រាជធានីភ្នំពេញ ៖ ទោះបីជាកីឡាហ្គោលមិនទាន់ពេញនិយមខ្លាំងក្នុងចំណោមសាធារជនកម្ពុជាទូទៅ កីឡាការវា.យកូនហ្គោល គឺជាកីឡាដែលពេញនិយមបំផុត នៅក្នុងមជ្ឈដ្ឋានដឹកនាំនៅកម្ពុជា ។ តើមូលហេតុអ្វីបានជាថ្នាក់ដឹកនាំកំពូលៗ ពិសេសសម្តេចតេជោ ហ៊ុន សែន ចូលចិត្តលេងកីឡាមួយប្រភេទនេះ ?

កីឡាវា.យកូនហ្គោលនេះ ត្រូវបានគេដឹងថា វាត្រូវបានចាប់ផ្តើមលេងដំបូងនៅក្នុងសតវត្សរ៍ទី១៥ នៅស្កុតឡែន ហើយក្លាយជាកីឡាដែលគេលេងយកពាននៅក្នុងឆ្នាំ១៨៦០ នៅអង់គ្លេស និងបានចុះបញ្ជីជាប្រភេទកីឡាអូឡាំពិក នៅក្នុងឆ្នាំ១៩០០ ប៉ុន្តែខកខានប្រកួតរហូតដល់ទៅ១១២ឆ្នាំ ហើយទើបតែបង្ហាញមុខនៅក្នុងអូឡាំពិកជាថ្មី នាឆ្នាំ២០១៦ ប៉ុណ្ណោះតែនៅក្រៅអូឡាំពិកវាត្រូវបានគេលេងជាហូរហែ ។ កីឡាប្រភេទនេះបានហូរចូលមកកម្ពុជានៅក្នុងអំឡុងពាក់កណ្តាលទស្សវត្សរ៍នៃឆ្នាំ១៩៩០ ពោល គឺក្រោយពេលដែលកម្ពុជារៀបចំបោះឆ្នោតដំបូងនៅក្នុងឆ្នាំ១៩៩៣ ។

ការវា.យកូនហ្គោលដំបូងឡើយ វាត្រូវបានប្រសិទ្ធនាមថា ជាកីឡាសម្រាប់អ្នកមាន ឬអភិជន ហើយកូនខ្មែរកម្រមានអ្នកចេះលេងណាស់។ លុះមកដល់ពេលនេះវាបានក្លាយជាប្រភេទកីឡាដែលពេញនិយមបំផុតនៅក្នុងចំណោមថ្នាក់ដឹកនាំកំពូលៗ ដោយរាប់ចាប់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី រហូតដល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងវិស័យឯកជនជាច្រើនរូប ។
ការគាំទ្រកីឡានេះ នៅកម្ពុជាចាប់ផ្តើមវិវត្តខ្លាំងនៅដើមឆ្នាំ២០០០ ហើយ ដល់ឆ្នាំ២០០៤ កម្ពុជាក៏ចាប់ផ្តើមមានក្លឹបកីឡាវា.យកូនហ្គោលកើតឡើងរហូតមកដល់ពេលនេះ កម្ពុជាមានទីលានវា.យកូនហ្គោលជាច្រើនកន្លែង ហើយភាគច្រើន គឺសុទ្ធតែលំដាប់ខ្នាតអន្តរជាតិថែមទៀត ។ ទាក់ទងនឹងសំនួរថា ហេតុអ្វីបានជាថ្នាក់ដឹកនាំទាំងនយោបាយ និងសេដ្ឋកិច្ច ព្រមទាំងវិស័យឯកជននិយមលេងកីឡានេះការជួយដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តត្រូវបានគេចាត់ទុកថា ស្ថិតនៅក្នុងចំណោមហេតុផលជាច្រើនទៀត ។

