​វ៉ា​ន់ លោក​អី​… ក៏​ទ​ទួល​គ្រប់​គ្នា​ ។ បើ​និយាយ​ទៅ​ក្នុងស្រុក ទ​ទូល​គ្រប់​គ្នា​ទាំងអស់​។ ចឹ​ង​ការងារ ដែល​ខ្ញុំ​ចូល​តុលាការ បើសិន​គេ​សួរ​… ខ្ញុំ​ត្រូវ​តែ​និយាយ ត្រូវ​តែ​ឆ្លើយ​ទាំងអស់​។ ព្រោះ​លោក​ហន (​ចៅហ្វាយ​ស្រុក​) យក​លុយ​ក៏​ច្រើន និង​យក​ដី​០៥​ហិច​តា​។ លោក​វ៉ា​ន់ ០៥​ហិច​តា ហើយ​ខ្ញុំ​ធ្វើ​ឲ្យ​ម៉ា​ស្អាត​ទាំងអស់​… ទើបបាន​ខ្ញុំ​សុខ​។ បើ​លោក​អស់ហ្នឹង​មិន​បាន​ទ​ទូល​ផល​ទេ គឺ​ខ្ញុំ​ធ្វើ​អត់​បាន​ទេ​។ ចឹ​ង​ការងារ​អស់នេះ​ខ្ញុំ​ត្រូវ​តែ​និយាយ​…»​។ ខ្លឹមសារ​មួយ​ផ្នែក នៃ​សារ​សម្លេង​នោះ មន្ត្រី​យោធា​រូប​នេះ ត្រូវ​គេ​សន្និដ្ឋាន​ថា បាន​និយាយ​សំដៅ​ទៅ​កាន់​មនុស្ស​ម្នាក់ ដែល​លោក​ធ្លាប់​គោរព​យ៉ាង​ស្និត​ស្នាល​កន្លង​មក ក្នុង​ការ​ធ្វើ​ការងារ​រួម​គ្នា​កន្លង​មក​។

លោក សេង​ហុង បាន​លើក​ឡើង​ទៅ​កាន់​មនុស្ស​នោះ​ថា « ដូច​បង​… បង​ដឹង​ហើយ បង​ឯង​រាប់អាន​ជាមួយ​ខ្ញុំ តែ​ចុងកន្ទុយ​ឈ្មោះ​… បង​ឯង ទៅ​បំភ្លឺ​នៅ​ស្រុក អី​.. អី​.. ណា​ណី​..​។ ខ្ញុំ​ខំ​ស្រលាញ់​បង​ឯង ដូច​បង​បង្កើត មិន​គួរ​ណា​បង​ឯង​ទៅ​ធ្វើ​ចឹ​ង ? បង​ទៅ​ថត​ដី​ខ្ញុំ ថត​អី​..! ចំនួន​ប៉ុន្មាន​.. អី​ប៉ុន្មាន ? ក្រៅពី​ហ្នឹង​បង​ឯង​អត់​ទៅ​ថត​ទេ ? ចឹ​ង​ចាប់ពី​ថ្ងៃនេះ​ទៅ ដី​នៅ​កន្លែង​ណា អាណា​ធើ​អី​ៗ ទាំងអស់​.. ខ្ញុំ​នឹង​ទៅ​យក​ព័​ត៏​មាន​ទាំងអស់​..! ព្រោះ​ខ្ញុំ​នៅ​ភូមិភាគ​៥ ក្នុង​គណៈ​បញ្ជាការ​កងឯកភាព​ខេត្ត ភូមិភាគ​៥ ជា​អនុប្រធាន​… ខ្ញុំ​មិន​ដែល​និយាយ​អី​ទេ ធើ​ម៉េច​ឲ្យ​បាន​តែ​សុខ តែបើ​ខ្ញុំ​អត់​សុខ​ហើយ​ណា​… បងប្អូន​ទាំងអស់​ក៏​អត់​បាន​សុខ​ដែរ ខ្ញុំ​ចង់​និយាយ​ប្រាប់​បង
​ចឹ​ង​..»​។

ជា​ចុង​ក្រោយ លោក អ៊ី សេង​ហុង បាន​រំលឹក​ប្រាប់ ទៅ​កាន់​មនុស្ស​ដែល​លោក​ធ្លាប់​គោរព​រាប់អាន ចាត់​ទុ​ជា​បង​នោះ​ទៀត​ថា «​ខ្ញុំ​.. ស្អី​ក៏​ដោយ ឲ្យ​តែ​បង​ខ្វះខាត​ស្អី​… ខ្ញុំ​ជួយ​បង​រហូត​..! ខ្ញុំ​មិន​ខ្លាច​បង​ទេ តែ​ខ្ញុំ​ជួយ​ការងារ ព្រោះ​ខ្ញុំ​ភូមិភាគ​៥ ខ្ញុំ​អត់​ត្រូវ​ខ្លាច​បង​ទេ តែ​នេះ​ជា​ការងារ​របស់ខ្ញុំ ដែល​ខ្ញុំ​ជួយ​បង នឹកឃើញ​ថា យើង​រាប់អាន​គ្នា ជៀសវាង​អីចេះ អីចុះ​..! តែ​ចុង​ក្រោយមក វា​នៅ​តែ​ដដែល​ៗ​ហ្នឹង ? ខ្ញុំ​ជួយ​បង​ឥត​ប្រ​យោ​ជ​ន៏​ហ្នឹង ?​» ​។

