ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​ថៃ​ប្រកាស​ថា គ្មាន​ទេ​កីឡា «​គុន​ខ្មែរ​» នៅ​ស៊ី​ហ្គេ​ម​លើក​ទី​៣៣ ឆ្នាំ​២០២៥

10 ខែ មុន

ថៃ ៖ ប្រទេស​ថៃ​បាន​ប្រកាស​យ៉ាង​ច្បាស់​ថា ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣៣ ឆ្នាំ​២០២៥ ដែល​ខ្លួន​

ថៃ ៖ ប្រទេស​ថៃ​បាន​ប្រកាស​យ៉ាង​ច្បាស់​ថា ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣៣ ឆ្នាំ​២០២៥ ដែល​ខ្លួន​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ គឺ​មិន​មាន​ប្រភេទ​កីឡាប្រដាល់ «​គុន​ខ្មែរ​» ដូច​កាលពី​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​នោះ​ទេ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន Thailand Posts ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា កន្លង​ទៅ​។

លោក Chaiyapak Siriwat អនុប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ថៃ

ការ​លើក​ឡើង​នេះ កើតឡើង​បន្ទាប់​ពី​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​ស៊ី​ហ្គេ​ម (SEA Games) ឬ Montri SEA Games បាន​បោះ​ឆ្នោត​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ ដែល​ជា​បទ​ប្បញ្ញត្តិ​ដ៏​ធំ​បំផុត​នៅ​ក្នុង​រយៈពេល​៦២​ឆ្នាំ​របស់​ខ្លួន អំពី​ការ​រៀបចំ​លើ​ប្រភេទ​កីឡា ដែល​នឹង​ប្រើប្រាស់​នៅ​ក្នុង​កីឡា​ស៊ី​ហ្គេ​ម​។

ដោយ​សង្កត់ធ្ងន់ និង​ផ្តោត​លើ​កីឡា​អន្តរជាតិ រួម​ទាំង​ព្រឹត្តិការណ៍​ដែល​មាន​ក្នុង​ការ​ប្រកួត​នៃ​ស្តង់ដា​កីឡា​អូ​ឡាំ​ពិ​ក និង​កីឡា​អាស៊ី ដែល​ជា​ប្រភេទ​កីឡា​ដ៏​សំខាន់ ខណៈ​ដែល​កីឡា​ក្នុងស្រុក​អាច​មាន​មិន​លើស​ពី​៤​ប្រភេទ​កីឡា​នោះ​ទេ ដោយ​ត្រូវ​ប្រកួតប្រជែង​ដណ្តើម​បាន​មេដាយមាស​បាន​ត្រឹមតែ ៨​គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយ​ប្រភេទ​កីឡា ឬ​មិន​ឱ្យ​មានការ​ប្រកួត​ដណ្តើម​មេដាយមាស​លើស​ពី​២០​ទៅ​៣០​គ្រឿង សម្រាប់​ប្រភេទ​កីឡា​ក្នុងស្រុក​ឡើយ ដែល​វិសោធនកម្ម​លក្ខន្តិកៈ​នេះ នឹង​ចាប់ផ្តើម​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣៣ នៅ​ប្រទេស​ថៃ​តែ​ម្តង​។

ជាក់ស្តែង កាលពី​ពេល​ថ្មី​ៗ​នេះ លោក Chaiyapak Siriwat ឬ​លោក Big Nat អនុប្រធាន​គណៈ​កម្មាធិការ​អូ​ឡាំ​ពិ​ក​ថៃ ក្នុង​នាម​ជានា​យក​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡា SEA Games បាន​បង្ហើប​ថា «​ប្រភេទ​កីឡា​ដែល​នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣៣ ចាប់ពី​ពេល​នេះ​តទៅ គឺ​ត្រូវ​បាន​ឯកភាព​គ្នា​រវាង ថៃ ម៉ា​ឡេ​ស៊ី សិង្ហ​បុរី លើ​ប្រភេទ​កីឡា​ប្រភេទ​ណាខ្លះ​។ ដូច្នេះ​ការ​ប្រកួត​នេះ គឺ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ដែល​ផ្តោត​លើ​កីឡា​អន្តរជាតិ និង​ព្រឹត្តិការណ៍​ដែល​ប្រកួត​តែ​ក្នុង​កីឡា​អូ​ឡាំ​ពិ​ក និង​កីឡា​អាស៊ី​តែ​ប៉ុណ្ណោះ​។ សរុប​ទៅ​នឹង​មាន​កីឡា​ប្រហែល ៤១​ប្រភេទ ចំណែក​កីឡា​ក្នុងស្រុក​នឹង​ត្រូវ​មានការ​ពិភាក្សា​ជា​ថ្មី​ម្តងទៀត​អំពី​អ្វី​ដែល​ថៃ​នឹង​ដាក់​បញ្ចូល​»​។

ពាក់ព័ន្ធ​រឿង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ដែល​ម្ចាស់ផ្ទះ​កម្ពុជា​បាន​សម្រេច​កាត់​ចោល​កីឡាប្រដាល់ «​មួយ​ថៃ​» ហើយ​ជំនួស​ដោយ «​គុន​ខ្មែរ​» ជុំវិញ​រឿង​នេះ លោក Chaiyapak បាន​បញ្ជាក់​ថា «​ស៊ី​ហ្គេ​ម​លើក​ទី​៣៣ ដែល​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ ប្រាកដជា​មិន​មាន​ប្រភេទ​កីឡា «​គុន​ខ្មែរ​» ហើយនឹង​នាំ​មក​នូវ​កីឡា «​មួយ​ថៃ​» ត្រឡប់​មក​កាន់ការ​ប្រកួត​ដណ្ដើម​បាន​មេដាយ​ដូច​ដើម​វិញ​»​។

លោក Chaiyapak Siriwat អនុប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ថៃ

ក្រៅពី​នោះ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ថៃ​រូប​នេះ បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ថៃ​នឹង​មានការ​កាត់​បន្ថយ​ចំនួន​អត្ត​ព​លិ​ក​ចូលសញ្ជាតិ នៅ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣៣ បើ​ទោះបីជា​ប្រទេស​នីមួយ​ៗ នឹង​មាន​គោលនយោបាយ​ផ្សេង​ៗ​គ្នា សម្រាប់​អត្ត​ព​លិ​ក​ចូលសញ្ជាតិ​យ៉ាងណា​ក៏​ដោយ ហើយ​ម្ចាស់ផ្ទះ​ថៃ​ត្រូវ​តែ​គោរព ព្រោះ​ការ​ចូលសញ្ជាតិ​កីឡាករ​ក៏​មិនមែន​ជា​រឿង​ថ្មី​នោះ​ដែរ​។

គួរ​បញ្ជាក់​ជូន​ថា ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣៣ ឆ្នាំ​២០២៥ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​០៩ រហូត​ដល់​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៥ ដែល​ត្រូវធ្វើ​ឡើង​ទីក្រុង​បាងកក ខេត្ត​ឈុ​ន​បុរី និង​ខេត្ត​សុង​ក្លា ព្រះរាជា​ណាចក្រ​ថៃ​៕ (​ប្រភព​ពី Thailand Posts)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