ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អនុវត្ត​គោលនយោបាយ ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​បាន​ល្អ ពលរដ្ឋ​រស់នៅ​ដោយ​ភាព​សុខសាន្ត​ គ្មាន​​ការ​​ភ័.យ​ខ្លា.ច

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​យកចិត្តទុកដាក់​លើ​វិស័យ​សន្តិសុខ​ជាតិ​យ៉ាង​

រាជធានី​ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​យកចិត្តទុកដាក់​លើ​វិស័យ​សន្តិសុខ​ជាតិ​យ៉ាង​ខ្លាំង ដោយ​បាន​បង្កើត​អោយ​មាន គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព ដើម្បី​អោយ​ថ្នាក់​ក្រោម​ជាតិ​អនុវត្ត សំដៅ​ធ្វើ​យ៉ាងណា​អោយ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​គ្មាន​ភាព​ភ័.យ​ខ្លា.ច ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ រាជរដ្ឋាភិបាល​នូវ​បាន​បង្កើត​អោយ​មាន ការ​ប្រឡងប្រណាំង​និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ចំពោះ​មូលដ្ឋាន​ណា​ដែល​អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​នេះ​បាន​ល្អ​ជាងគេ​ផង​ដែរ​។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សន្តិ​បណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ ត្រួតពិនិត្យ និង​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ «ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព» ស្ថិត​ក្នុង​សមត្ថកិច្ច​ក្រសួង មហាផ្ទៃ នៅ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ត្រួតពិនិត្យ និង​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​នៅ ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៣​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក​សន្តិ​បណ្ឌិត ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​៖ កិច្ចប្រជុំ​ខាងលើ​នេះ​ធ្វើ​ឡើង ក្នុង​គោលបំណង ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​អោយ​កាន់តែ​ល្អ​ប្រសើរ ជាមួយ​និង​ការ​គៀងគរ​អោយ​មានការ​ចូលរួម​អនុវត្ត​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ការ​អនុវត្ត​គោលនយោបាយ​នេះ អនុវត្ត​ទៅ​កាន់តែ​ល្អ​ប្រសើរ បង្ក​ភាព​កក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​។

លោក​សន្តិ​បណ្ឌិត ខៀវ សុភ័គ បាន​បន្ថែម​ទៀត​ថា កងកម្លាំង​និង​អាជ្ញាធរ​របស់​យើង​នេះ​ហើយ​ជា​អ្នក​រួមចំណែក​យ៉ាង​ពិតប្រាកដ ក្នុង​ការ​ធ្វើ​អោយ​ប្រទេស​ជាតិ ដែល​ដើរ​ចេញពី​ចំណុចសូន្យ រហូត​មានការ​អភិវឌ្ឍ​រីក​ចំរើន​ដូច​សព្វ​ថ្ងៃនេះ ។ លោក​បន្ត​ទៀត​ថា សម្តេច​អគ្គ​មហា​សនា​បតី តេ​ជោ ហ៊ុន សែន ជា​អ្នក​ស្វែងរក​សន្តិភាព ដោយ​បាន​ធ្វើ​អោយ​ប្រទេស​កម្ពុជា​មាន​សន្តិភាព ពេញ​ផ្ទៃ​ប្រទេស ក្រោយ​ពី​ខកខាន​ជាង​៥០០​ឆ្នាំ​មក​ហើយ​។

លោក ហ៊ុន សុ​រិ​ទ្ធី អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តំណាង​អោយ​លោក​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​លើក​ឡើង​ដែរ​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​យកចិត្តទុកដាក់​លើ​វិស័យ​សន្តិសុខ​ជាតិ ដែល​ជា​វិស័យ​អាទិភាព​មួយ​ដ៏​សំខាន់ ពីព្រោះ​ថា​វិស័យ​នេះ គឺជា​ឆ្អឹងខ្នង​សម្រាប់​ទ្រទ្រង់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​- សង្គម ព្រមទាំង​ការ​អភិវឌ្ឍ​វិស័យ​ដទៃ​ទៀត ស្រប​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ។

លោក​បន្ត​ថា ក្នុង​រយៈ ពេល ៥ ខែ ដើមឆ្នាំ​២០២៣ នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ចាត់តាំង​អនុវត្ត​យ៉ាង​ម៉ឹង​ម៉ាត់​នូវ​គោលនយោបាយ «ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» ដោយ​រក្សា​បាន​នូវ​សន្តិសុខ​-​សណ្តាប់ធ្នាប់​សាធារណៈ​យ៉ាង ល្អ​ប្រសើរ ជា​ពិសេស​ក្នុងអំឡុងពេល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ និង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា ស៊ី​ហ្គេ​ម លើក​ទី​៣២ ដែល​ទើប​កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ ប្រកបដោយ​បរិយាកាស​សប្បាយ​រីករាយ អធិកអធម និង​ពោរពេញ ដោយ​ក្តី​មោទនភាព​បំផុត​។

ជាមួយ​គ្នា​នេះ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ នេះ ទោះបី​ចំនូ​ន​បទល្មើស​ព្រហ្មទណ្ឌ​ដែល​បាន​កើត​មាន​ក្នុង​រាជធានី​ភ្នំពេញ មានការ​កើនឡើង ១៤៤/១៣៣​លើក កើនឡើង​ចំនួន ១១ លើក ស្មើនឹង ៨,២% ប៉ុន្តែ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ម្ចាស់​ការ​បង្ក្រាប​បទល្មើស​ទាំងនេះ សរុប​ចំនួន ១២២ ករណី ស្មើនឹង ៨៤,៧២% ចំនួន​បទល្មើស​រួម ដោយ​បាន​ឃាត់ខ្លួន​ជនល្មើស​ចំនួន ២០៦ នាក់ និង​បាន​ដកហូត​វត្ថុ​តាង ព្រមទាំង​សម្ភារ​ពាក់ព័ន្ធ មួយ​ចំនួន​ទៀត ដែល​នេះ បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​គោលនយោបាយ «​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​» ដូច ភ្លៀងរលឹម របស់​កងកម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​នៅ​រាជធានី​ភ្នំពេញ​។

គួរ​បញ្ជាក់​ថា​៖ គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ចំនួន​៧​ចំណុច​នេះ​រួម​មាន​៖ ១-ការ​ផ្តល់​សេវា​សាធារណៈ ជា​ពិសេស សេវា​រដ្ឋបាល​ប្រកបដោយ​គុណភាព តម្លាភាព និង​ទទួល​បាន​ជំនឿ​ទុកចិត្ត ២-គ្មាន​បទល្មើស​លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ ៣-មាន​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ ជា​ពិសេស​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ ៤-គ្មាន​អំពើ​អនាចារ គ្មាន​ការ​ជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ គ្មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ក្មេង​ទំនើង ៥-ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ៦-មាន​អនាម័យ មាន​សោភណភាព​ល្អ និង​បរិស្ថាន​ល្អ​៧. ឆ្លើយ​តប​បាន​ទាន់​ពេលវេលា ចំពោះ​គ្រោះ​មហន្តរាយ និង​រាល់​ជំងឺឆ្លង​រាតត្បាត​កា.ច​សាហា.វ​ប្រកបដោយ​ប្រសិទ្ធភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