ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​ប្រហារ​ដោយ​គំនុំ​ដែល​អ្នក​ភូមិ​សង្ស័យ​ថា​មក​ពី​លែប​ខាយ​ប្រពន្ធ​គេ

14 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ បុរស​ម្នាក់​​ស្លា.ប់​​នៅ​ក្នុង​បន្ទប់​ក្រោម​ផ្ទះ​ ដោយ​មាន​ស្នាម​របួស​​ដោយ​គ្រាប់​កាំភ្លើង។ ការ​ស្លា.ប់​នេះ​​សមត្ថ​កិច្ច​សន្និ​ដ្ឋាន​​ថា ជា​រឿង​ឃាត​កម្ម​គិត​ទុក​ជា​មុន ដោយ​​ខ្មាន់​កាំភ្លើង​លួច​បា.ញ់​១​គ្រាប់​ធ្លាយ​កញ្ចឹងក។ ​បុរស​រង​គ្រោះ​​ឈ្មោះ​អ៊ិត ម៉ាន ជន​ជាតិ​ខ្មែរ​អ៊ិស្លាម អាយុ​៥៧​ឆ្នាំ ​មាន​ទីលំនៅ​​ក្នុង​ភូមិ​ល្វាធំ ឃុំ​ព្រែក​សាម៉ាន់ ស្រុក​ឆ្លូង។ ហេតុ​ការណ៍​

ខេត្ត​ក្រចេះ ៖ បុរស​ម្នាក់​​ស្លាប់​​នៅ​ក្នុង​បន្ទប់​ក្រោម​ផ្ទះ​ ដោយ​មាន​ស្នាម​របួស​​ដោយ​គ្រាប់​កាំភ្លើង។ ការ​ស្លាប់​នេះ​​សមត្ថ​កិច្ច​សន្និ​ដ្ឋាន​​ថា ជា​រឿង​ឃាត​កម្ម​គិត​ទុក​ជា​មុន ដោយ​​ខ្មាន់​កាំភ្លើង​លួច​បាញ់​១​គ្រាប់​ធ្លាយ​កញ្ចឹងក។ ​បុរស​រង​គ្រោះ​​ឈ្មោះ​អ៊ិត ម៉ាន ជន​ជាតិ​ខ្មែរ​អ៊ិស្លាម អាយុ​៥៧​ឆ្នាំ ​មាន​ទីលំនៅ​​ក្នុង​ភូមិ​ល្វាធំ ឃុំ​ព្រែក​សាម៉ាន់ ស្រុក​ឆ្លូង។ ហេតុ​ការណ៍​បាញ់​សម្លាប់​នេះ​​គេ​សន្និ​ដ្ឋាន​ថា កើត​ឡើង​​នៅ​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ឧសភា។

តាម​ការ​រៀប​រាប់​របស់​ស្ត្រី​ជា​ប្រពន្ធ​​ឱ្យ​សមត្ថ​កិច្ច​ប៉ូលិស​ដឹង​ថា ​គាត់ និង​ប្តី​បាន​អង្គុយ​នៅ​មុខ​ផ្ទះ​រហូត​ដល់​ម៉ោង​១០​យប់ ​ទើប​ចូល​សម្រាក​រៀង​ៗ​ខ្លួន ដោយ​ប្តី​​គាត់​សម្រាក​ក្នុង​បន្ទប់​ក្រោម​ផ្ទះ​តែ​ម្នាក់​ឯង រីឯ​គាត់​​សម្រាក​នៅ​លើ​ផ្ទះ។ លុះ​ដល់​ពាក់​កណ្តាល​យប់​គាត់​​ឮ​សូរ​សំឡេង​ឆ្កែ​ព្រុស ​ក៏​​ចាប់​អំពូល​ភ្លើង​បំភ្លឺ។ ដោយ​​ឮ​សំឡេង​មនុស្ស​ស្រែក​ថ្ងូរ គាត់​​ចុះ​​ទៅ​បើក​ទ្វារ​​បន្ទប់​ក្រោម​ផ្ទះ​​មើល​​​ឃើញ​​មាន​ឈាម​ និង​ឃើញ​ប្តី​របស់​គាត់​ដេក​នៅ​លើ​គ្រែ​កំពុង​ត្រដរ​ខ្យល់​ដោយ​មាន​ស្នាម​របួស​ត្រូវ​គ្រាប់​កាំភ្លើង។

​លោក​វរសេនីយ៍ត្រី ហុង សុខលី អធិ​ការ​នគរ​បាល​ស្រុក​ឆ្លូង​មាន​ប្រសាសន៍​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៣ ឧសភា ថា បន្ទាប់​ពី​ការ​​ស្រាវ​ជ្រាវ​​របស់​សមត្ថ​កិច្ច​នៅ​កន្លែង​កើត​ហេតុ គឺ​ខ្មាន់​កាំភ្លើង​​បាន​បាញ់​ទៅ​លើ​បុរស​រង​គ្រោះ​១​គ្រាប់​ចំ​ស្មា​ខាង​ស្តាំ​ធ្លាយ​​ទៅ​កញ្ចឹងក បណ្តាល​ឱ្យ​​របួស​ធ្ងន់ និង​បាន​ស្លាប់​ពេល​បញ្ជូន​​ទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត។ លោក​អធិ​ការ​ស្រុក​​បញ្ជាក់​​ថា នៅ​កន្លែង​កើត​ហេតុ​ប៉ូលិស​​រក​ឃើញ​​សំបក​គ្រាប់​​​កាំភ្លើង​កា៤៧។ ករណី​នេះ​សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា ជា​រឿង​គំនុំ​ មិន​មែន​ជា​ករណី​ប្លន់​សម្លាប់​​ទេ ដោយ​ជន​រង​គ្រោះ​មិន​មាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​ណា​មួយ។ ករណី​នេះ​ប៉ូលិស​​កំពុង​តែ​តាម​​ស្រាវ​ជ្រាវ​រក​មុខ​សញ្ញា​ជន​ដៃ​ដល់​។

បើ​តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ ថា បុរស​រង​គ្រោះ​​ជា​មនុស្ស​ស្លូត​ត្រង់ មិន​ដែល​បង្ក​ជម្លោះ​ជា​មួយ​ប្រជា​ពល​រដ្ឋ​ក្នុង​ស្រុក​ភូមិ​ទេ តែ​​ជា​មនុស្ស​ចូល​ចិត្ត​​លែប​ខាយ​ប្រពន្ធ​គេ​ឯង​​ក្នុង​ភូមិ ដូច្នេះ​ប្រជា​ពល​រដ្ឋ​សន្និ​ដ្ឋាន​ថា គាត់​ស្លាប់​អាច​មក​ពី​រឿង​​លែប​ខាយ​ប្រពន្ធ​គេ​នោះ។ ទោះ​បី​ជា​បែប​ណា​ក្តី មូល​​ហេតុ​ពិត​ណា​មួយ​នោះ​មិន​ទាន់​អាច​និយាយ​បាន​ឡើយ​នៅ​ពេល​សមត្ថ​កិច្ច​មិន​ទាន់​ចាប់​បាន​ជន​ដៃ​ដល់៕