ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៣ មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដោយសារ​តែ​ព្រះ​តេជគុណ សាន សុ​ជា បាន​ចេញ​វី​ដេ​អូ ប្រកាស​ថា…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៣ មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដោយសារ​តែ​ព្រះ​តេជគុណ សាន សុ​ជា បាន​ចេញ​វី​ដេ​អូ ប្រកាស​ថា ព្រះ​អង្គ​សូម​នមស្សកា​លា និង​ចម្រើនពរ​លា​ពី​ភាព​ជា​ព្រះសង្ឃ ដោយ​ព្រះ​អង្គ​លាចាក​សិក្ខាបទ (​សឹក​) នៅ​ម៉ោង​៥​ល្ងាច (​ម៉ោង​នៅ​អូស្ត្រាលី​) ឬ​ប្រហែលជា​ម៉ោង​២​រសៀល​ម៉ោង​នៅ​ស្រុក​ខ្មែរ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មាន​រយៈពេល​ប្រមាណ​៣​នាទី ព្រះ​តេជគុណ សាន សុ​ជា មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​លាចាក​សិក្ខាបទ​របស់​ព្រះ​អង្គ​ឡើយ ។ ព្រះ​អង្គ​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​គង់នៅ​ប្រទេស​អូស្ត្រាលី​យូរ​ឆ្នាំ​មក​ហើយ ។ កន្លង​មក ព្រះ​តេជគុណ សាន សុ​ជា បាន​ផ្តល់​ការ​អប់រំ​ល្អ​ៗ​មាន​ប្រយោជន៍ ពិសេស​ព្រះ​អង្គ​លើក​ហេតុផល​ឱ្យ​ប្រជា​ពុទ្ធបរិស័ទ​យល់​ត្រូវ និង​យល់​ដោយ​បញ្ញា​ក្នុង​មាគ៌ា​ព្រះពុទ្ធ​សាសនា ។

ព្រះ​គ្រូ សាន សុ​ជា កើត​នៅ​ខែធ្នូ ឆ្នាំ​១៩៧៦ នៅ​ភូមិ​ទួល​តា​អុក ឃុំ​កំពង់​យោល ស្រុក​ទ្រាំង ខេត្តតាកែវ ។ សម្រាប់​ការ​ចូល​សាង​ផ្នូ​ស ព្រះ​គ្រូ សាន សុ​ជា បានឱ្យ​ដឹង​ថា ព្រះ​អង្គ​មិន​ដែល​នឹក​ស្រមៃ​ចង់​ចេញ​បួស​ទេ​គោល​គំនិត​ចង់​ធ្វើ​ជា​គ្រូបង្រៀន​ជា​អ្នកចម្រៀង និង​ជា​វិចិត្រករ ប៉ុន្តែ​ខ្សែជីវិត បច្ចុប្បន្ន​មិន​ឃ្លាតឆ្ងាយ​ពី​ស្រមោល​អតីតៈ​ដែល​ជា​ឧបនិស្ស័យ​ធ្លាប់​សន្សំ​មក​ឡើយ ។

ព្រះ​គ្រូ សាន សុ​ជា បាន​លាចាក​សិក្ខាបទ នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៣ ពី​ទឹកដី​ប្រទេស​អូស្ត្រាលី ក្រោយ​សាង​ផ្នួស​អស់​រយៈពេល ៣១​ឆ្នាំ ។ មុន​លាចាក​សិក្ខាបទ​ជា​ភិក្ខុ ព្រះ​តេជគុណ សាន សុ​ជា មាន​សង្ឃដីកា ប្រាប់​ដល់​ពុទ្ធបរិស័ទ​ថា «​ញាតិ​ញោម​អាច​ចាក​ចេញពី​អាត្មា​បាន តែ​កុំ​ចាក​ចេញពី​ព្រះធម៌​» ។

ព្រះ​គ្រូ សាន សុ​ជា លើក​ឡើង​ថា​«​ខ្ញុំ​ព្រះ​កុរ​ណា​សម្រេច​ដាក់ (​សឹក​) នៅ​ពេល​នេះ​មិនមែន​ព្រោះ​អ្វី​ទាំងអស់ គឺ​ព្រោះតែ​ជា​គោលការណ៍​ដំណើរ​ជីវិត​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ មិន​មាន​សម្ពាធ​អ្វី សូ​ម្បី​តែ​រស់នៅ​ទី​នេះ ប្រជា​ពុទ្ធបរិស័ទ​យកចិត្តទុកដាក់​» ។ ព្រះ​គ្រូ សាន សុ​ជា បាន​ផ្តាំ​ដល់​ពុទ្ធបរិស័ទ​ទាំងអស់​ថា ក្រោយ​ពេល​លាចាក​សិក្ខាបទ គ្រហស្ថ សាន សុ​ជា មិន​ទាមទារ​អ្វី​ពី​ពុទ្ធបរិស័ទ​ទៀត​ឡើយ ។ ពោល​លោក​នឹង​បន្ត​រស់នៅ​ដោយ​ពឹងផ្អែក​លើ​ខ្លួនឯង​។

