រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអង្វរករស្នើដល់គណៈសង្ឃថ្នាក់កំពូលឲ្យសម្របសម្រួលដោះស្រាយគ្នា ដោយឈរលើគោលការណ៍សុខដុមនីយកម្ម សាសនា កុំប្រើប្រាស់បណ្តាញសង្គម ដើម្បីរិះគន់គ្នា និងដោះស្រាយបញ្ហា ។
ថ្លែងក្នុងពិធីសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាថ្ងៃទី២៤ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ព្រះអង្គអាចហៅគ្នាមកនិយាយបានទេ ហេតុអីក្បាលម៉ាស៊ីនសង្ឃចាប់ផ្ដើមប្រេះឆាបែបនេះ ចឹងទេមានតែខ្ញុំទៅដោះស្រាយទៀតហើយ ព្រះអង្គអើយព្រះអង្គ អីក៏ពិបាកម្ល៉េះព្រះអង្គអើយ ហើយអ្នកណានិយាយទៅនិយាយជាមួយលោកកើត គឺមានតែខ្ញុំ ចឹងខ្ញុំកូណាសូមអង្វរករពីចម្ងាយប្រគេនចំពោះសម្ដេចព្រះសង្ឃរាជ ព្រះរាជាគណៈសម្ដេចសង្ឃនាយក នាយករង មេត្តាអធ្យាស្រ័យហើយនិយាយគ្នាទៅចាំបាច់អីទៅចេញសេចក្ដីប្រកាសព័ត៌មានតាមហ្វេសប៊ុក ឥឡូវលោកទាស់គ្នាតាមហ្វេសប៊ុកទៅហើយ ខ្ញុំមិនដឹងថា ត្រូវធ្វើយ៉ាងម៉េច» ។
ជាមួយគ្នានោះដែរ សម្ដេចតេជោ ក៏បានស្នើឲ្យគណៈសង្ឃនាយក មេត្តាដកសេចក្ដីថ្លែងការណ៍នោះវិញ ។ សម្ដេចបញ្ជាក់បន្ថែមថា «សេចក្ដីថ្លែងការណ៍នោះមើលទៅវាហួសចិត្តមើលឃើញហ្នឹងម៉ោងជិត ១២យប់ហើយ អូ!ងា.ប់ហើយទៅជាអីញ្ចឹង កាលពីតែងតាំងហ្នឹងសម្ដេច សៅរ៍ ចន្ទថុល្ល អត់ដឹងអត់លឺអីចេះអីចុះ ឥឡូវសម្រួលគ្នាទៅអង្គរ» ។
ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីបានឃើញសេចក្តីថ្លែងការណ៍របស់លេខាធិការដ្ឋាន នៃគណៈសង្ឃនាយក ៖ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ច័ន្ទថុល្ល មិនគោរពគណៈសង្មិនគោរពការដឹកនាំរបស់សម្តេចតេជោ និងព្រះរាជក្រឹត្យនោះទេ គឺធ្វើឲ្យអាប់ឱនកិត្តិយសសម្តេចតេជោ ជាប្រមុខរដ្ឋាភិបាល និងព្រះមហាក្សត្រ ។
លេខាធិការដ្ឋាន នៃគណៈសង្ឃនាយក នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍លើ ហ្វេសប៊ុក ថា សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ច័ន្ទថុល្ល ជាអម្ចាស់! សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះរាជាគណៈគ្រប់ព្រះអង្គ ព្រះមេគណ មន្ត្រីសង្ឃគ្រប់ព្រះអង្គ ពុំមានសម្តេច ព្រះសង្ឃអង្គណានីមួយ មិនគោរព ឬមិនអនុវត្តតាមចំណារបស់សម្តេចតេជោ ជាប្រមុខរាជរដ្ឋាភិបាលនៃយេីង និងមិនគោរពតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនោះទេ ហើយសម្តេច ព្រះសង្ឃគ្រប់ព្រះអង្គ លោកមាន ហិរិ និងឱត្តប្ប នៅក្នុងខ្លួន មិនធ្វើរឿងក្រៅតម្រាឋានានុក្រមនោះឡើយ។
