កាមេរូនដកខ្លួនពីការប្រកួតមិត្តភាពទល់នឹងរុស្ស៊ី តាមបញ្ជារដ្ឋាភិបាលរបស់ខ្លួន
កាមេរូន ៖ រដ្ឋាភិបាលនៃប្រទេសកាមេរូន ត្រូវបានរាយការណ៍ថា បានរារាំងផែនការសម្រាប់ក្រុម
កាមេរូន ៖ រដ្ឋាភិបាលនៃប្រទេសកាមេរូន ត្រូវបានរាយការណ៍ថា បានរារាំងផែនការសម្រាប់ក្រុម
កាមេរូន ៖ រដ្ឋាភិបាលនៃប្រទេសកាមេរូន ត្រូវបានរាយការណ៍ថា បានរារាំងផែនការសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន ដើម្បីប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាមួយនឹងប្រទេសរុស្ស៊ី នៅក្នុងទីក្រុងមូស្គូ នាខែក្រោយ។
ជំនួបនេះ គឺជាការប្រកួតលើកដំបូងរបស់កាមេរូននៅលើទឹកដីរុស្ស៊ី ដែលគ្រោងនឹងធ្វើឡើងនៅកីឡដ្ឋាន Luzhniki នៅទីក្រុងមូស្គូ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ប៉ុន្តែការប្រកួតត្រូវបានលុបចោល បន្ទាប់ពីការអន្តរាគមន៍ផ្ទាល់ពីរដ្ឋាភិបាលកាមេរូន។ នេះបើយោងតាមកាសែតរុស្ស៊ី Sport Express បានចេញផ្សាយ ខណៈដែលប្រភពប្រព័ន្ធផ្សព្វផ្សាយ ដែលតំណាងឱ្យអាជ្ញាធរបាល់ទាត់ប្រទេសកាមេរូន មិនបានផ្តល់ការបំភ្លឺបន្ថែមលើរបាយការណ៍នេះទេ។
កាលពីខែមុន សហព័ន្ធបាល់ទាត់ប្រទេសរុស្ស៊ី (RFU) ក្រោមការដឹកនាំរបស់លោក Alexander Dyukov បានចូលរួមក្នុងការពិភាក្សាជាមួយអ្នកតំណាងនៃក្រុមបាល់ទាត់អាហ្វ្រិកសំខាន់ៗជាច្រើនក្នុងគោលបំណងរៀបចំការប្រកួតមិត្តភាពនៅឆ្នាំនេះ ហើយកាលពីខែមេសាកន្លងទៅ លោក Maksim Mitrofanov អគ្គលេខាធិការសហព័ន្ធបាល់ទាត់រុស្ស៊ីបានអះអាងថា កិច្ចព្រមព្រៀងបឋមត្រូវបានធ្វើឡើងជាមួយបណ្តាប្រទេសមួយចំនួន។
កន្លងមក ក្រុមជម្រើសជាតិរុស្សីគ្រោងនឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងប្រទេសបូស្នី និងហឺហ្សីហ្គូវីណា (Bosnia and Herzegovina) ប៉ុន្តែបន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃ កីឡាករបូស្នីបានសម្រេចដកខ្លួនចេញពីការប្រកួត។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិ និងក្លិបអាជីពរបស់រុស្ស៊ី នៅតែត្រូវបានផ្អាកពីការប្រកួតធំៗភាគច្រើន បន្ទាប់ពីរលកនៃការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដោយសហគមន៍កីឡាអន្តរជាតិ ដែលផ្តើមចេញពីការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន កាលពីឆ្នាំមុន។
កាលពីខែមីនាកន្លងទៅ រុស្ស៊ីបានរៀបចំការប្រកួតមិត្តភាពជាមួយអ៊ីរ៉ាក់នៅកីឡដ្ឋាន Gazprom នៅក្នុងទីក្រុង Saint Petersburg បញ្ចប់ទៅដោយម្ចាស់ផ្ទះរុស្ស៊ីយកឈ្នះក្នុងលទ្ធផល ២-០។ ការអត្ថាធិប្បាយលើការត្រឡប់នៃបាល់ទាត់អន្តរជាតិរបស់រុស្ស៊ីទល់នឹងអ៊ីរ៉ាក់ កាលពីខែមីនា លោក Mitrofanov បាននិយាយថា នេះបង្ហាញថាអាចទៅរួចសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិបន្តបន្ទាប់ទៀតរបស់រុស្ស៊ី។
គួររំលឹកថា កាលពីឆ្នាំមុន សហព័ន្ធបាល់ទាត់ប្រទេសរុស្ស៊ី បានបង្កើតក្រុមការងារមួយ ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការផ្ទេរភាពជាសមាជិករបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ទៅចូលរួមជាមួយសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ជំនួសវិញ ប៉ុន្តែដំណើរការនៃការពិភាក្សានេះ ហាក់ដូចជាត្រូវបានទុកចោលវិញ។ ទោះយ៉ាងណាភាគីរុស្ស៊ី នៅតែអះអាងថា បញ្ហានៃការផ្លាស់ទៅសហព័ន្ធទ្វីបអាស៊ី នៅតែមិនទាន់រលត់នៅឡើយទេ៕ (ដកស្រង់ចេញពី Inside The Games និង Irish Sun)
ចែករំលែកព័តមាននេះ