តាមការស្វ័យសិក្សាលើឯកសារមួយចំនួនគេដឹងថា កីឡាវា.យកូនហ្គោលជាកីឡាមួយប្រភេទអាចផ្តល់នូវសកម្មភាពរាងកាយកម្រិតមធ្យម និងត្រូវបានផ្សារភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍សុខភាពរាងកាយដែលរួមមានការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសរសៃឈា.មបេះដូង ផ្លូវដង្ហើម និងប្រព័ន្ធមេតាបូលីស ដែលចាំបាច់សម្រាប់ការធ្វើឱ្យសុខភាពប្រសើរ ជាពិសេសសម្រាប់មនុស្សវ័យកណ្តាល ។
ក្រៅពីនោះក៏មានភស្តុតាងមួយចំនួនបានបង្ហាញថា អ្នកដែលនិយមកីឡានេះ អាចទទួលបានអត្ថប្រយោជន៍ខាងសុខភាពផ្លូវចិត្តផងដែរ ទោះបីជាកីឡានេះអាចធ្វើឲ្យមានបញ្ហារបួស ឬប៉ះពាល់សរសៃឆ្អឹងខ្នងកើតឡើងញឹកញាប់ក៏ដោយចុះ ។ ការលេងកូនហ្គោលនៅលើវាលស្មៅក្រោមពន្លឺព្រះអាទិត្យជួយអោយយើងសប្បាយ និងកាត់បន្ថយស្ត្រេស ហើយដេកលក់ស្រួលនៅពេលយប់ ។ ម្យ៉ាងវិញទៀត ការស្រាវជ្រាវក៏បានបង្ហាញពីការរួមចំណែករបស់កីឡាវាយកូនហ្គោលក្នុងការពង្រឹងសាច់ដុំ ចលនាសរសៃ ជាពិសេស គឺរក្សា តុល្យភាពរាងកាយ ខណៈដែលគេដឹងថា សុខភាពត្រូវបានជះឥទ្ធិពលដោយឥរិយាបទ និងលក្ខណៈបុគ្គលមួយចំនួនបូកផ្សំនឹងបរិយាកាសខាងរាងកាយ ។

ក្រៅពីសុខភាពកីឡាប្រភេទនេះក៏ត្រូវបានគេដឹងថា គឺជាប្រភេទកីឡា ដែលនឹងជួយក៏ដូចជា ផ្តល់ផលប្រយោជន៍ខាងសង្គម និងសេដ្ឋកិច្ច ដល់អ្នកលេងផងដែរ ។ មានភ័ស្តុតាងគួរឱ្យប្រាកដមួយចំនួនបានបង្ហាញថា ការរក្សាបាននូវសកម្មភាពរាងកាយទៀងទាត់អាចឲ្យមានអាយុវែង ដោយសារតែកត្តាសុខភាពផ្លូវកាយ និងផ្លូវចិត្តប្រសើរ ប៉ុន្តែការរួមចំណែកពីកត្តាភូមិសាស្ត្រ និងសេដ្ឋកិច្ចសង្គមក៏ត្រូវបានគេអាចច្នៃ បង្កើតចេញពីកីឡា ឬឱកាសពីការលេងកីឡាប្រភេទនេះបានផងដែរ ។ កីឡាវា.យកូនហ្គោលជួយឱ្យអ្នកលេងរួចផុតពីសម្ពាធនៃការងារ មិនតែប៉ុណ្ណោះវាក៏អាចជួយសម្របសម្រួលការងារបាន ហើយក៏មានការងារខ្លះជោគជ័យដោយសារតែកីឡាប្រភេទនេះផងដែរ។

