ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន ស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) កំពុងជួសជុលកែលម្អខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម ដែលរងការខូចខាតជាច្រើន ដោយបានបន្ថែមថ្មថ្មី ជំនួសថ្មចាស់ខ្លះៗ ដែលបាត់បង់ឡើងវិញ ដើម្បីរក្សាលំ នឹងព្រមទាំងខ្លោងទ្វារនេះទាំងមូល អាចឈរបង្ហាញរាងជាថ្មីសម្រាប់ពេលអនាគត ។
លោក PVNCM ESWAR ដែលជាប្រធានក្រុមនៃស្ថាប័ន ស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា មានប្រសាសន៍ថា ការជួសជុលរយៈពេលជាង១ឆ្នាំ ដែលចាប់ដំណើរការតាំងពីដើមខែមករា ឆ្នាំ២០២២មកនោះ គឺគ្រោងនឹងបញ្ចប់ចុងឆ្នាំ២០២៣ខាងមុខ។
អ្នកជំនាញរូបនេះបន្តទៀតថា រហូតមកដល់ត្រឹមថ្ងៃទី២៤ ខែឧសភានេះ ក្រុមការងារជួសជុលខ្លោងទ្វារខាងកើតរបស់ ប្រាសាទតាព្រហ្មសម្រេចបានលទ្ធផលប្រមាណ៧០ភាគរយហើយ។ បច្ចុប្បន្ន ក្រុមអ្នកជំនាញកំពុងសម្រុកការងារដំបូលសងខាង នៃខ្លោងទ្វារនេះ ឱ្យហើយរួចរាល់សិន រួចហើយនឹងឈានទៅដល់ការដំឡើងដំបូលកំពូលកណ្ដាលមួយទៀត ដែលជាជំហានជួសជុលចុងក្រោយ ។
លោក PVNCM ESWAR ឱ្យដឹងទៀតថា បើទោះបីជាយើងបានដាក់ថ្មថ្មីរួចក៏ពិតមែន ប៉ុន្តែយើងត្រូវសិក្សាបន្ថែមទៀត ថាតើសំណង់ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្មនេះ បន្ទាប់ពីជួសជុលហើយ តើវារឹងមាំបែបណា ? ដោយយើងនៅតែតាមដានរហូតនៅពេលជួសជុលថ្មអាចមានបញ្ហាខ្លះៗ។ ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម បានផ្តោតសំខាន់ទៅលើការងារដាប់ឆ្លាក់ក្បាច់ដោយប្រើប្រាស់ជំនួសថ្មចាស់ដែលបានបាត់បង់ និងខូចខាត រួមទាំងដាប់តម្រិមថ្មដំបូលនិងបិតភ្ជាប់មុខដំណរថ្ម និងការពារជម្រាបទឹកភ្លៀងជាដើម ។
សូមបញ្ជាក់ថា បញ្ហាប្រឈមខ្លាំងរបស់ខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម គឺរចនាសម្ពន្ធរបស់ទាំងមូលតែម្តង ដោយសារ ដើមឈើធំៗ ដុសឬសចាក់ស្រេះធ្វើឱ្យគ្រឹះរំកិលចេញពីទីតាំងដើមបណ្តាលឱ្យថ្មជញ្ជាំងហែកចេញពីគ្នានឹងអាចបាក់រលំ ៕













ចែករំលែកព័តមាននេះ