នៅប្រទេសថៃមានហេតុការណ៍បាក់រលំដំបូលដែកនៃរោងមួយកន្លែងកាលពីល្ងាចម្សិលមិញ បណ្ដាលឱ្យសិស្សសាលាតូចៗ៤នាក់ និងមនុស្សពេញវ័យ៣នាក់ស្លាប់។ ចំណែកមនុស្ស១៨នាក់រងរបួសធ្ងន់ និងស្រាល។ ដំបូលអគារមួយកន្លែងនោះទំនងជាសាងសង់មិនសូវរឹងមាំប៉ុន្មានទេ។ មានន័យថាជាកន្លែងដែលសាងសង់ឲ្យតែបាន១សំណើសិនដើម្បីលេងបាល់ទះ។

សាក្សីនិយាយថាមុនពេលកើតហេតុ មានភ្លៀងលាយខ្យល់កន្ត្រាក់កើតមាននៅក្នុងបរិវេណសាលារៀននោះ។ ខ្យល់ចាប់ផ្ដើមបក់ខ្លាំងឡើងៗនៅវេលាម៉ោង៦:៣០ល្ងាចថ្ងៃចន្ទ។ មិនយូរប៉ុន្មាន ក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំងប្រៀបដូចគេហែកមេឃ។ នៅពេលសិស្សសាលា និងមនុស្សពេញវ័យ១ចំនួនកំពុងស្ថិតនៅក្រោមដំបូលដែកនោះដើម្បីជ្រកភ្លៀង ស្រាប់តែដំបូលដែកនោះបាក់គ្រឹបដល់ដីតែម្ដងដោយសារកម្លាំងបោកបក់ដ៏ខ្លាំងក្លានៃខ្យល់កន្ត្រាក់។ អ្នកនៅក្រោមនោះត្រូវដំបូលសង្កត់ពីលើ។

ក្រុមអ្នកជួយសង្គ្រោះបន្ទាន់បានចុះទៅកន្លែងកើតហេតុ និងរកឃើញថាមនុស្ស៦នាក់បានស្លាប់បាត់ទៅហើយ។ ក្រៅពីនេះមនុស្ស១៩នាក់ទៀតរងរបួស។ នៅក្នុងចំណោមនោះ, ៧នាក់របួសធ្ងន់។ ក្រោយមក, កុមារម្នាក់អាយុ៦ឆ្នាំដែលគេបានដឹកទៅសម្រាកនៅមន្ទីរពេទ្យក៏បានស្លាប់ម្នាក់ទៀតដោយសាររងរបួសធ្ងន់ធ្ងរពេក។ នៅពេលមានភ្លៀងលាយខ្យល់កន្ត្រាក់នោះ គេសង្កេតឃើញថាដំបូលផ្ទះរបស់អ្នកស្រុកមួយចំនួនក៏ត្រូវរបើកអស់រលីងដោយសារកម្លាំងដ៏ខ្លាំងនៃខ្យល់បក់។

យោងតាមការបង្កើបឱ្យដឹងពីបុគ្គលិកម្នាក់ដែលបម្រើការនៅផ្នែកទំនាក់ទំនងសាធារណៈ, នៅក្នុងចំណោមជនរងគ្រោះទាំងនោះមានកុមារា៤នាក់, ឪពុកម្ដាយ២នាក់ និងអ្នកអនាម័យម្នាក់។ ក្រសួងឧតុនិយមបានចេញសេចក្ដីព្រមានឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្លាក់ខ្យល់ខ្លាំង និងធ្លាក់ភ្លៀងខ្លាំងនៅភាគខាងជើង។ ថ្ងៃចន្ទម្សិលមិញក៏ជាការចាប់ផ្ដើមនៃរដូវវស្សាផងដែរ៕
ប្រភព៖ ABC Australia និង Bangkok Post
https://abcnews.go.com/International/wireStory/roof-collapses-school-thailand-killing-6-people-sheltering-99514339
https://www.bangkokpost.com/thailand/general/2576469/students-killed-when-storm-collapses-school-sports-arena

ចែករំលែកព័តមាននេះ