សម្តេចព្រះសង្ឃគ្រប់ព្រះអង្គ បានគោរព និងអនុវត្តរួចហើយនូវចំណា និងព្រះរាជក្រឹត្យ ផ្ទុយទៅវិញសម្តេចព្រះធម្មលិខិត នោះទេ ដែលល្មើសទៅលើចំណា និងព្រះរាជក្រឹត្យ ព្រោះថា សម្តេចព្រះធម្មលិខិតព្រះអង្គខ្លួនឯង ក៏បានចូលរួមប្រជុំវាយតម្លៃជ្រើសរើសសមាសភាពព្រះមហាវិមលធម្ម និងបានលើកឡើងថា ព្រះពុទ្ធវង្ស ហ៊ូឈីវនាថ ស័ក្តសមជាទីបំផុត ក្នុងការទទួលងារព្រះមហាវិមលធម្មនេះ ។
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ព្រះរាជក្រឹត្យដែលប្រថាប់ ព្រះរាជលញ្ជករ ក៏បានចេញជាផ្លូវការ។ លុះដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៣ ក៏មានព្រះរាជក្រឹត្យចេញមួយច្បាប់ទៀត គណៈសង្ឃក៏បានទូរសព្ទទៅសម្តេចព្រះធម្មលិខិត សួរនាំពីរឿងនេះទៀត តែសម្តេចព្រះធម្មលិខិត ឆ្លើយថាមិនដឹង ចម្លើយនេះពិតជាទុច្ចរិតមែន ។
អ្វីដែលសម្តេចព្រះធម្មលិខិត កំពុងតែធ្វើនេះគឺ មិនគោរពគណៈសង្ឃហើយ លើសពីនេះទៅទៀត គឺមិនគោរពការដឹកនាំរបស់ សម្តេចតេជោ និងព្រះរាជក្រឹត្យនោះទេ ផ្ទុយទៅវិញ គឺធ្វើឲ្យអាប់ឱនកិត្តិយសសម្តេចតេជោ ជាប្រមុខរដ្ឋាភិបាល និងព្រះមហាក្សត្រទៅវិញទេ ។
នរណាក៏គេដឹងដែរថា ការផុសផ្សព្វផ្សាយរបស់សម្តេចព្រះធម្មលិខិត គឺដើម្បីរកខ្សែក្រវាត់ ឬអាវក្រោះសម្រាប់ការពារខ្លួនតែប៉ុណ្ណោះ ។ សម្តេចព្រះធម្មលិខិត តែងនិយាយថា គោរព និងដង្ហែតាមគណៈសង្ឃ ពិសេស គោរពតាមការដឹកនាំគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ តែធាតុពិត សម្តេចព្រះធម្មលិខិត សៅរ៍ ច័ន្ទថុល មិនដែលគោរពតាមនរណាទេ និយាយតែមាត់ប៉ុណ្ណោះ ។
សម្តេចព្រះធម្មលិខិត តែមួយអង្គគត់ ដែលតែងតែព្យាយាមបង្កឲ្យមានបញ្ហានៅក្នុងជួរគណៈសង្ឃ និងពុទ្ធិកសិក្សាកន្លងមក ហើយសម្តេចព្រះធម្មលិខិត បានកសាងកំហុសអ្វីខ្លះ ចំពោះគណៈសង្ឃព្រះពុទ្ធសាសនាខ្មែរអ្វីខ្លះ សម្តេចប្រហែលជាចងចាំខ្លួនព្រះអង្គឯងហើយ ។
សម្តេចព្រះធម្មលិខិត បានក្បត់ប្រធានអង្គប្រជុំ ដែលដឹកនាំ ដោយសម្តេចព្រះពោធវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង ព្រះសង្ឃ នាយករងទី១ ដូច្នេះសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ត្រូវតែទៅគោរពវន្ទា សូមខមាទោសចំពោះព្រះភ័ក្តសម្តេចព្រះពោធិវ័ង្សជាអម្ចាស់ ។
សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍ដែរថា កុំឲ្យនាំសម្តេចខុសបន្តទៀត ក្នុងការតែងតាំងមន្ត្រីសង្ឃ ប្រហែលជាសម្តេចព្រះធម្មលិខិត ភ្លេចហើយមើលទៅ ។ ទង្វើដ៏ទុច្ចរិតនេះ ពិតជាធ្វើឲ្យសម្តេចតេជោ នៃយើងលោកស្មុគស្មាញទៀតហើយ ៕
ចែករំលែកព័តមាននេះ