ការ​សម្រេចចិត្ត​សឹក​របស់​លោកគ្រូ សាន សុ​ជា បាន​ធ្វើ​ឱ្យ​ពុទ្ធបរិស័ទ​ជា​ច្រើន រួម​ទាំង​ព្រះសង្ឃ បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល និង​សោកស្តាយ ។ លោកគ្រូ សាន សុ​ជា ជា​អតីត​ព្រះសង្ឃ​មួយ​អង្គ​ក្នុង​ចំណោម​ព្រះសង្ឃ​ជា​ច្រើន​ទៀត នា​សម័យកាល​នេះ​ដែល​ត្រូវ​បាន​មហាជន និង​ពុទ្ធបរិស័ទ តែងតែ​គោរព និង​ប្រតិបត្តិ​នូវ​ការ​ទូន្មាន​ព្រះធម៌​របស់​ព្រះ​អង្គ ។ ក្នុងអំឡុងពេល​សម្រេចចិត្ត​លាចាក​ផ្នួស ពេល​នេះ​លោកគ្រូ សាន សុ​ជា បាន​ផ្តាំ​ដល់​ពុទ្ធបរិស័ទ​ថា «​កុំ​ចង់បាន​របស់​ដែល​អត់ កុំ​ជាប់​នឹង​របស់​ធ្លាប់​មាន អ្វី​ៗ​មាន​ហេតុ​ទើប​កើតឡើង​»​។

កន្លង​មក ក៏​មាន​ព្រះសង្ឃ​មិន​តិច​អង្គ​ទេ ដែល​បាន​និមន្ត​ទៅ​គង់នៅ​អា​មេ​រិ​ក បារាំង កា​ណា​ដា និង​អូស្ត្រាលី​ជាដើម ហើយ​ក៏​បាន​សម្រេចចិត្ត​សឹក​លាចាក​ផ្នួស ។ អតីត​ព្រះសង្ឃ​ដែល​ទទួល​ការ​គាំទ្រ​ពី​ប្រជា​ពុទ្ធបរិស័ទ​ទាំងនោះ​ក៏​បាន​បន្ត​រស់នៅ​ជា​ប្រជាពលរដ្ឋ​ធម្មតា នៅ​តាម សហគមន៍​ខ្មែរ​យើង​នៅ​បារាំង អា​មេ​រិ​ក កា​ណា​ដា និង​នៅ​អូស្ត្រាលី ហើយ​យកប្រពន្ធ និង​មានកូន ប្រកប​របរ​ចិញ្ចឹមជីវិត​ជា​ធម្មតា ។

យ៉ាងណា​ក៏​ដោយ​ចុះ ករណី​របស់​លោកគ្រូ សាន សុ​ជា ក៏​មិន​ខុស​ពី​អតីត​ព្រះសង្ឃ​ជា​ច្រើន​កន្លង​មក​ទេ ។ លោកគ្រូ សាន សុ​ជា ក្នុង​ភាព​ជា​គ្រហស្ថ ក្នុង​វ័យ​៤៧​ឆ្នាំ នៅ​ឆ្នាំ​នេះ​ក៏​អាច​រៀប​ការ​ប្រពន្ធ និង​កសាង​គ្រួសារ ហើយ​បន្ត​រស់នៅ​ប្រទេស​អូស្ត្រាលី ក្នុង​ជីវិត​ដូច​ពលរដ្ឋ​ខ្មែរ​យើង​ផ្សេង​ទៀត ។

ធម្មទាន​របស់​លោកគ្រូ សាន សុ​ជា ក៏​នៅ​តែ​មាន​តម្លៃ​សម្រាប់​ប្រជា​ពុទ្ធបរិស័ទ​តាម​រយៈ​ការ​ទស្សនា និង​ស្តាប់​តាម​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប ។ ជាង​នេះ​ទៅ​ទៀត ទោះជា​ភាព​ជា​ក្នុង​ភាព​គ្រហស្ថ ប៉ុន្តែ​លោកគ្រូ សាន សុ​ជា ក៏​អាច​បន្ត​ចែករំលែក ឬ​ក៏​បង្រៀន​ធម៌​ដល់​ប្រជា​ពុទ្ធបរិស័ទ ឬ​ក៏​បង្រៀន​ព្រះសង្ឃ​ក៏​បាន​ដូច​អ្វី​ដែល​លោកគ្រូ​ៗ ជា​ច្រើន​នាក់​បាន​ធ្វើ​កន្លង​មក ក្នុង​នោះ​មាន​ទាំង​លោកគ្រូ ប៊ុត សា​វង្ស ជាដើម ។

សំខាន់​ពេល​នេះ មិន​អាស្រ័យ​លើ​លោកគ្រូ សាន សុ​ជា នៅ​ជា​ព្រះសង្ឃ ឬ​ក៏​សឹក​ជា ឧបាសក ​ទេ តែ​សំខាន់​ប្រជា​ពុទ្ធបរិស័ទ​ម្នាក់​ៗ សូម​សាង​ចិត្ត​ឱ្យ​ជ្រះថ្លា គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា ហើយ​ជឿ​ដោយ​បញ្ញា ធ្វើ​តែ​អំពើ​ល្អ និង​យ៉ាង​ហោច​ណាស់ ពុទ្ធបរិស័ទ​សុំ​កាន់​ត្រឹមតែ​សីល​៥ គឺ​១-​មិន​ផឹកស្រា ២-​មិន​លួច​របស់​គេ ៣-​មិន​ប្រព្រឹត្តិ​ខុស​ក្នុង​កាម ៤-​មិន​និយាយ​កុហក់ និង​៥-​មិន​សម្លាប់សត្វ ។ នោះ​សង្គម​គ្រួសារ និង​សង្គម​ជាតិ​យើង​នឹង​បាន​សុខសាន្ត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