នៅ​ក្នុង​រឿង​នេះ មន្ត្រី​ម្នាក់​បាន​ប្រាប់​ថា សម្លេង​បែក​ធ្លាយ​របស់​មន្ត្រី​យោធា​ឈ្មោះ អ៊ី សេង​ហុង ដែល​ស្ដាប់​ទៅ ទំនង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង​នេះ បាន​និយាយ​តាម​ទូរស័ព្ទ ស្ដីបន្ទោស​ទៅ​លើ​មេ​សហ​គម​ន៏​ម្នាក់ កាល​ថ្ងៃ​ទី ២៤ ឧសភា ព្រោះតែ​ខឹង​មេ​សហ​គម​ន៍​នោះ នាំ​គ្នា​ទៅ​ថត​ដី​របស់​លោក​នៅ​តំបន់​៣ រួច​រាយ​ការ​ណ៏​ជូន​ថ្នាក់លើ​ ។

តាម​រយៈ​សម្លេង លោក អ៊ី សេង​ហុង បាន​ចោទ និងចង្អុល​ត្រង់​ៗ​ថា លោក ទេព ហន អភិបាល​ស្រុក​មោង​ប្ញស្សី ក៏​ជា​អ្នក​ទ​ទូល​បាន​ផល​ប្រ​យោ​ជ​ន៏​ពី​លោក​ច្រើ​ក្រាស់ក្រែល​ដែរ ដោយ​ទ​ទូល​បាន​លុយ​យ៉ាងច្រើន​ផង និង ទ​ទូល​បាន​ទាំង​ដី​ចំនួន​០៥ហិក​តា​ពី​លោក​ថែម​ទៀត​ ។ ដោយឡែក​មន្ត្រី​នៅ​ស្រុក​នេះ​ដទៃ​ៗ​ទៀត ក៏​ទ​ទូល​បាន​អំណោយ​របៀប​ពុក​រលួយ​បែប​នេះ​ដូច​គ្នា​ដែរ ​។

ជុំវិញ​សំណុំ​រឿង​នេះ កោះសន្តិភាព មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក អ៊ី សេង​ហុង ដែល​គេ​អះអាង​ថា ជា​ម្ចាស់​សម្លេង​ដែល​បាន​បែកធ្លាយ​នោះ បាន​ភ្លាម​ៗ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ឧសភា រីឯ​លោក ទេព ហន អភិបាលស្រុក​មោង​ឬ​ស្សី ដែល​រង​ការ​ចោទប្រកាន់​ត្រង់​ៗ ពី​លោក អ៊ី សេង​ហុង ដែល​សំបូរ​រឿងអាស្រូវ​រំលោភ​បំពាន​ដី​ព្រៃ​លេច​ទឹក​តំបន់​៣ ក៏​មិន​អាច​ទំនាក់​ទំ​សុំ​កា​រប​ភ្លឺ​បាន​ដែរ​ក្នុង​ថ្ងៃ​ដដែល​នេះ​ដែរ​ ។

ប៉ុន្តែ​នៅ​ថ្ងៃ​ដដែល មន្ត្រី​រដ្ឋបាល​ស្រុក​មោង​ឬ​ស្សី មួយ​រូប​ដែល​ធ្លាប់​ចុះ​ស្រាវជ្រាវ​លើ​ករណី​នេះ បាន​ប្រាប់​កោះសន្តិភាព តែ​សុំ​មិន​ប្រាប់​ឈ្មោះ​ថា តាម​ពិត​លោក​អភិ​បាលស្រុក និង មន្ត្រី​មួយ​ចំនួន​ទៀត ដែល​លោក សេង​ហុង បាន​ចោទប្រកាន់​នោះ ពិតជា​ធ្លាប់​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក​មែន តែ​ក្រោយមក មន្ត្រី​ទាំងនោះ​រួម​ទាំង​លោក​ចៅហ្វាយស្រុក​ផង បាន​បោះបង់​ដី​តំបន់​៣ ទាំង​អស់​ប្រគល់​ជូន​រដ្ឋ​វិញ​អស់ហើយ​។ ប្រភព​ដដែល​បាន​ប្រាប់​ថា ការ​ស្ម័គ្រចិត្ត​ប្រគល់​ដី​តំបន់​៣ ទាំងនោះ​ជូ​ល​រដ្ឋ​វិញ ក្រោយ​ពី​រាជរដ្ឋាភិបាល​ប្រកាស​ដកហូត​ដី​រដ្ឋ​ទាំងនេះ ហើយ​ថែម​ទាំង​ប្រមា​ន​ចាត់ការ​តាម​ច្បាប់​ចំពោះ​មន្ត្រី ឬ បុគ្គល​ទាំងឡាយ​ណា​ដែល​រឹងទទឹង មិន​ព្រម​ប្រគល់​ដី​ជូន​រដ្ឋ​។

