ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនជាតិ​ថៃ​ ៦​នាក់ ទៅ​តុលាការ​ខេត្តបន្ទាយមានជ័យ ករណី​​បង្ក​​ហិ​.​ង្សា​​លើ​ខ្មែរ​ ៣​នាក់

1 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ថៃ ចំនួន​០៦​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ក្រោយ​ពី​បង្ក​​ហិ.ង្សា​ដោយ​ចេតនា​ ទៅ​លើ​ពលរដ្ឋ​ខ្មែរ​២​នាក់ និងអ្នកចូល​ជួយ​ឃាត់​ម្នាក់ទៀត កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា…

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ថៃ ចំនួន​០៦​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ក្រោយ​ពី​បង្ក​​ហិ.ង្សា​ដោយ​ចេតនា​ ទៅ​លើ​ពលរដ្ឋ​ខ្មែរ​២​នាក់ និងអ្នកចូល​ជួយ​ឃាត់​ម្នាក់ទៀត កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្សារ​យួន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ជា​ជនជាតិ​ថៃ​ទាំង​០៦​នាក់ រួម​មាន ៖
១-​ឈ្មោះ SURADAT OUNPENG ភេទ​ប្រុស អាយុ​១៩​ឆ្នាំ
២-​ឈ្មោះ NAKARIN ARKAROS ភេទ​ប្រុស អាយុ​២២​ឆ្នាំ
៣-​ឈ្មោះ PARINTORN JIIESAk ភេទ​ប្រុស អាយុ​២០​ឆ្នាំ
៤- ឈ្មោះ ISSARA SAIROONG ភេទ​ប្រុស អាយុ​២១​ឆ្នាំ
៥- ឈ្មោះ​THANAPAT MUSIPAT ភេទ​ប្រុស អាយុ​២១​ឆ្នាំ
៦- ឈ្មោះ SITTICHAI WONGLAKORN ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ។

ប្រភព​ពី​មន្ត្រី​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ ជនជាតិ​ថៃ​មួយ​ក្រុម ប្រដាប់​ដោយ​កាំបិត ដំបង​ជ្រុង ដុំ​ថ្ម បាន​ធ្វើ​សកម្មភាព​គប់ វាយ​ទៅ​លើ​ភាគី​ម្ខាង​ទៀត ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ក្រុម ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ឃាត់​បាន​ជនជាតិ​ថៃ បាន​ចំនួន​៦​នាក់ យក​មក​អធិការដ្ឋាន​ដើម្បី​សួរនាំ ។

យោង​តាម​បណ្ដឹង​ពី​ពលរដ្ឋ​ខែ្ម​រ ចំនួន​០៣​នាក់ រួម​មាន ៖

ទី​១-​ឈ្មោះ ប៉ុន អូន ហៅ​អា​ខ្មៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​រៀបរាប់​ថា នៅ​ថ្ងៃ​កើតហេតុ ខ្លួន​ជាមួយ​ឈ្មោះ ហួត សេង​ហាក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​កម្មករ​ជាងដែក បាន​ជិះ​ម៉ូតូ​សណ្ដោងរ​ទះ​ដឹក​ដែក ចេញពី​បុរី​សាន​ហូរ ទៅ​រង្វង់​មូល​ប៉ោយ​ប៉ែ​ត រួច​ជិះ​បត់​មក​វិញ ទៅ​ខាងឆ្វេង​ដៃ ខ្លួន​បាន​លើកដៃ​រា សុំ​ផ្លូវ ពេល​នោះ​មាន​ម៉ូតូ​ផាស់​អាប់​មួយ​គ្រឿង ពណ៌​ក្រហម ដឹក​ជនជាតិ​ថៃ ឆ្លង​តាម​ក្រោយ​ចូល​បាន​ប្រហែល​១០​ម៉ែត្រ ពួក​ជនជាតិ​ថៃ ចំនួន​៣​នាក់​នោះ បាន​ចុះ​ពីលើ​ម៉ូតូ ធ្វើ​សកម្មភាព​កាច់​កញ្ចក់ និង​បាន​ដាល់​ក្បាលពោះ ខ្លួន​ទាំង​០២​នាក់ ហើយ​ពួក​ខ្លួន​បាន​លើកដៃ​សំពះ ទើប​ពួក​គេ​ឡើង​ម៉ូតូ​វិញ បន្ទាប់​មក ខ្លួន​បាន​ជិះ​ម៉ូតូ​តាម​ផ្លូវ​តែ​មួយ​ស្រាប់តែ​ដល់​ចំណុច​កើតហេតុ​ខាងលើ ពួក​វា​បាន​រត់​មក​កាក់​ម៉ូតូ​ម្តងទៀត ហើយ​គប់​ដុំ​ថ្ម យក​ឈើ​ជ្រុង​មក​វាយ​ពួក​ខ្លួន ចំណែក​អ្នក​ជិតខាង​បាន​មក​ជួយ​ឃាត់ ក៏​ត្រូវ​ពួក​វា វាយ​ទៀត ខ្លួន​ត្រូវ​បាន​ពួក​វា វាយ​នឹង​ឈើ​ជ្រុង​បែក​មួក​សុវត្ថិភាព ត្រូវ​ខ្នង ដៃ ស្មា ។

