ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចិញ្ចឹម​ពពួកសត្វ​នៅ​ក្នុងស្រុក​នៅ​កម្ពុជា កំពុង​តែ​មាន​និន្នាការ​កើនឡើង ហើយ​ប្រភេទ​សត្វ​ចិញ្ចឹម​ដែល​ពលរដ្ឋ​យក​មក​ចិញ្ចឹម​ក៏​កាន់តែ​មាន​ច្រើន​ប្រភេទ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​អ្នក​ដែល​ចិញ្ចឹម​ដាច់ខាត​ត្រូវ​តែ​យល់​ដឹង​ពី​បញ្ហា និង​ទំនួល​ខុស​ត្រូវ ដែល​គួរតែ​ដឹង និង​គោរព ដើម្បី​កុំអោយ​ពពួកសត្វ​ចិញ្ចឹម​ទាំងនោះ​បង្ក​បញ្ហា​ឬ​រំ​លោ​.​ភ​បំពាន​ទៅ​អ្នក​ដទៃ ។…

ការ​ចិញ្ចឹម​ពពួកសត្វ​នៅ​ក្នុងស្រុក​នៅ​កម្ពុជា កំពុង​តែ​មាន​និន្នាការ​កើនឡើង ហើយ​ប្រភេទ​សត្វ​ចិញ្ចឹម​ដែល​ពលរដ្ឋ​យក​មក​ចិញ្ចឹម​ក៏​កាន់តែ​មាន​ច្រើន​ប្រភេទ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​អ្នក​ដែល​ចិញ្ចឹម​ដាច់ខាត​ត្រូវ​តែ​យល់​ដឹង​ពី​បញ្ហា និង​ទំនួល​ខុស​ត្រូវ ដែល​គួរតែ​ដឹង និង​គោរព ដើម្បី​កុំអោយ​ពពួកសត្វ​ចិញ្ចឹម​ទាំងនោះ​បង្ក​បញ្ហា​ឬ​រំ​លោ​.​ភ​បំពាន​ទៅ​អ្នក​ដទៃ ។

សេចក្តី​ស្រលាញ់​ហើយ​ចិញ្ចឹម​ពពួកសត្វ​ចិញ្ចឹម​ទាំងនោះ​មិន​ខុស​នោះ​ទេ ហើយ​ក៏​ជា​សិទ្ធិ​របស់​យើង​ម្នាក់​ៗ ប៉ុន្តែ​កុំ​ភ្លេច​ថា សេចក្តី​ស្រលាញ់​នោះ​ក៏​គួរតែ​មាន​ព្រំដែន ហើយ​និង​ត្រូវការ​នូវ​ទំនួល​ខុស​ត្រូវ​ដ៏​ពិតប្រាកដ ។ បើ​មិន​ដូច្នេះ​ទេ វា​អាច​នឹង​បង្ក​បញ្ហា​ជា​ច្រើន​ជាមួយនឹង​អ្នក​ជិតខាង និង​អ្នក​នៅ​ជុំវិញ​ខ្លួន​យើង ។ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ទំនោរ​នៃ​ការ​និយម​ស្រលាញ់ និង​ចិញ្ចឹមសត្វ គឺ​កើន​ឡើងជា​និច្ច ដោយនៅ​ពេល​នេះ​សត្វ​ចិញ្ចឹម​ដែល​កំពុង​តែ​ត្រូវ​បាន​គេ​ពេញ​និយម គឺ​ភាគច្រើន គឺ​ឆ្កែ ឆ្មា ពពួកសត្វ​ស្លាប ហើយ​ក៏​មាន​អ្នកខ្លះ​ចិញ្ចឹម​ដល់​ពពួកសត្វ​ល្មូ​ន ដូច​ជា បង្កួយ ពស់​មួយ​ចំនួន​ផង​ដែរ ។

ឃើញ​សត្វ​ទាំងនេះ​រត់​ឬ​ហើរ​ចុះ ហើរ​ឡើង សូមកុំ​គិត​ថា វា​ថោក​អោយ​សោះ ។ ពពួកសត្វ​ទាំងនេះ សូ​ម្បី​តែ​ឆ្កែ និង​ឆ្មា មាន​ប្រភេទ​ខ្លះ​តម្លៃ​ចូល​ដល់​ម៉ឺន​ដុល្លារ​ក៏​មាន​ដែរ ។ នៅ​ក្នុង​ពេល​នេះ នៅ​ក្នុង​ចំណោម​អ្នក​ចិញ្ចឹមសត្វ​ទាំងនេះ មាន​អ្នកខ្លះ​គឺ​បាន​អនុវត្ត​ការ​ចិញ្ចឹម ដោយ​ការ​ទទួលខុសត្រូវ និង​គោរព​សិទ្ធិ​អ្នក​ជិតខាង​ល្អ​ណាស់ ប៉ុន្តែ​គ្រាន់តែ​ភាគរយ​ហាក់​នៅ​តិច បើ​ធៀប​នឹង​អ្នក​ដែល​ចិញ្ចឹម​ទូទៅ ។