មន្ត្រី​រដ្ឋបាល​ស្រុក​រូប​នេះ បាន​បញ្ជាក់​ថា ក្រោយ​រាជរដ្ឋាភិបាល​ប្រកាស​បែប​នេះ ទាំង​លោក​អភិបាលស្រុក ទាំង​មន្ត្រី​ដទៃ​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​បាន​នាំ​គ្នា​ប្រគល់​ដី​តំបន់​៣ ដែល​មាន​ទាំងអស់​ជូន​រដ្ឋ​វិញ ហើយ​ម្នាក់​ៗ​ថែម​ទាំង​បាន​ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​សកម្មភាព​រំលោភ​បំពាន​ដី​រដ្ឋ​ទៀត​ផង​។ លើក​លេង​តែ​មន្ត្រី​យោធា ឈ្មោះ អ៊ី សេង​ហុង ម្នាក់​ទេ ដែល​មាន​ដី​ច្រើន​ជាងគេ​នៅ​តំបន់​៣ នោះ ហើយ​រឹង​រុះ​មិន​ព្រម​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​។

មិនតែប៉ុណ្ណោះ ជន​នេះ​កាន់តែ​ផ្គើន​លួច​ឈូស​ឆាយ​ពង្រីក​ដី​តំបន់​៣ នេះ​បន្ថែម​ទៀត​កាន់តែ​ធំ​ជាង​មុន​រហូត​ដល់​សព្វ​ថ្ងៃនេះ​។ បើ​តាម​សេចក្ដី​រាយ​ការ​ណ៏​បន្ថែម​ចុង​ក្រោយ ដែល​កោះសន្តិភាព ទើប​ទ​ទូល​បាន​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ «​ដី​តំបន់​៣» ដែល​មន្ត្រី​យោធភូមិ​ភាគ​៥ ឈ្មោះ អ៊ី សេង​ហុង កំពុង​កាន់កាប់ និង កំពុង​ឈូស​ឆាយ​ទន្ទ្រាន​យក​ថែម​ទៀត​នៅ​ពេល​នេះ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​អង្គ្រង ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី​។

សេចក្ដី​រាយ​ការ​ណ៏​បឋម​បាន​ឲ្យ​ដឹង​ថា ផ្ទៃដី​តំបន់​៣ ដែល​លោក ហុង កំពុង​គ្រប់គ្រង​សព្វ​ថ្ងៃនេះ មាន​ប្រហែល​ជាង​៥០​ហិច​តា នៅ​ចំណុច​ភូមិសាស្ត្រ​ខាងលើ​នេះ​។ ប៉ុន្តែ​មាន​ប្រភព​ខ្លះ​បាន​ប្រាប់​ថា លោក ហុង មាន​ដី​ត្រឹមតែ​ចំនួន​១៦​ហិច​តា​ទេ ដែល​លោក​នឹង​កូនចៅ​របស់​លោក​កំពុង​អាស្រ័យ​ផល​សព្វថ្ងៃ​។ ហើយ​ចំនួន​ដី​១៦​ហិច​តា​នេះ​ហើយ ដែល​មន្ត្រី​ជំនាញ​សរសេរ​ចូល​ក្នុង​កំណត់ហេតុ ប្ដឹង​ចូល​ទៅ​កាន់​តុលាការ ស្នើ​ឲ្យ​ចាត់ការ​តាម​ច្បាប់ កាល​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។

មន្ត្រី​ស្រុក​មោង​ឬ​ស្សី​ម្នាក់​ទៀត ដែល​បានដឹង​រឿង​នេះ បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី ២៦ ឧសភា ថា លោក អ៊ី សេង​ហុង ហាក់​ព្រម​ថមថយ​ទេ ចំពោះ​ការ​រំលោភ​បំពាន​ច្បាប់​រឿង​«​ទន្ទ្រាន​ដី​តំបន់​៣» ខាងលើ​នេះ​។ ហើយ​ពេល​នេះ​លោក​ហុង ពិតជា​កំពុង​ប្រឈម​នឹង​ផ្លូវ​តុលាការ​មែន​។