កីឡាហ្គោលក៏ជួយផងដែរ នៅក្នុងការទំនាក់ទំនងមិត្តភក្តិ និងជំនួញដោយសារតែការចំណាយពេលលេងជាមួយគ្នា ។ តើកីឡានេះ ជាកីឡាសម្រាប់តែថ្នាក់ដឹកនាំ អ្នកនយោបាយ ពាណិជ្ជករ ឬជាពួកអ្នកមានឬ? តាមពិតទៅ កីឡាប្រភេទនេះត្រូវបានគេបង្កើតឡើងមិនមែនតែសម្រាប់ក្រុមមនុស្សទាំងនេះទេ វា គឺជាប្រភេទកីឡាដែលនរណាក៏អាចលេងបានដែរ ។ គ្រាន់តែថា អ្នកដែលចង់លេងកីឡានេះពិបាកនឹងអាចលេងបាន ដូច្នេះហើយទើបវាត្រូវបានគេប្រសិទ្ធនាមថា ជាកីឡាលំដាប់អ្នកមាន ឬអ្នកដឹកនាំ ។ នេះ គឺជារឿងដ៏ត្រឹមត្រូវ ពីព្រោះយើងមើលតែកន្លែងលេងទៅដឹងហើយ គឺត្រូវការទំហំដីរាប់សិបម៉ែត្រការ៉េ ហើយមិនមែនលេងដីធម្មតាទេ គឺត្រូវការមានការវិនិយោគ និងថែទាំតាំងពីស្មៅតាំងពីដើមឈើ តាំងពីបរិស្ថាននានា ដូច្នេះហើយទើបតម្រូវឲ្យតម្លៃនៃការលេងនោះវាថ្លៃដែលអ្នកដែលមានជីវភាពមធ្យមលំបាកនឹងទទួលយក ។ បើនិយាយអំពីសម្ភារៈវាវិញនោះ គឺក៏មិនធម្មតាដែរ ។

ជាក់ស្តែងគ្រាន់តែគ្រាប់កូនបាល់តូចមួយនេះវាអាចមានតម្លៃចាប់ពី ២០ដុល្លារទៅ ដល់៥០ដុល្លារឡើង ចុះនៅប្រដាប់វា.យដែលមានអាជិត អាឆ្ងាយ ហើយតម្លៃវិញ គឺចាប់ខ្ទង់រយដុល្លារឡើយ ។ សម្រាប់អ្នកដែលមានជីវភាពមធ្យមអាចលេងបានដែរ ប៉ុន្តែអាចលៃលកស្វែងរកឧបករណ៍ ដែលគេលក់នៅពេលបញ្ចុះតម្លៃ ហើយនៅពេលចូលទៅលេង គឺត្រូវបងថ្លៃកន្លែង នៅទីលាននោះមួយចំនួនថែមទៀត ។
សរុបមកវិញ ដោយសារតែវា គឺជាប្រភេទកីឡាដែលជួយបញ្ហសុខភាព សម្រួលការងារ និងកាត់បន្ថយសម្ពាធទទួលខុសត្រូវ ហើយបូកផ្សំនឹងបញ្ហាបរិយាកាសនៃការលេង ដូច្នេះហើយទើបកីឡានេះទទួលចំណាប់អារម្មណ៍ពីថ្នាក់ដឹកនាំកម្ពុជា ហើយក្រៅពី ថ្នាក់ដឹកនាំកម្ពុជា ថ្នាក់ដឹកនាំប្រទេសផ្សេងៗក៏នឹងនិយមលេងផងដែរ ។ សំខាន់ជាងនេះ មានការគាំទ្រផ្នែកវិទ្យាស្ត្រដែលថា ការលេងហ្គោលអាចនឹងធ្វើអោយ មនុស្សអាយុវែងនៅពេលដែលមេដឹកនាំនយោបាយ ឬមេដឹកនាំជំនួញលេងហ្គោលជាមួយគ្នា វាក៏ក្លាយជាពេលវេលានៃការពង្រឹងទំនាក់ទំនង ព្រមទាំងឈានដល់ការចចាជោគជ័យ នៅក្នុងពេលដែលពួកគេលេងហ្គោលជាមួយគ្នា ៕ ដោយៈ ហេង ចេស្តារ


ចែករំលែកព័តមាននេះ