ទី​២-​ឈ្មោះ ហួត សេង​ហាក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​រៀបរាប់​ថា ខ្លួន​និង​ឈ្មោះ ប៉ុន អូន ហៅ​អា​ខ្មៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បាន​ដឹក​ដែក ដល់​ចំណុច​ផ្លូវបត់ ខ្លួន​បាន​លើកដៃ​ជា​សញ្ញា​ស្រាប់តែ​មាន​ម៉ូតូ​កង់​បី​ដឹក​ជនជាតិ​ថៃ​មួយ​ក្រុម បាន​មើល​មុខ ហើយ​ស្រែក​ទៀត​ផង តែ​ខ្លួន​មិន​បាន​តមាត់​អ្វី​ជាមួយ​ឡើយ រួច​ម៉ូតូ​កង់​បី ដឹក​ថៃ​នោះ​ចេញ​ទៅ​មុន ហើយ​ខ្លួន​ក៏​ជិះ​តាម​ពីក្រោយ ផ្លូវ​ជាមួយ​គ្នា ពេល​ដល់​ចំណុច​ផ្សារ​យួន ស្រាប់តែ​ជនជាតិ​ថៃ បាន​យក​ដុំ​ថ្ម គប់​មក​ពួក​ខ្លួន តែ​ត្រូវ​ឈ្មោះ ម៉ៅ យកដៃ​រង ហើយ​បាន​ឈប់​ម៉ូតូ ចុះ​រត់​តែ​ម្ដង គ្នា​វា​បាន​កាន់ដំបង ឈើ​ជ្រុង​មួយ បាន​វាយ​ម៉ូតូ និង​បាន​យក​ធុង​ទឹក​បោក ។

ទី​៣-​ឈ្មោះ វ៉ា​ន គ​ន្ធា ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដាក់​ពាក្យបណ្ដឹង​តំណាង​អោយ​ប្អូនប្រុស​បង្កើត​ឈ្មោះ វ៉ា​ន កំសាន្ត អាយុ​១៨​ឆ្នាំ ដែល​បាន​ជួយ​ឃាត់ ហើយ​ត្រូវ​បាន​ជនជាតិ​ថៃ​ម្នាក់ ក្នុង​ចំណោម​ជនជាតិ​ថៃ​នោះ យក​ដុំឥដ្ឋ វ៉ៃ​ក្បាល​ប្អូនប្រុស​បណ្ដាល​អោយ​បែកក្បាល ។

ប្រភព​ដដែល បាន​បញ្ជាក់​ថា ក្រោយ​ពី​ការ​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ និង​សួរនាំ​ជនសង្ស័យ​ជា​ជនជាតិ​ថៃ ទាំង​០៦​នាក់ បាន​ឆ្លើយ​សារភាព​ពួក​ខ្លួន ពិតជា​បាន​ស្ថិត​នៅ​ក្នុង​កន្លែង​កើតហេតុ ដោយ​មាន​កាន់​ដុំ​ថ្ម និង​ដំបង​ជ្រុង ពិតប្រាកដ​មែន​។

បច្ចុប្បន្ន ជនជាតិ​ថៃ​ទាំង​០៦​នាក់ ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្ត​បន្ត​តាម​និ​តិ​វិធី ។

សូម​រម្លឹក​ថា រឿង​លាដៃ​សុំ​ឆ្លងផ្លូវ​! ជនជាតិ​ថៃ​ជាង​១០​នាក់ វា​.​យ​ពលរដ្ឋ​ខ្មែរ​២​នាក់ ផ្អើល​នៅ​ចំណុច​ផ្សារ​យួន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