រាជធានីភ្នំពេញ ៖ ខណៈកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាប៉ារ៉ាហ្គេម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងដណ្ដើមមេដាយបានចំនួនច្រើនក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ។

ការបង្ហាញក្ដីសង្ឃឹមរបស់សម្ដេចតេជោ ធ្វើឡើងបន្ទាប់ពីកម្ពុជាទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ពីការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA GAMES ២០២៣) ដែលដណ្ដើមបានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះមេដាយមាស៨១គ្រឿង ប្រាក់៧៤គ្រឿង និងសំរឹទ្ធ១២៧គ្រឿង។

ថ្លែងក្នុងពិធីសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាថ្ងៃទី២៤ ឧសភាសម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់អ្នកពាក់ព័ន្ធរៀបចំសំបុត្រឲ្យជនពិការបានចូលរួមទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
នៅសល់តែប្រមាណ១០ថ្ងៃទៀត ដល់ព្រឹត្តិការណ៍ប៉ារ៉ាហ្គេមសម្ដេចតេជោ បញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមព្រោះជានិច្ចកាលស៊ីហ្គេម និងប៉ារ៉ាហ្គេម យើងបញ្ជូនកីឡាករទៅចូលរួមតិចមែន តែបានមេដាយមាសច្រើន ហើយលើកនេះខ្ញុំជឿថា យើងនឹងទទួលបានមេដាយច្រើនទៀត បំបែកឯកត្តកម្មរួចហើយផ្នែកស៊ីហ្គេម ប៉ុន្តែនៅប៉ារ៉ាហ្គេមយើងនឹងទទួលបានមេដាយច្រើនទៀត ព្រោះឥឡូវកំពុងហ្វឹកហាត់ខ្លាំងណាស់» ។

សម្ដេចបន្ថែមថា សម្ដេចនឹងក្រុមកីឡាករ នាថ្ងៃទី២៦ ខែឧសភាខាងមុខនេះព្រោះការជួបនេះ គឺជាការជូនដំណើរកីឡាករ កីឡាការិនីទៅប្រកួតដូចគ្នាមិនថា ទៅប្រកួតនៅក្នុងប្រទេស ឬក្រៅប្រទេសនោះទេ ។
ជាមួយគ្នានោះដែរសម្ដេចថ្លែងថា សម្ដេចមិនធ្វើប្រធានគណៈកម្មាការអូឡាំពិកទេ តែធ្វើប្រធានគណៈកម្មាការប៉ារ៉ាអូឡាំពិក ដោយសារសំដៅលើកទឹកចិត្តឲ្យជនពិការប្រឹងប្រែងបញ្ហាកីឡា ។ សម្ដេចថា ទោះឈប់ធ្វើនាយករដ្ឋមន្ត្រីក៏សម្ដេចនៅតែធ្វើប្រធានគណៈកម្មាការប៉ារ៉ាអូឡាំពិក ។

សូមរំលឹកថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ (ASEAN Para Games) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games ) តែងតែប្រារព្ធឡើងបន្ទាប់ពីព្រឹត្តិការណ៍កីឡា SEA GAMES និងដោយមានការចូលរួមប្រកួតពីប្រតិភូអត្តពលិកដែលមានពិការភាពពីប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។

កាលពីឆ្នាំ២០២២ កន្លងទៅនេះព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ បានប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ី ប្រទេសកម្ពុជាបានបញ្ជូនអត្តពលិកចំនួន១១៥នាក់ ដើម្បីចូលរួមប្រកួតលើ ១១ ប្រភេទកីឡា ហើយឆ្នាំ២០២៣នេះកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយមានការប្រកួតលើ១៣ ប្រភេទកីឡា ៕
ចែករំលែកព័តមាននេះ