ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ឃើញ​ថា មានការ​ថយ​ចុះ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​វា​នៅ​តែ​ជា​ឃា​.​តក​រស​ម្លា​.​ប់​ជីវិត​មនុស្ស​នៅ​លើ​ទ្រូងផ្លូវ​ដដែល ។ ដូច្នេះ​សូមកុំ​បោះបង់​ការ​ប្រុង​ប្រយ័ត្ន និង​ខ្វះ​ការ​ទទួលខុសត្រូវ​នៅ​ពេល​ធ្វើ​ដំណើរ ។ តាម​តួរ​លេខ​ដែល​សមត្ថកិច្ច​បាន​កត់ត្រា​បាន​បង្ហាញ​ថា…

រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ឃើញ​ថា មានការ​ថយ​ចុះ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​វា​នៅ​តែ​ជា​ឃា​.​តក​រស​ម្លា​.​ប់​ជីវិត​មនុស្ស​នៅ​លើ​ទ្រូងផ្លូវ​ដដែល ។ ដូច្នេះ​សូមកុំ​បោះបង់​ការ​ប្រុង​ប្រយ័ត្ន និង​ខ្វះ​ការ​ទទួលខុសត្រូវ​នៅ​ពេល​ធ្វើ​ដំណើរ ។

តាម​តួរ​លេខ​ដែល​សមត្ថកិច្ច​បាន​កត់ត្រា​បាន​បង្ហាញ​ថា តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សមត្ថកិច្ច និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២៣ ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២២ ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បាន​កាត់​បន្ថយ​ចំនួន ១៥៤​លើក​ស្មើ​១៣% ។ ពី​ខែមករា ដល់​ខែមេសា ឆ្នាំ​២០២៣ តួលេខ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បាន​កើតឡើង​ប្រមាណ​ជា​១.០១១​ករណី ពោល គឺ​បាន​ថយ​ចុះ​ពី ១.១៦៥​ករណី ដែល​បាន​កើតឡើង​នៅ​ក្នុង​រយៈពេល​ដដែល​នៅ​ក្នុង​ឆ្នាំ​២០២២ ដោយនៅ​ក្នុង​នោះ​អ្នក​ស្លា​.​ប់​ថយ​១៨០​នាក់ ស្មើ​២៦% ពោល គឺ​ថយ​ពី​៦៨២​នាក់ មក​នៅ​៥០២​នាក់ ។ អ្នក​របួស​ក៏​ថយ ៣០១​នាក់ ស្មើ​១៨% ពោល​គឺ​ពី​១.៦៦៤​នាក់ មក​នៅ​ត្រឹម​១.៣៦៣​។

តួរ​លេខ គឺ​ពិតជា​ថយ​មែន ប៉ុន្តែ​សេចក្តី​សោក​សង្រែក​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​កើត​មាន ។ ដូច្នេះ​សូម​បន្ត​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ហើយ​ធ្វើ​ដំណើរ​ដោយ​ការ​ទទួលខុសត្រូវ បើ​មិន​ដូច្នេះ​ទេវា​នឹង​អាច​កើត​មាន​ចំពោះ​​​ខ្លួន​យើង និង​អ្នក​ដទៃ​ជា​មិន​ខាន ។ គ្រោះថ្នាក់​ចរាចរណ៍​វា​អាច​កើត​មាន​ឡើង​គ្រប់ពេលវេលា​នៅ​ពេល​ដែល​មនុស្ស​ម្នា​ធ្វើ​ដំណើរ ដូច្នេះ​នៅ​ពេល​ដែល​យើង​ទាំងអស់​គ្នា​ចាប់ផ្តើម​កាន់ចង្កូត​យានយន្ត​មិន​ថា កង់ ម៉ូតូ រថយន្ត​តូច រថយន្ត​ធំ​ទេ ស្មារតី​ទទួលខុសត្រូវ និង​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​រួម​ទាំង​ការ​យោគយល់ គឺ​ត្រូវ​តែ​បន្ត​ពង្រឹង ហើយ​កុំ​បន្ធូរ​ដៃ​ឲ្យ​សោះ ។

សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ក្នុង​ទិវា​ស​ប្តា​ហ៍​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤ ប្រារព្ធ​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល បាន​ថ្លែង​ថា រាប់​ឆ្នាំ​មក​ហើយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ក៏​នៅ​តែ​កើត​មាន​ជា​រៀងរាល់ថ្ងៃ បើ​ទោះបីជា​វា​មាន​កម្រិត​មួយ​ទាប​ជាង​មុន​ក៏​ដោយ ។

សម្តេច​បាន​លើក​ឡើង​ថា រឿង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិន​អាច​បន្ថយ​ការ​ប្រុង​ប្រយ័ត្ន​បាន​ទេ គឺ​មាន​តែ​បន្ថែម ហើយ​ប្រឹងប្រែង​ថែម​ទៀត ។ សម្ដេច​បាន​អំពាវនាវ​ពលរដ្ឋ​ទាំងអស់​ដែល​ជា​អ្នក​ប្រើប្រាស់​ផ្លូវ​ក៏​ដូច​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំងអស់ សូម​ចូលរួម​អនុវត្ត​យ៉ាង​ធ្វើ​ឲ្យ «​ថ្ងៃនេះ ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​» ។

