លោកនាយករដ្ឋមន្ត្រីចាំផ្ទះថៃ ប្រាយុទ្ធចាន់អូចា បានធានាអះអាង ដើម្បីកុំឱ្យមហាជនទូទៅមានអារម្មណ៍ភ័យខ្លាចថាមានរដ្ឋប្រហារជាថ្មីម្ដងទៀត។ លោកសូមធានាថាការផ្ទេរអំណាចពីរដ្ឋាភិបាលរបស់លោកទៅឱ្យរដ្ឋាភិបាលថ្មីនឹងប្រព្រឹត្តទៅដោយសន្តិវិធី។ លោកបានចាត់វិធានការច្រើនគ្រប់គ្រាន់ដើម្បីធានាថាស្ថានភាពសេដ្ឋកិច្ចជាតិនៅតែដំណើរការបានល្អ។

«នៅពេលដែលប្រទេសជាតិត្រូវធ្វើដំណើរឆ្ពោះទៅមុខ, យើងខ្ញុំត្រូវតែបំពេញការងារបម្រើប្រជារាស្ត្រនៅក្នុងអំឡុងពេលរង់ចាំផ្ទេរអំណាចទៅជូនរដ្ឋាភិបាលថ្មី»។ ខាងលើនេះជាពាក្យសម្ដីដ៏ពីរោះពីសារបស់លោកប្រាយុទ្ធចាន់អូចា ដែលបានដឹកនាំប្រទេសរយៈពេល៩ឆ្នាំមកហើយ។ លោកបានជំរុញឱ្យគ្រប់ភាគីទាំងអស់កុំនិយាយបន្លាចគ្នាឯង និងកុំបង្កើតសេណារីយោបែបព្រួយបារម្ភថាអាចនឹងមានរឿងនេះកើតឡើង ឬរឿងនោះកើតឡើង។

លោកថ្លែងបែបនេះបន្ទាប់ពីអ្នកវិភាគព្រមានពីលទ្ធភាពនៃការកើតមានអំពើរដ្ឋប្រហារនៅប្រទេសថៃ បើសម្ព័ន្ធភាពគណបក្សនយោបាយទាំង៨ដែលដឹកនាំដោយគណបក្សឆ្ពោះទៅមុខមិនអាចបង្កើតរដ្ឋាភិបាលបាន។ មានន័យថាសម្ព័ន្ធភាពដាក់បេក្ខភាពលោកភីថា លីមចារ៉ើនរ៉ាត់ទៅរដ្ឋសភា និងព្រឹទ្ធសភាអនុម័ត, ប៉ុន្តែមិនអាចទទួលបានអនុម័ត៣៧៦សំឡេង។

ថ្មីៗនេះទៀត, អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ដែលត្រូវលោកប្រាយុទ្ធចាន់អូចាខ្លួនឯងផ្ដួលរំលំពីអំណាចដោយអំពើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ក៏បានបង្ហោះសារនយោបាយនៅលើបណ្ដាញហ្វេសប៊ុកផងដែរ។ លោកស្រីសូមបន់ស្រន់កុំឱ្យមានរដ្ឋប្រហារជាថ្មីម្ដងទៀត។

ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ, លោកប្រាយុទ្ធសូមឱ្យមជ្ឈដ្ឋានខ្លះកុំបង្កបញ្ហា។ រូបលោកផ្ទាល់គ្មានទោមនស្សនឹងក្រុមណា១ទាល់តែសោះ។ លោកសូមគោរពដំណើរការប្រជាធិបតេយ្យនៅប្រទេសថៃ។ លោកថ្លែងថា១ជីវិតនេះ, លោកគ្មានប្រាថ្នាអ្វីក្រៅពីឃើញប្រទេសជាតិរស់នៅក្នុងសុខសន្តិភាពនោះទេ។ ក្នុងនាមជានាយករដ្ឋមន្ត្រីចាំផ្ទះ, លោកនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីបំពេញការងារឱ្យអស់ពីចិត្តពីថ្លើមរហូតដល់រដ្ឋាភិបាលថ្មីស្បថចូលកាន់តំណែង។

ចំពោះសំណួរថាតើលោកប្រាយុទ្ធបាននិយាយគ្នាស្ងាត់ៗជាមួយលោកប្រាវីតវង្សសុវណ្ណដែរឬទេថាត្រូវបន្តធ្វើនយោបាយទៀត ឬឈប់ត្រឹមហ្នឹង? លោកប្រាយុទ្ធតបថាកាលពីពេលមុន រហូតដល់បច្ចុប្បន្ន, លោកទាំង២និយាយគ្នាពាក់ព័ន្ធតែនឹងក្របខណ្ឌការងាររបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។ ក្រៅពីនេះ លោកទាំង២ពុំដែលបាននិយាយអំពីរឿងអ្វីផ្សេងទាល់តែសោះ។

ពាក់ព័ន្ធនឹងការប្រកូកប្រកាសតាមអនឡាញដើម្បីឱ្យក្រុមអ្នកគាំទ្រគណបក្សឆ្ពោះទៅមុខចូលរួមហែបាតុកម្មដាក់សម្ពាធឱ្យព្រឹទ្ធសភាបោះឆ្នោតគាំទ្របេក្ខភាពលោកភីថាជានាយករដ្ឋមន្ត្រី, លោកប្រាយុទ្ធយល់ថាទោះបីពួកគេចង់ធ្វើអ្វីក៏ត្រូវធ្វើឱ្យស្របទៅតាមសិទ្ធិដែលមាន និងស្របទៅតាមក្របខណ្ឌច្បាប់។ លោកបញ្ជាក់ថាអាជ្ញាធរត្រូវតែធ្វើយ៉ាងណាធានាថាពួកគេធ្វើស្របទៅតាមដែនកំណត់នៃច្បាប់៕
ប្រភព៖ កាសែតបាងកកប៉ុស្តិ៍
https://www.bangkokpost.com/thailand/politics/2576845/prayut-allays-fears-over-transfer-of-power







ចែករំលែកព័តមាននេះ