អ្នក​ចិញ្ចឹមសត្វ​ភាគច្រើន នៅ​កម្ពុជា​បាន​ត្រឹមតែ​ស្រលាញ់​ទេ ប៉ុន្តែ​ខ្វះ​ការ​យកចិត្តទុកដាក់​ខ្វះ​ទំនួល​ខុស​ត្រូវ ហើយ​រហូត​ដល់​អ្នកខ្លះ​ទុក​ឲ្យ​សត្វ​ទាំងនោះ​ទៅ​បង្ក​ការ​រំខាន​ទៅ​អ្នក​ដទៃ​រំខាន​សាធារណៈ​ជា​ពិសេស​គឺ​អ្នក​ជិតខាង ហើយ​មិនតែប៉ុណ្ណោះ មាន​អ្នកខ្លះ​បន្ទោស​អ្នក​ដទៃ​ទៅ​វិញ ដោយសារ​តែ​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ថែម​ទៀត ទោះបីជា​សត្វ​ចិញ្ចឹម របស់​ខ្លួន​បង្ក​បញ្ហា និង​ទុក្ខទោស​ដល់​អ្នក​ដទៃ​ក៏​ដោយ​ចុះ ។

មក​ដល់​ពេល​នេះ ផល​រំខាន​ដែល​អាច​នឹង​កើត​ចេញពី​សត្វ​ចិញ្ចឹម​មក​លើ​អ្នក​ជិតខាង និង​សាធារណៈ គឺ​ការ​រំខាន​ដោយ​សំឡេង ជា​ពិសេស​គឺ​ពពួកសត្វ​សុនខ ដោយសារ​តែ​ពួក​វា​ចូល​ចិត្ត​ព្រូស ។ ការ​រំខាន​ដោយ​ក្លិន ជា​ពិសេស គឺ​សម្រាប់​អ្នក​ដែល​ចិញ្ចឹម​ដែល​ខ្វះ​ការ​ថែទាំ​បណ្តាល​ឲ្យ​សត្វ​រស់នៅ​ខ្វះ​អនាម័យ ។

ម្យ៉ាងវិញទៀត ពពួកសត្វ​ចិញ្ចឹម​ខ្លះ​ដែល​ម្ចាស់​លែង​ផ្តេសផ្តាស​វា​អាច​ដើរទៅ​ជុះនោម ឬ​ចុះ​អាចម៍ ដាក់​មុខ ឬ​ក្នុងផ្ទះ​អ្នក​ជិតខាង និង​តាម​ទី​សាធារណៈ ជា​ពិសេស គឺ​សត្វ​ឆ្កែ និង​ឆ្មា​នេះ​តែ​ម្តង ។ ក្រៅពី​នេះ ពពួកសត្វ​ចិញ្ចឹម​ជា​សត្វ​ឆ្កែ​និង​សត្វ​ឆ្មា​នេះ​ទៀត​សោត ប្រសិនបើ​ម្ចាស់​មិន​បាន​គ្រប់គ្រង​ដិត​ដល់​វា​អាច​ចេញ​ទៅ​ទីវាល​ខាំ​គេ​ខាំ​បង្ក​របួស​ស្នាម ហើយ​វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នកដំណើរ ជា​ពិសេស គឺ​ម៉ូតូ និង​កង់ ហើយ​នៅ​ពេល​ខ្លះ​ក៏​អាច​ប៉ះពាល់ ដល់​រថយន្ត​ផង​ដែរ ។

ទន្ទឹម​នឹង​នោះ​ដែរ ពពួកសត្វ​ចិញ្ចឹម​ទាំងនេះ នៅ​ក្នុង​ករណី​យើង​មិន​បាន​មើលថែ​គ្រប់គ្រាន់​ទេ​នោះ វា​ក៏​អាច​ឆ្លង​មេរោគ​ដែល​អាច​ចម្លង​មក​មនុស្ស​តាម​រយៈ​រោម តាម​រយៈ​លាមក និង​ទឹកនោម​របស់​វា​មក​យើង​ជា​ម្ចាស់ និង​អ្នក​ដទៃ​នៅ​ជិតខាង ហើយ​ជា​ពិសេស គឺ​វា​គឺជា​ប្រភព​នៃ​ជំងឺ​ឆ្កែឆ្កួត ដែល​មក​ដល់​ពេល​នេះ​គេ​មិន​អាច​ព្យាបាល​បាន​ឡើយ ប្រសិនបើ​វា​ឆ្លង​មេរោគ​ហើយ​វិវត្តន៍​ទៅ​ជា​ជំងឺ​នោះ ។

សរុប​មក​វិញ ប្រសិនបើ​យើង​ស្រលាញ់​សត្វ​ចិញ្ចឹម ហើយ​សម្រេចចិត្ត​ចិញ្ចឹម​វា គឺ​ត្រូវ​តែ​ចិញ្ចឹម​ពពួកសត្វ​ទាំងនោះ​ដោយ​ទទួលខុសត្រូវ ។ កុំ​ស្រលាញ់​បាន​តែ​ស្រលាញ់ ហើយ​ទុក​ពួក​វា​ចោល​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ ។ ត្រូវ​ចាំ​ថា ការ​ស្រលាញ់ និង​ចិញ្ចឹម​ពួក​វា​ដោយ​គ្មាន​ទំនួល ខុស​ត្រូវ វា​អាច​នឹង​បង្កទំនាស់​ជាមួយនឹង​អ្នក​ជិតខាង ៕ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