ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីការិនីទូរទស្សន៍ហុងកុងរងការរិះគន់ ហើយ២នាក់ទៀតត្រូវគេផ្អាកកុងត្រាការងារ ក្រោយនាំគ្នាថតវីដេអូរាំនៅក្នុងបន្ទប់ផ្សាយផ្ទាល់

11 ខែ មុន

(ហុងកុង)៖ ពិធីការិនីទូរទស្សន៍ហុងកុង ៥នាក់ រងការរិះគន់ជាខ្លាំងពីមហាជន ជាពិសេសពីថ្នាក់ដឹកនាំ និងអ្នកធ្វើការក្នុងវិស័យព័ត៌មានដូចគ្នា ក្រោយពួកគេបានបង្ហោះឃ្លីបរាំបទ Flower របស់ Jisoo…

(ហុងកុង)៖ ពិធីការិនីទូរទស្សន៍ហុងកុង ៥នាក់ រងការរិះគន់ជាខ្លាំងពីមហាជន ជាពិសេសពីថ្នាក់ដឹកនាំ និងអ្នកធ្វើការក្នុងវិស័យព័ត៌មានដូចគ្នា ក្រោយពួកគេបានបង្ហោះឃ្លីបរាំបទ Flower របស់ Jisoo នៃសមាជិកក្រុមចម្រៀងកូរ៉េ BlackPink។

គេហទំព័រ Koreaboo បានរាយការណ៍ថា អាជីពជាពិធីការិនីទូរទស្សន៍ចំនួន ៥នាក់ មកពីទូរទស្សន៍ Cable News (ហុងកុង ប្រទេសចិន) បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែរឿងថតវីដេអូរាំមួយនេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន Line បានឱ្យដឹងថា ដើម្បីអបអរសាទរថ្ងៃធ្វើការចុងក្រោយរបស់ពួកគេនៅទូរទស្សន៍ Cable News ពិធីការិនីព័ត៌មានស្ត្រីបីនាក់បានបញ្ចុះបញ្ចូលសហការីពីរនាក់ទៀតឱ្យរាំទាំងអស់គ្នា ហើយបង្ហោះវីដេអូនៅលើ Instagram ។

ទោះជាយ៉ាងណាក៏ដោយ វីដេអូនេះមានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន ហើយ លោក Raymond Wong ដែលជាប្រធានគណៈកម្មការត្រួតពិនិត្យសេវាផ្សព្វផ្សាយសាធារណៈរបស់ហុងកុង ​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ ដោយបានសរសេរថា៖ «នេះ​ពិត​ជា​អាម៉ាស់​ចំពោះ​អ្នក​សារព័ត៌មាន»។

នៅក្នុងអ៊ីមែលផ្ទៃក្នុង នាយកទូរទស្សន៍ Cable News បានស្នើឱ្យបុគ្គលិកប្រុងប្រយ័ត្នចំពោះពាក្យសម្ដី និងសកម្មភាពរបស់ពួកគេ ដើម្បីរក្សារូបភាពវិជ្ជាជីវៈ។ ដោយលោកបានសរសេរថា «បន្ទប់ផ្សាយគឺជាស្នូលនៃនាយកដ្ឋានព័ត៌មាន។ អ្នកទាំងអស់គ្នា សូមប្រើប្រាស់មុខងាររបស់វាឱ្យបានពេញលេញ ដើម្បីផ្តល់ឱ្យទស្សនិកជននូវព័ត៌មានលឿនបំផុត ចុងក្រោយបំផុត និងប្រកបដោយវិជ្ជាជីវៈបំផុត មិនមែនមើលឃើញថាវាជាឆាកដើម្បីកម្សាន្ត និងសប្បាយរីករាយនោះទេ»។

ចំពោះវីដេអូត្រូវបានលុបចោលហើយ ពិធីការិនីស្រីម្នាក់បានបង្ហើបថា មូលហេតុដែលលុបវីដេអូនោះ គឺដោយសារតែថ្នាក់លើរបស់នាងមិនពេញចិត្តនឹងទង្វើនេះ។ មិន​ត្រឹម​តែ​ត្រូវ​បាន​គេ​ដាក់​វិន័យ​ទេ អាជីព​របស់​ពួក​គេ​ក៏​ត្រូវ​បាន​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​បន្ទាប់​ពី​មានរឿងរ៉ាវ​នេះ​ដែរ។

ជាពិសេស ពិធីករស្រីពីររូបដែលមានឈ្មោះ Yanna Yu និង Terrie Leung ដើមឡើយមានគម្រោងចាប់ផ្តើមការងារនៅប៉ុស្តិ៍ទូរទស្សន៍មួយផ្សេងទៀត ប៉ុន្តែកិច្ចសន្យាការងាររបស់ពួកគេត្រូវបានបញ្ចប់ភ្លាមៗ។

ទោះយ៉ាង​ណា​ក៏​ដោយ វិធានការយ៉ាង​ចាស់​ដៃ​របស់​ស្ថានីយ​ទូរទស្សន៍​ មហាជនមួយចំនួនក៏បានយល់ឃើញថាធ្វើជ្រុលពេក ព្រោះតែនេះគ្រាន់តែថតវីដេអូក្រោយការងារ ហើយនេះជាទម្រង់កម្សាន្ត ប៉ុន្តែក៏មានអ្នកខ្លះគិតថាការឆ្លើយតបរបស់ស្ថានីយទូរទស្សន៍សមហេតុផលទាំងស្រុង ព្រោះពិធីករព័ត៌មានគួរមានវិជ្ជាជីវៈ៕