ដោយសារ​តែ​ត្រូវ​មន្ត្រី​ជំនាញ​ដាក់​បណ្ដឹង​ចូល​តុលាការ​រឿង​«​ទន្ទ្រាន​ដី​តំបន់​៣» បែប​នេះ​ហើយ ទើប​លោក អ៊ី សេង​ហុង ក្ដៅក្រហាយ បាន​ទូរស័ព្ទ​ទៅ​ស្ដីបន្ទោស​មេ​សហ​គម​ន៏​យ៉ាង​ចាស់ដៃ រហូត​បែកធ្លាយ​សម្លេង​ខឹងសម្បារ និង និយាយដើម​អាស្រូវ​ពី​លោក​ចៅហ្វាយស្រុក​មោង​ឬ​ស្សី និង មន្ត្រី​ដទៃ​ៗ​ទៀត​បែកផ្សែង ក្នុង​រឿង​ឃុម​ឃិ​ត​គ្នា​«​ទន្ទ្រាន​យក​ដី​តំបន់​៣» ដែល​ច្បាប់​ហាមឃាត់​។

ប្រភព​ព័​ត៏​មាន​ជា​ច្រើន ដែល​កោះសន្តិភាព ទ​ទូល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ឧសភា នេះ​ជា​បន្តបន្ទាប់ និង មាន​ខ្លឹមសារ​ប្រហាក់ប្រហែល​គ្នា​ថា សព្វថ្ងៃ​គេ​ឃើញ​មន្ត្រី​យោធា​ឈ្មោះ អ៊ី សេង​ហុង និង កូន​ចៅ​មួយ​ចំនួន​ទៀត តែង​ដេក​ប្រចាំការ​យាម​ដី​តំបន់​៣ នោះ​ស្ទើរ​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​គ្មាន​នរណា​​ហ៊ាន​ដើរទៅ​ក្បែរ​ទេ​។ ព្រោះ​កូនចៅ​លោក​សេង​ហុង តែង​ឈ្លេច​សួរនាំ​ពី​គោលដៅ​អ្នក​ដែល​ដើរ​ឆ្លង​តាក់​តំបន់​នោះ ក្រែង​អ្នកដំណើរ​ទាំងនោះ​ជា​សមាសភាព​មន្ត្រី​បន្លំ​ខ្លួន​ចូល​ស៊ើប​ដី​តំបន់​៣​។ ប្រភព​បាន​រាយ​ការ​ណ៏​ថា សព្វថ្ងៃ​លោក​ហុង និង កូនចៅ មិន​បាន​សម្ងំ​ស្ងៀម​ទេ រឿង​ឈូស​ឆាយ​ពង្រីក​យក​ដី​តំបន់​៣ ត្រង់​ចំណុច​ខាងលើ​នេះ​។

មន្ត្រី​យោធា​រូប​នេះ តែង​ប្រើប្រាស់​គ្រឿងចក្រ​លួច​ឈូស​ឆាយ​ពង្រីក​យក​ដី​តំបន់​៣ នេះ​នៅ​ពេល​យប់ តែ​សម្រាក​ពេល​ថ្ងៃ​។ ព្រោះ​ខ្លាច​គេ​ឃើញ​សកម្មភាព បើ​ទោះជា​ដឹង​ថា ខ្លួន​ត្រូវ​បាន​មន្ត្រី​ជំនាញ​ដាក់​ពាក្យបណ្ដឹង​ចូល​តុលាការ​ហើយ​ក្ដី​។ បើ​តាម​មន្ត្រី​សាលាស្រុក​មោង​ឬ​ស្សី​នេះ បាន​បង្ហើប​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ លោក សុខ លូ អភិបាលខេត្ត បាន​សួរនាំ​ពី​រឿង​មន្ត្រី​យោធា ឈ្មោះ អ៊ី សេង​ហុង នេះ​ដែរ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដី​តំបន់​៣ ដែល​មន្ត្រី​ជំនាញ​ប្ដឹង​ចូល​ទៅ​កាន់​តុលាការ​។

មិនតែប៉ុណ្ណោះ លោក​អភិបាលខេត្ត បាន​ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ ដែល​ជាដើម​បណ្ដឹង​ត្រូវ​តាមដាន​លើ​សំណុំរឿង​នេះ​ឲ្យ​បាន​ដិត​ដល់ ហើយ​ត្រូវ​រាយ​ការ​ណ៏​ជូន​លោក​ឲ្យ​បានដឹង​ទៀត​ផង ខណៈ​សេចក្ដី​រាយ​ការ​ណ៏ បាន​អះអាង​ថា លោក អ៊ី សេង​ហុង និង កូនចៅ នៅ​តែ​ប្រើ​គ្រឿងចក្រ​លួច​ឈូស​ឆាយ​ពង្រីក​យក​ដី​តំបន់​៣ យ៉ាង​ព្រ​ហើយ​ន​ដដែល​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