សម្ព័ន្ធភាពគណបក្សនយោបាយទាំង៨ដែលព្រមព្រៀងគ្នាថានឹងឱ្យអ្នកតំណាងរាស្ត្ររបស់ខ្លួនបោះឆ្នោតគាំទ្រលោកភីថា ចារ៉ើនរ៉ាត់ ជានាយករដ្ឋមន្ត្រីនោះ កំពុងស្ថិតនៅក្នុងស្ថានភាពផុយស្រួយគួរឱ្យព្រួយបារម្ភ។ បញ្ហានេះលេចចេញជារូបរាងច្បាស់ៗបន្ទាប់ពីមន្ត្រីគណបក្សភឿថៃប្រកាសពីការត្រៀមខ្លួនដើរចេញពីសម្ព័ន្ធភាពបើខ្លួនមិនបានតំណែងប្រធានរដ្ឋសភា។
លោកស្រីផែ ថងថាន និងលោកស្រឹត្ថា បេក្ខជននាយករដ្ឋមន្ត្រីទី១ និងទី២របស់គណបក្សភឿថៃភឿថៃប្រកាសថាបើគណបក្សឆ្ពោះទៅមុខយកតំណែងនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាតែម្នាក់ឯង, មានន័យថាឆ្ពោះទៅមុខចង់ដើរខ្សែលើ។ ការគំរាមនេះជាហានិភ័យសម្រាប់បេក្ខភាពលោកភីថា ចារ៉ើនរ៉ាត់។ បើអ្នកតំណាងរាស្ត្ររបស់ភឿថៃ១៤១រូបមិនបោះឆ្នោតគាំទ្រលោកភីថាជានាយករដ្ឋមន្ត្រី, មានន័យថាផែនការឡើងកាន់អំណាចរបស់លោកត្រូវបរាជ័យ។

សមាជិក២រូបរបស់គណបក្សភឿថៃប្រកាសពីតម្រុយនៃការបែកបាក់, បន្ទាប់ពីអតីតអគ្គលេខាធិការរបស់គណបក្សឆ្ពោះទៅមុខបង្ហោះនៅលើហ្វេសប៊ុកថាគណបក្សខ្លួនត្រូវយកតំណែងនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាតែម្នាក់ឯង។ ប្រធានគណបក្សភឿថៃ លោកឆូលណាន់ ស្រីកែវ (Cholnan Srikaew) បង្ហាញការឃ្នើសចិត្ត និងឆ្លើយតបថាទស្សនៈរបស់មន្ត្រីគណបក្សឆ្ពោះទៅមុខអាចនឹងប៉ះពាល់កិច្ចសហការនៅក្នុងសម្ព័ន្ធភាព ឬអាចប៉ះពាល់តំណែងនាយករដ្ឋមន្ត្រីតែម្ដង។
លោក ឆូលណាន់ ស្រីកែវ (Cholnan Srikaew) ប្រធានគណបក្សភឿថៃលោកជឿជាក់ថាការបញ្ចេញមតិរបៀបនេះមិនមែនជាសញ្ញាល្អសម្រាប់ការជជែកគ្នានៅក្នុងសម្ព័ន្ធភាពគណបក្សទាំង៨ឡើយ។ លោកយល់ថាមិនសំខាន់ថាគណបក្សដែលទទួលបានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាត្រូវទទួលបានតំណែងប្រធានរដ្ឋសភាទេ។ លោកយល់ថារឿងហ្នឹងយើងអាចនិយាយគ្នាបានទេតើ។ វាស៊ីសងលើការជជែកគ្នានៅក្នុងសម្ព័ន្ធភាព។ លោកបន្ថែមថាគណបក្សភឿថៃមានអ្នកតំណាងរាស្ត្រមួយចំនួនដែលមានសមត្ថភាពកាន់តំណែងជាប្រធានរដ្ឋសភា។

មន្ត្រីគណបក្សភឿថៃម្នាក់ទៀតជាអ្នកតំណាងរាស្ត្រទើបតែជាប់ឆ្នោតថ្មីៗ លោកអាឌីសន ភៀងកេត (Adisorn Piangket) ថ្លែងថាបើគណបក្សឆ្ពោះទៅមុខចង់ស្រវាយកតំណែងនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាតែម្នាក់ឯង លុះត្រាតែគណបក្សនេះទទួលបាន៣៧៧អាសនៈ។ ពោលគឺដូចអ្វីដែលគណបក្សថៃរ៉ាក់ថៃធ្លាប់ទទួលបានកាលពីពេលបោះឆ្នោតឆ្នាំ២០០៦។

ភឿថៃជាគណបក្សដែលប្រសូត្រចេញពីគណបក្សថៃរ៉ាក់ថៃដែលត្រូវបានតុលាការរំលាយកាលពីឆ្នាំ២០០៧។ មន្ត្រីរូបនេះប្រើសម្ដីខ្លាំងដាក់គណបក្សឆ្ពោះទៅមុខថា «បើឆ្ពោះទៅមុខនៅតែប្រកាន់គោលជំហររឹងរូសបែបនេះតទៅទៀត, ភឿថៃត្រូវបង្ខំចិត្តដកខ្លួនថយពីសម្ព័ន្ធភាព។ ដូច្នេះ គម្រោងបង្កើតរដ្ឋាភិបាលចម្រុះរួមគ្នាប្រហែលជាត្រូវក្លាយជារឿងអសារឥតការ»។

ទន្ទឹមនឹងលោកអាឌីសនព្រមានដកខ្លួនថយ, លោកឆូលណាន ដែលជាប្រធានគណបក្សភឿថៃសូមឱ្យបេក្ខជនតំណាងរាស្ត្រទាំងអស់ ទាំងអ្នកជាប់ឆ្នោតក្ដី និងមិនជាប់ឆ្នោតក្ដី សូមគូសថ្មចំណាំទុកចុះថា «បើទៅថ្ងៃមុខ, គម្រោងបង្កើតរដ្ឋាភិបាលចម្រុះត្រូវបរាជ័យ, តើត្រូវបន្ទោសនរណា?» លោកសូមប្រកាសប្រាប់ពួកគេថាគណបក្សភឿថៃកំពុងត្រៀមខ្លួនជួយជ្រោមជ្រែងបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សឆ្ពោះទៅមុខដើម្បីទទួលបានសំឡេងអនុម័តគ្រប់គ្រាន់ពីសភា។

គណបក្សភឿថៃចូលរួមនៅក្នុងសម្ព័ន្ធភាពនេះដោយចិត្តស្មោះស ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។ ដូច្នេះ លោកសូមកុំឱ្យមានការបកស្រាយថាមានកត្តាណា១ដែលបន្ទច់បង្អាក់ដល់ការបង្កើតរដ្ឋាភិបាលចម្រុះ។ លោកនិយាយរម្លឹកបេក្ខជនអ្នកតំណាងរាស្ត្រ ទាំងជាប់ឆ្នោត និងមិនជាប់ឆ្នោត ថាសន្លឹកឆ្នោត៧០%បោះឱ្យគណបក្សនិយមប្រជាធិបតេយ្យ ឆ្ពោះទៅមុខ និងភឿថៃ។ ដូច្នេះ ពួកគេគួរតែនិយាយស្ដីដោយប្រយ័ត្នប្រយែង។ បើមិនដូច្នោះទេ អ្នកដទៃអាចនឹងបកស្រាយច្រឡំ៕
ប្រភព៖ កាសែត The Nation
https://www.nationthailand.com/thailand/politics/40027950




ចែករំលែកព័តមាននេះ