រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងស្នើដល់គណៈសង្ឃឲ្យសម្របសម្រួលដោះស្រាយគ្នាដោយឈរលើគោលការណ៍សុខដុមនីយកម្ម សាសនា កុំប្រើប្រាស់បណ្តាញសង្គមដើម្បីរិះគន់គ្នា និងដោះស្រាយបញ្ហា ។

ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីបានឃើញសេចក្ដីប្រកាសព័ត៌មានរបស់គណៈសង្ឃនាយកដែលចោទសម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល មិនគោរពការដឹកនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈការតែងតាំងមន្ត្រីសង្ឃ ។

ថ្លែងក្នុងពិធីសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាថ្ងៃទី២៤ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ព្រះអង្គអាចហៅគ្នាមកនិយាយបានទេ ហេតុអីក្បាលម៉ាស៊ីនសង្ឃចាប់ផ្ដើមប្រេះឆាបែបនេះ ចឹងទេមានតែខ្ញុំទៅដោះស្រាយទៀតហើយ ព្រះអង្គអើយព្រះអង្គ អីក៏ពិបាកម្ល៉េះព្រះអង្គអើយ ហើយអ្នកណានិយាយទៅនិយាយជាមួយលោកកើត គឺមានតែខ្ញុំ ចឹងខ្ញុំកូណាសូមអង្វរករពីចម្ងាយប្រគេនចំពោះសម្ដេចព្រះសង្ឃរាជ ព្រះរាជាគណៈសម្ដេចសង្ឃនាយក នាយករង មេត្តាអធ្យាស្រ័យហើយនិយាយគ្នាទៅចាំបាច់អីទៅចេញសេចក្ដីប្រកាសព័ត៌មានតាមហ្វេសប៊ុក ឥឡូវលោកទាស់គ្នាតាមហ្វេសប៊ុកទៅហើយ ខ្ញុំមិនដឹងថា ត្រូវធ្វើយ៉ាងម៉េច» ។

ជាមួយគ្នានោះដែរ សម្ដេចតេជោ ក៏បានស្នើឲ្យគណៈសង្ឃនាយក មេត្តាដកសេចក្ដីថ្លែងការណ៍នោះវិញ ។ សម្ដេចបញ្ជាក់បន្ថែមថា «សេចក្ដីថ្លែងការណ៍នោះមើលទៅវាហួសចិត្តមើលឃើញហ្នឹងម៉ោងជិត ១២យប់ហើយ អូ!ងា.ប់ហើយទៅជាអីញ្ចឹង កាលពីតែងតាំងហ្នឹងសម្ដេច សៅរ៍ ចន្ទថុល្ល អត់ដឹងអត់លឺអីចេះអីចុះ ឥឡូវសម្រួលគ្នាទៅអង្គរ» ។

សម្ដេចតេជោបន្ថែមថា សម្ដេចធ្លាប់តែនិយាយហើយរឿងខន្តីញោម ឥឡូវព្រះតេជគុណ មានងារសុទ្ធតែសម្ដេចសង្ឃ អត់ខន្តីផង ដល់ចឹងឲ្យកូណាទៅសម្របសម្រួលមិនដឹងធ្វើម៉េចដែរ មានតែស្រែកដាក់ក្បាលមេក្រូពីចម្ងាយតែម្តងសំពត់រហែកហែកថែមតែម្ដង៕
ចែករំលែកព័តមាននេះ