សម្តេច​ក៏​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​ធ្វើ​ចរាចរណ៍​ទាំងអស់​កុំ​បើកបរ​លើស​ល្បឿន​កំណត់​មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ញៀ​.​ន ឬ​គ្រឿង​ស្រវឹង និង​ប្រើប្រាស់​យាន្ត​ជំនិះ​អោយ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​លក្ខណៈ​បច្ចេកទេស​ដែល​បាន​កំណត់ ពោល គឺ​រួម​គ្នា​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍ មិនមែន​ខ្លាច​មន្ត្រី​នគរបាល​ចរាចរណ៍​នោះ​ទេ ។

ដោយឡែក​សមត្ថកិច្ច​ត្រូវ​បន្ត​ការ​ពន្យល់​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​មុន​នឹង​ធ្វើការ​ផាកពិន័យ បទល្មើស​ចរាចរណ៍ និង​ត្រូវ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ ហើយ​ការ​ផាកពិន័យ​បទល្មើស​ចរាចរណ៍​ត្រូវ​ផ្អែក​លើ​គោលការណ៍​ច្បាប់​ដែល​មាន​ជា​ធរមាន និង​អនុវត្ត​ឱ្យ​បាន​ស្មើភាព​គ្នា​ដោយ​មិន​ប្រកាន់ ឬ​បែងចែក​បក្ខពួក​នោះ​ទេ ហើយ​រាល់​ការ​ផាកពិន័យ​ត្រូវ​ចេញ​វិ​ក័យ​ប​ត្រ និង​យោង​មាត្រា​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ការ​យក​ច្បាប់​ចរាចរណ៍​ធ្វើ​ជា​អាជីវកម្ម ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន ។

ដូច​គ្នា​ដែរ អាជ្ញាធរ​មូលដ្ឋាន​នៅ​ទូ​ទាំង​រាជធានី​-​ខេត្ត​ទាំងអស់​ក៏​ត្រូវ​បាន​សម្ដេច​ណែនាំ​ឱ្យ​ខិតខំ​ធ្វើការ​ផ្សព្វផ្សាយ អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ៗ​គ្នា​ត្រូវ​យកចិត្ត ទុកដាក់ និង​ពិនិត្យ​ឡើង​វិញ ចំពោះ​អាជីវកម្ម​មួយ​ចំនួន​ដែល​បង្ក​ផល រំខាន ឬ​ផល​ប៉ះពាល់​ដល់​សុវត្ថិភាព​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​របស់​ប្រជាពលរដ្ឋ និង​ពិនិត្យ​មើល​ចំពោះ​ការ​ផ្សព្វផ្សាយ​ផលិតផល​ទាំងឡាយ​ណា​ដែល​មាន​ឥទ្ធិពល​អវិជ្ជមាន ឬ​ហានិភ័យ ដល់​សុវត្ថិភាព​ចរាចរណ៍ ។

សូមកុំ​ប្រហែស បើ​យើង​កាន់ចង្កូត​យាន​ហើយ​ប្រហែស​តែ​មួយ​វិនាទី​ជីវិត​យើង និង​អ្នក​ដទៃ​នឹង​អាច​រងគ្រោះថ្នាក់​ដល់​ជីវិត​របួស​ពិការ ខូចខាត​ទ្រព្យសម្បត្តិ និង​ពេលវេលា​ដែល​គិត​ជា​ទឹកប្រាក់​ដូចដែល​គេ​បាន​ប៉ាន់​ប្រមាណ​រួច​ហើយ​ថា នៅ​ក្នុង​មួយ​ឆ្នាំ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ការ​ខាតបង់​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ជា​រួម​ប្រមាណ​ជា​៥០០ លាន​ដុល្លារ​ឯណោះ ។

សរុប​មក​វិញ ទោះបីជា​តួលេខ​មានការ​ថយ​ចុះ ប៉ុន្តែ​ដើម្បី​ទប់ស្កាត់ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ សមត្ថកិច្ច​ត្រូវ​តែ​បន្ត​អនុវត្ត​ភារកិច្ច និង​បេស​កម្ម​យ៉ាង​ម៉ឺ​ម៉ាត់​នូវ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ហើយ​ពលរដ្ឋ​វិញ​ពេល​ធ្វើ​ដំណើរ គឺ​ត្រូវ​គោរព​ភ្លើង​គំនូស និង​សញ្ញា ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​ជៀសវាង​ឲ្យ​បាន​នូវ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​មិន​អាច​គ្រប់គ្រង​បាន​ហើយ​មក​បើកបរ ។

ជីវិត​មនុស្ស​ម្នាក់​ៗ​តាំងពី​នៅ​ក្នុង​ផ្ទៃ​រហូត​ដល់​ធំធាត់​អាច​រស់នៅ​មក​ដល់​ពេល​នេះ​ម្នាក់​ៗ​មិនដឹង​ថា គ្រួសារ​ត្រូវ​វិនិយោគ​អស់​ទឹកប្រាក់​ប៉ុន្មាន​នោះ​ទេ ដូច្នេះ​សូមកុំ​អោយ​យក​ជីវិត​មក​ប្រថុយ​នៅ​លើ​ទ្រូងផ្លូវ ៕ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